38 C
Phnom Penh

ក្រុមនិស្សិតនាំគ្នាគាំទ្រសម្តីរបស់នាយករដ្ឋមន្ត្រី​នៃប្រទេសសិង្ហបុរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​អ្វី​ដែល​ នាយក​រដ្ឋមន្ត្រី​ប្រទេស​សិង្ហ​បុរី​លោក​លី សៀនឡុង​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ថា​ វៀតណាម​បាន​ឈ្លាន​ពាន​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៧៩។​

សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​សមាគម​នេះ​គាំទ្រ​ សម្តី​របស់​លោក​លី សៀនឡុង​គឺ​ដោយសារ​ក្រោយ​ពេល​វៀតណាម​បញ្ជូន​កងទ័ព​ជាង​២០​ម៉ឺន​នាក់​មក​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ វៀតណាម​មិន​ព្រម​ដក​កងទ័ព​ត្រឡប់​ទៅ​វិញ​ភ្លាមៗ​ឡើយ ​ដោយ​រង់​ចាំ​១០​ឆ្នាំ​ក្រោយ​ទើប​ដកទ័ព​ចេញ។ ​សមាគម​ នេះ​បញ្ជាក់​ថា​ វៀតណាម​បាន​រៀប​រចនា​សម្ព័ន្ធ​គ្រប់គ្រង​កម្ពុជា​ ដែល​រំលោភ​ទៅ​នឹង​ច្បាប់​អន្តរជាតិ​យ៉ាង​ពិតប្រាកដ។​

បន្ថែម​ពី​នេះ​ទៀត ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ពេល​នោះ ​ដែល​លើក​បន្តុប​ដោយ​វៀតណាម​ ចុះ​ហត្ថលេខា​ទទួល​យក​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨១, ឆ្នាំ​១៩៨២​និង​ឆ្នាំ​១៩៨៥​ ដែល​បាន​កាត់​ដែនកោះ​របស់​កម្ពុជា​ពិសេស​កោះត្រល់​ទៅ​ឱ្យ​វៀតណាម​ និង​បង្ខំ​ឱ្យ​អនុវត្ត​ផែនការ​ក៥​ និង​ការ​បញ្ជូន​អន្តោ​ប្រវេសន៍​វៀតណាម​រាប់​ម៉ឺន​នាក់​មក​រស់​នៅ​កម្ពុជា​ដោយ​ខុសច្បាប់​ថែម​ទៀត​ផង។​

សមាគម​ដដែល​នេះ​អះអាង​ថា ​ កងទ័ព​វៀតណាម​ព្រម​ដក​ចេញ​ពី​កម្ពុជា​ពុំមែន​ដក​ដោយ​ឆន្ទៈ​ពិត​ប្រាកដ​នោះ​ឡើយ​ ប៉ុន្តែ​ជា​ការ​រង​សម្ពាធ​អន្តរជាតិ​តែ​ប៉ុណ្ណោះ។ ​

យ៉ាង​ណា​សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏​បាន​ទទួល​ស្គាល់​ថា​ វៀតណាម​​តាមរយៈ​លោក​ប៉ែន សុវណ្ណ ​លោក​ហ៊ុន សែន ​លោក​ហេង សំ រិន​លោក​ជា ស៊ីម​និង​ក្រុម​អ្នក​ស្នេហាជាតិ​ផ្សេង​ទៀត​ ពិតជា​បាន​ជួយ​រំដោះ​កម្ពុជា​ឱ្យ​ចាក​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ផង​ដែរ។​

កាលពី​ចុង​ខែ​ឧសភា ​លោក​លី សៀនឡុង​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ព្រេម​ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា​នោះ ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ប្រឆាំង​វៀតណាម​ដែល​ចូល​ឈ្លាន​ពាន​កម្ពុជា​នៅ​ដើម​ឆ្នាំ​១៩៧៩។​ ក្រោយការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​នេះ ​មាន​ប្រតិកម្ម​បន្ត​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​និង​វៀតណាម។​

កាលពី​ថ្ងៃ​ទី​៥​ខែ​មិថុនា​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​អ្នកស្រី​Le Thi Thu Hang​បាន​បញ្ជាក់​ថា​ ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​នោះ​ទេ។​ អ្នក​ស្រី​បញ្ជាក់​ថា​ ​អន្តរាគមន៍​របស់​កងទ័ព​វៀតណាម​ពេល​នោះ​គឺ​វៀតណាម​ជួយ​ដោយ​ស្មោះ​ចង់​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។​ មួយ​ថ្ងៃ​ក្រោយ​មក​លោក​ហ៊ុន សែន​អះអាង​ថា ​ការ​ថ្លែង​របស់​លោក​លី គឺ​ជា​គាំទ្រ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ និង​ជា​ការ​ប្រមាថ​អាយុ​ជីវិត​ប្រជាជន​ខ្មែរ។​

ក្រោយ​ប្រតិកម្ម​ទាំង​នោះ ​ប្រទេស​សិង្ហបុរី​ ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ​បន្ថែម​ទៀត ​ដោយ​ថា ​រដ្ឋាភិបាល​សិង្ហបុរី ​ បាន​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​សម្រេច​លើ​ជោគ​វាសនា​អនាគត​របស់​ខ្លួន​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ក្នុង​អតីត​កាល​ប៉ុណ្ណោះ៕ ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស