28 C
Phnom Penh

សហភាពអឺរ៉ុបជំរុញឲ្យកម្ពុជាពិចារណាកែលំអស្ថានការណ៍សិទ្ធិមនុស្សដើម្បីកុំឲ្យបាត់EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបព្រមានថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមស្តារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញដោយពិតប្រាកដទេ នោះ កម្ពុជានឹងមិនអាចចៀសផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះឡើយ EBA ឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបដែលទើបចេញផ្សាយកាលពី ២ថ្ងៃមុននេះដែលធ្វើឡើងបន្ទាប់ពីគណៈប្រតិភូអឺរ៉ុបបញ្ចប់ដំណើរបេសកកម្មលើកទី២របស់ខ្លួនមកកាន់ប្រទេសកម្ពុជា កាលពីសប្ដាហ៍មុន ដើម្បីស្វែងរកការណ៍ពិតករណីរំលោភសិទ្ធិមនុស្សសិទ្ធិការងារនិងលទ្ធិប្រជាធិបតេយ្យនោះឲ្យដឹងថា គណៈប្រតិភូអឺរ៉ុប បានលើកយកបញ្ហាធំៗមួយចំនួនទៅពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាដូចជាករណីសិទ្ធិនយោបាយ សេរីភាពប្រមូលផ្ដុំ សិទ្ធិបញ្ចេញមតិ និងសិទ្ធិដីធ្លី។

សហភាពអឺរ៉ុបអះអាងថា ខ្លួនចង់ឃើញរដ្ឋាភិបាលកម្ពុជាបង្កើនការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារដ៏គួរឲ្យជឿទុកចិត្តបានដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ សហភាពអឺរ៉ុបឲ្យដឹងទៀតថា ដំណើរការវាយតម្លៃ និងត្រួតពិនិត្យកាតព្វកិច្ចសិទ្ធិមនុស្សនៅកម្ពុជានេះនឹងបញ្ចប់នៅពាក់កណ្ដាលខែសីហាខាងមុខ ហើយនឹងធ្វើរបាយការណ៍មួយ ដែលបង្ហាញនូវការរកឃើញ និងធ្វើសេចក្ដីសន្និដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចលោកសុខ ឥសានបានប្រាប់សារព័ត៌មានក្នុងស្រុកថា កម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ខ្លួនទៅដូរជាមួយEBAនោះឡើយ ហើយថា បើ EUមិនដាក់ទណ្ឌកម្មលើកម្ពុជា ក៏កម្ពុជាគង់តែនឹងត្រូវបាត់បង់EBAដដែល។

ផ្ទុយពីការលើកឡើងនេះ ប្រធានអង្គការតម្លាភាពកម្ពុជា លោកព្រាប កុលបានសរសេរនៅលើគណនីហ្វេសបុករបស់លោកនៅថ្ងៃនេះថា ប្រសិនបើសហភាពអឺរ៉ុបមិនដាក់ទណ្ឌកម្មដកប្រព័ន្ធអនុគ្រោះពន្ធនេះ នោះសហភាពអឺរ៉ុបនឹងបន្តផ្តល់ EBAឲ្យកម្ពុជារយៈពេល ១០ឆ្នាំទៅមុខទៀតហើយមិនមែនជាការដកភ្លាមៗនោះទេ។ ប៉ុន្តែបើកម្ពុជាមិនព្រមកែលម្អស្ថានការណ៍សិទ្ធិមនុស្ស ជាពិសេសសិទ្ធិនយោបាយទេ នោះកម្ពុជានឹងបាត់បង់ EBA នៅឆ្នាំ២០២០នេះតែម្តង។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ EBA នេះ ត្រូវបានផ្ដល់មកឲ្យកម្ពុជាដោយភ្ជាប់ជាមួយលក្ខខណ្ឌសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលអាចឲ្យកម្ពុជានាំទំនិញគ្រប់មុខទៅកាន់ទីផ្សារអឺរ៉ុបដោយរួចផុតពីការបង់ពន្ធក្នុងតម្លៃជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស