កូនប្រុសបង្កើតរបស់លោកហុក ឡងឌីបានថ្លែងការពារឪពុកក្មេករបស់លោកគឺលោកហ៊ុន សែនថា មិនបានសម្លាប់លោកឪពុកបង្កើតរបស់លោកនោះទេ។
កូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិរូបនេះអះអាងថា ឪពុករបស់លោកស្លាប់ដោយសារអាកាសធាតុមានខ្យល់មិនល្អទើបបណ្តាលឧទ្ធម្ភាគចក្រជួបឧបទ្ទវហេតុដូច្នេះ។
លោកអះអាងករណីគ្រោះថ្នាក់នេះមិនមែនផែនការរបស់លោកហ៊ុន សែនដូចការចោទប្រកាន់របស់លោកសម រង្ស៊ីនោះទេ។
ប្រតិកម្មដ៏កម្ររបស់កូនប្រសារលោកហ៊ុន សែនបែបនេះគឺជាលើកទីមួយក្នុងការឆ្លើយតបទៅលោកសម រង្ស៊ីដែលតែងតែងចោទប្រកាន់ថា លោកហ៊ុន សែនជាអ្នករៀបចំផែនការសម្លាប់លោកហុក ឡងឌីព្រោះមេប៉ូលិសរូបនេះដឹងរឿងសម្ងាត់របស់លោកហ៊ុន សែនច្រើនពេក។
សារព័ត៌មានរបស់លោកហ៊ុន សែនគឺFresh News បានដកស្រង់សម្តីលោកឌី វិជ្ជាចុះផ្សាយថា ពេលនេះ លោកកំពុងឲ្យមេធាវីសិក្សាផ្នែកច្បាប់ដើម្បីប្ដឹងលោកសម រង្ស៊ី ព្រោះលោកសម រង្ស៊ីមានចេតនាផ្សព្វផ្សាយព័ត៌មានប្រតិដ្ឋញុះញង់ដើម្បីធ្វើឲ្យមតិជាតិ និងអន្តរជាតិភ័ន្តច្រឡំ។
ក្នុងសំណុំរឿងនេះដែរ លោកហ៊ុន សែននិងលោកស ខេង កាលពីថ្ងៃទី៧ខែមិថុនា បានរួមគ្នារៀបចំប្ដឹងលោកសម រង្ស៊ីទៅតុលាការប្រទេសបារាំងករណីលោកសម រង្ស៊ីចោទលោកហ៊ុន សែនថា ជាអ្នកសម្លាប់លោកហុក ឡងឌី ប៉ុន្តែលោកសម រង្ស៊ីជំរុញឱ្យរបបក្រុងភ្នំពេញប្ដឹងលោក៣ករណីបន្ថែមទៀតទៅតុលាការប្រទេសបារាំង ពាក់ព័ន្ធឃាតកគប់គ្រាប់បែកសម្លាប់មនុស្សនៅឆ្នាំ១៩៩៧ ការបញ្ជាឃាតក បាញ់សម្លាប់បណ្ឌិតកែម ឡី កាលពីឆ្នាំ២០១៦ និងករណីឃាតកម្ម អ្នកស្រីពិសិដ្ឋ ពីលីកា កាលពីឆ្នាំ១៩៩៩ដែរ។
លោកសម រង្ស៊ីនៅតែរក្សាជំហររបស់ដដែលថា លោកហ៊ុន សែនជាអ្នកបញ្ជាឱ្យសម្លាប់លោកហុក ឡងឌី ហើយពេលនេះថា កូនប្រុសរបស់លោកហុក ឡងឌីគឺលោកឌី វិជ្ជាដែលជាត្រូវជាកូនប្រសាររបស់លោកហ៊ុន សែនដែរនោះកំពុងរៀបចំផែនការជាមួយលោកស ខេងដើម្បីរកវិធីសងសឹកលោកហ៊ុន សែនវិញ។
លោកសម រង្ស៊ីអះអាងថា ឃាតកម្មទៅលើលោកហុក ឡង់ឌីដែលរៀបចំឡើងដោយលោកហ៊ុន សែននេះដោយសារតែលោកហុក ឡងឌីដឹងរឿងអាក្រក់របស់លោកហ៊ុន សែនច្រើនពេក។
លោកហុក ឡងឌីដែលជាអគ្គស្នងការនគរបាលជាតិបានស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រមួយកាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០០៨នៅខេត្តស្វាយរៀង។ របាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ករណីស្លាប់នេះបណ្តាលមកពីអាកាសធាតុអាក្រក់ដែលមានភ្លៀងធ្លាក់ខ្លាំង និងរន្ទៈ៕