ទស្សនៈ

មន្ត្រី​កម្ពុជា​នាំគ្នា​ប្រតិកម្ម​នឹង​សម្តី​នាយក​រដ្ឋ​មន្ត្រី​​​សិង្ហបុរី​ករណី​វៀតណាម​ឈ្លានពាន​កម្ពុជា​

By ឌឹ ខេមបូឌា ដេលី

June 08, 2019

មេ​ដឹកនាំ​ និង​ក្រុម​មន្រ្តី​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​នាំគ្នា​ប្រតិកម្ម​នឹង​សម្តី​នាយក​រដ្ឋមន្រ្តី​សិង្ហ​បុរី​ដែល​អះអាង​ថា ​វៀត​ណាម​ចូល​ឈ្លាន​ពាន​កម្ពុជា។ ​

លោក​ហ៊ុន សែន​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ទាំង​កណ្តាល​យប់​ថ្ងៃ​ទី​៦​មិថុនា ​ដោយ​ចោទ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ លោក​លី ស៊ានឡុង​ថា​ គាំទ្រ​របប​ខ្មែរក្រហម។​

មេ​ដឹកនាំ​ដែល​រង​ការ​រិះគន់​ថា ​ឡើង​កាន់​អំណាច​តាម​ការ​លើក​បន្តុប​របស់​វៀតណាម​រូបនេះ​បន្ត​ទៀត​ថា ​លោក​សោក​ស្ដាយ​ជា​ខ្លាំង​ ដែល​លោក​លី ស៊ានឡុង​បាន​ចាត់​ទុក​ការណ៍​ដែល​កងទ័ព​វៀតណាម​ លើក​ទ័ពចូល​លុកលុយ​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៧៩​ ថា​ ជាការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​ទឹកដី​កម្ពុជា។​

មេ​ដឹកនាំ​រូប​នេះ​ចោទ​ប្រកាន់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ថា​ ចង់​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ និង​ថា​ នេះជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កងទ័ព​វៀតណាម។​

ក្រៅពី​លោក​ហ៊ុន សែន​ថ្លែង​ការពារ​ថា​  វៀតណាម​ចូល​មក​កម្ពុជា​កាលពី​ឆ្នាំ​១៩៩៧​ជា​ការ​ជួយ​រំដោះ​កម្ពុជា​ក៏មាន​មន្រ្តី​ផ្សេង​ទៀត​ដូច​ជា​រដ្ឋមន្រ្តី​ក្រសួង​ការរទេស​ និង​អ្នក​នាំពាក្យ​រដ្ឋាភិបាល​របស់​លោក​ជាដើម​ក៏​និយាយ​ស្រដៀង​គ្នា​ទៅ​នឹង​លោក​ហ៊ុន សែន​ដែរ។​

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឈុំ សុជាតិ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី​៧​​ខែ​មិថុនា​ដោយ​ចោទ​ថា​ លោក​លី ស៊ានឡុង​កំពុង​ភាន់​ច្រឡំ​ចំពោះ​ប្រវត្តិ​សាស្រ្ត។​

លោក​បន្ត​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​យុទ្ធជន​កម្ពុជា ​និង​ពលរដ្ឋ​កម្ពុជា​ចេះ​ទទួល​ស្គាល់​ការណ៍​ពិត​ នៃ​ការ​ធ្វើ​ពលិកម្ម​របស់​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម។​ បើ​គ្មាន​ការ​ចូល​រួម​ពី​កងទ័ព​វៀតណាម​ក្នុង​ការ​វាយ​ផ្តួល​រំលំ​របប​ប៉ុលពត​ទេ ​ម្ល៉េះ​ពេល​នោះ ​ប្រជាជន​កម្ពុជា​ត្រូវ​ពួក​ប៉ុល ពត​ សម្លាប់​យ៉ាង​អយុត្តិធម៌​ ហើយ​គ្មាន​បរទេស​ណា​ជួយ​រក​យុត្តិធម៌​នោះ​ឡើយ។​

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​រូប​នេះ​យល់​ថា ​នាយក​រដ្ឋ​មន្រ្តី​សិង្ហបុរី​ គួរ​តែកែ​តម្រូវ​ការ​លើក​ឡើង​ដោយ​ភាន់​ច្រឡំ​ប្រវត្តិ​សាស្រ្ត ​ខ្វះ​សច្ចភាព​ ដែល​អាច​បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ជាមួយ​កងទ័ព​រណ​សិរ្យ​សាមគ្គី​ សង្គ្រោះ​ជាតិ​ក្នុង​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត។​

ប្រតិកម្ម​ទាំង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​លោក​លី ស៊ានឡុង​លើក​ឡើង​ជា​សាធារណៈ​ថា​អន្តរាគមន៍​របស់​កងទ័ព​វៀតណាម​ក្នុង​ការ​វាយ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩​នោះ ​គឺជា​អំពើ​ឈ្លានពាន​ ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​តំបន់។​

អ្នក​សិក្សា​ប្រវត្តិ​សាស្ត្រ​និង​អ្នក​វិភាគ​ឯករាជ្យ​យល់​ថា​  សម្តី​របស់​មេ​ដឹកនាំ​សិង្ហបុរី​រឿង​វៀតណាម​ឈ្លានពាន​កម្ពុជា​នេះ​ គឺជា​ការ​លាត​ត្រដាង​ប្រវត្តិ​សាស្ត្រ​ពិត​តែ​ប៉ុណ្ណោះ។​

ពួក​គេ​យល់​ថា ​វៀតណាម​បាន​ចូល​ឈ្លាន​ពាន​កម្ពុជា​ដោយ​យក​លេស​ថា​ ជួយ​រំដោះ​កម្ពុជា ​ហើយ​បញ្ជូន​កងទ័ព​របស់​ពួកគេ​ ចូល​លុក​លុយ​កម្ពុជា​ដោយ​មាន​ការ​រៀបចំ​ទុក​ជា​មុន។ ​ប្រវត្តិ​វិទូ​ជាច្រើន​និយាយ​ថា​ ​ការ​ឈ្លានពាន​ដំបូង​បង្អស់​របស់​វៀតណាម​គឺ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​២៥​ ​ខែ​ធ្នូ​ឆ្នាំ​១៩៧៨​និង​ក្រោយ​មក​ទៀត​គឺ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩៕​