រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានព្យាយាមប្រាប់ទៅប្រតិភូសហភាពអឺរ៉ុបថា កម្ពុជានៅតែត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់អឺរ៉ុបបន្តទៀត។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុនជាមួយប្រតិភូអឺរ៉ុប ដែលដឹកនាំដោយអគ្គលេខាធិការរងនៃមន្ទីរការបរទេសសហភាពអឺរ៉ុប លោកJean-Christophe Balliard នៅព្រឹកថ្ងៃទី៦ខែមិថុនា ភាគីទាំងពីរបានពិភាក្សាលើទំនាក់ទំនងការទូតមួយចំនួន ក្នុងនោះក៏មានការពិភាក្សាពីប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប EBAផងដែរ។
ថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកេត សោផាន់ អះអាងថា កម្ពុជានៅតែរក្សាជំហរធ្វើការជាមួយអឺរ៉ុបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធមួយនេះ។ ប៉ុន្តែលោកបញ្ជាក់ថា កម្ពុជាមិនអាចយកអធិបតេយ្យទៅប្ដូរ EBAបាននោះទេ ប៉ុន្តែលោកថា កម្ពុជាក៏ស្នើឲ្យប្រតិភូអឺរ៉ុប គប្បីមើលឲ្យឃើញពីការវិវត្តជាវិជ្ជមានជាក់ស្តែងរបស់កម្ពុជាខ្លះផង។
ក្នុងសប្តាហ៍នេះ ទាំងប្រតិភូអឺរ៉ុបនិងអាមេរិកកំពុងមានវត្តមាននៅ កម្ពុជាដើម្បីបំពេញបេសកកម្មស្វែងរកការណ៍ពិតរបស់ខ្លួន ក្នុងការសម្រេចថា នឹងត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់អឺរ៉ុប និងGSPរបស់សហរដ្ឋអាមេរិក នៅពេលខាងមុខ ឬយ៉ាងណា។
ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSPត្រូវបានផ្ដល់មកកម្ពុជាជាមួយលក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយតាមរយៈប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ បានជួយដល់កម្ពុជានាំទំនិញគ្រប់យ៉ាងចូលទៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយរួចផុតពីកាតព្វកិច្ចបង់ពន្ធគយ ដែលមានតម្លៃប្រមាណជិត១ពាន់លានដុល្លារក្នុងមួយឆ្នាំ។
កាលពីខែកុម្ភៈ ប្រទេសមហាអំណាចប្លុកលោកសេរី បានសម្តែងកង្វល់ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ប៉ុន្តែអាមេរិកក៏បានបង្ហាញផ្លូវថា កម្ពុជានឹងរួចផុតពីបញ្ហាប្រឈមនៃការខាតបង់នេះ ដោយគ្រាន់តែស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សតាមការចង់បានរបស់ប្លុកលោកសេរីជាការស្រេច៕