គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់ញត្តិទៅរដ្ឋសភានៅថ្ងៃទី១១ខែមិថុនានេះដើម្បី ស្នើឱ្យរដ្ឋសភាកោះហៅរដ្ឋាភិបាលបំភ្លឺលើគម្រោងអភិវឌ្ឍន៍បឹងតាមោក។ គណបក្សនេះព្រួយបារម្ភថា ផ្ទៃបឹងទាំងមូលអាចត្រូវរំលោភបំពានឬត្រូវលុបលើសតម្រូវការ ក្រោមហេតុផលអភិវឌ្ឍន៍នេះ។
ចំណែកអ្នកនាំពាក្យរដ្ឋសភាឲ្យដឹងក្រោយទទួលញត្តិ នេះថា មន្រ្តីរដ្ឋ សភាកំពុងពិនិត្យមើលញត្តិនេះ។ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកយ៉េង វីរៈប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សរបស់លោកព្រួយបារម្ភថា គម្រោងអភិវឌ្ឍ៍របស់រដ្ឋាភិបាលដែលអាចបង្កឲ្យមានការចាក់ដីលុបបឹងតាមោកនេះលើសពីគម្រោង។
លោកបន្តថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានកង្វល់បែបនេះព្រោះធ្លាប់មានគំរូមិនល្អក្នុងករណីលុបបឹងក្នុងរាជធានីភ្នំពេញរួចមកហើយ ហើយចំពោះគម្រោងលុបបឹងតាមោកនេះទៀតសោតរដ្ឋាភិបាលក៏មិនទាន់បញ្ជាក់ច្បាស់លាស់ថា ត្រូវលុបពីណុចណាដល់ចំណុចណានៅឡើយទេ។
សំណើ និងកង្វល់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបែបកើតមាននេះខណៈ អាជ្ញាធរកំពុងចាក់ដីលុបបឹងតាមោកបណ្ដើរៗ។ សាលារាជធានីភ្នំពេញមានគម្រោងលុបបឹងចំនួន២០ហិកតា ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។
របាយការណ៍សមាគមធាងត្នោតឱ្យដឹងថាបឹងតាមោកមានព្រំប្រទល់ជាប់នឹងខណ្ឌចំនួនពីរគឺព្រែកព្នៅ និងសែនសុខ ដែលមាន១៩ភូមិ៥សង្កាត់។ ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងនោះបានអាស្រ័យផលពីបឹងមានដូចជាការធ្វើស្រែ រកត្រី និងដាំដំណាំជាដើម។ រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកចំនួន២០ហិកតាតាមសំណើរបស់សាលារាជធានីភ្នំពេញដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត កាលពីខែមិថុនាឆ្នាំ២០១៨កន្លងទៅ។
កាលពីដើមខែកុម្ភៈឆ្នាំ២០១៦រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋដែលមានផ្ទៃដីសរុបជាង៣ពាន់ហិកតា(៣២៣៩)សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។ បឹងតាមោកនេះគឺជាបឹងធំចុងក្រោយ នៅរាជធានីភ្នំពេញបន្ទាប់ពីបឹងធំៗជាច្រើនត្រូវបានលុបក្រោមលេសគម្រោងអភិវឌ្ឍន៍ដូចជាបឹងកក់ បឹងទំពុន បឹងក្រពើ បឹងស្នោ បឹងត្របែក និងបឹងពោងពាយជាដើម។
ការលុបបឹងធម្មជាតិជាបន្តបន្ទាប់ ក៏បានធ្វើឲ្យរាជធានីភ្នំពេញជួបបញ្ហាជំនន់ទឹកភ្លៀងស្ទើរជារៀងរាល់ឆ្នាំ ដោយសារខ្វះទីតាំងរំដោះទឹកចេញឱ្យទាន់ពេលវេលា៕