នយោបាយ

រដ្ឋាភិបាល​ប្រទេស​ស្វីស​សន្យា​ផ្តល់​លុយ​ជាង​៦លាន​ដុល្លារ​ដល់​កម្ពុជា​ សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​

By ឌឹ ខេមបូឌា ដេលី

June 06, 2019

រដ្ឋាភិបាល​ស្វីស​សន្យា​ផ្ដល់​ជំនួយ​សម្រាប់​សកម្មភាព​ដោះ​មីន​នៅ​កម្ពុជា​រយៈ​ពេល​៥​ឆ្នាំ​បន្ត​ទៀត​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៦​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​ ​

ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​មីន​បាន​ចុះ​ផ្សាយ​កាលពី​ម្សិលមិញ​ថា​ ប្រទេស​ស្វីស​បាន​សន្យា​ថា​ ខ្លួន​នឹង​ផ្ដល់​ថវិកា​ប្រមាណ​៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​គាំទ្រ​ដល់​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២៥​បន្ត​ទៀត។ ​ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ស្រី ​Carin Salerno ​នាយក​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហ​ប្រតិបត្តិការ​ប្រចាំ​កម្ពុជា​​និង​​លោក​លី ធុជ ​អនុ​ប្រធាន​ទី​១​អាជ្ញាធរ​មីន​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ។​

បើ​តាម​អាជ្ញាធរ​មីន ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​រហូត​ដល់​ឆ្នាំ​២០១៩​នេះ ​ ប្រទេស​ស្វីស​បាន​ផ្ដល់​ថវិកា​គាំទ្រ​ដល់​ការ​បោស​សម្អាត​មីន​ប្រមាណ​ជាង​ ៧​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​រួច​មក​ហើយ។​

កម្ពុជា​បាន​ប្ដេជ្ញា​បោស​សម្អាត​មីន​ឲ្យ​អស់​ពី​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ ដែល​ត្រូវ​ការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​អាមេរិក​ទៀត៕