មន្រ្តីជាន់ខ្ពស់នគរបាលជាតិនៃក្រសួងមហាផ្ទៃឲ្យដឹងថា បទល្មើសលៀងលុយទុច្ចរិតកើនឡើងក្នុងឆមាសទី១ ហើយករណីនេះមានភាពប្រទាក់ក្រឡាគ្នាស្មុគស្មាញតាមរយៈការនាំចូលលុយសុទ្ធ បច្ចេកវិទ្យាទំនើបហិរញ្ញវត្ថុ និងតាមរយៈធនាគារចូលមកកម្ពុជា។
កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខលោកឌី វិជ្ជាចុះផ្សាយថា សម្ទុះនៃបទល្មើសកើនឡើងបែបនេះតម្រូវឲ្យសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ និងត្រូវមានការបណ្តុះបណ្តាលជំនាញមន្ត្រីឲ្យទាន់ឧក្រិដ្ឋជន។
លោកឌី វិជ្ជាបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួន និងបង្ក្រាបបាននូវការនាំចូលសាច់ប្រាក់ផ្ទាល់ដ៏ច្រើនលើសលប់តាមព្រលានយន្តហោះប្រមាណជាជាង៤លានដុល្លារសហរដ្ឋអាមេរិក ហើយសាច់ប្រាក់ទាំងនោះត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ពីបទល្មើសសម្អាតប្រាក់។
ក្នុងរយៈពេលដូចគ្នានេះដែរក៏មានបទល្មើសលៀងលុយទុច្ចរិតតាមរយៈលំហូរចេញចូលនៃបច្ចេកវិទ្យា ឬតាមរយៈធនាគារមានទឹកប្រាក់ជិត១០ លានដុល្លារសហរដ្ឋអាមេរិកដែលត្រូវបានរកឃើញថា ជាលុយទុច្ចរិត៕