ទស្សនៈ

ក្រសួង​សុខាភិបាល​ព្រមាន​កន្លែង​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ទូទៅ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​សម្រាក​លើស​ពី​២៤​ម៉ោង​

By ឌឹ ខេមបូឌា ដេលី

June 19, 2019

ក្រសួង​សុខាភិបាល​អះអាង​ថា​  បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ទូទៅ​គឺ​គ្រាន់តែ​ជា​កន្លែង​ពិនិត្យ​រក​មុខ​សញ្ញា​នៃ​ជំងឺ​ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ពិនិត្យ​ឬ​អ្នក​ជំងឺ​សម្រាក​ព្យាបាល​លើសពី​២៤​ម៉ោង​ឡើយ ​និង​មិន​អនុញ្ញាត​ឲ្យ​ដាក់តាំង​លក់​ឱសថ​ក្នុង​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទៀត​ផង។​

លិខិត​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ព្រមាន​ចំ​ឈ្មោះ​កន្លែង​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​ទូទៅ​ឈ្មោះ «ហម ឡុង»​នៅ​សង្កាត់​មនោរម្យ ​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ ​ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​គ្រុនឈាម​សម្រាក​ព្យាបាល​រហូត​ដល់​ទៅ​៩​ថ្ងៃ។​

ក្រសួង​លើក​ឡើង​ករណី​នេះ​ថា​ជា​ករណី​ខុសពី​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​ក្រសួង ​ដែល​ចុះ​នៅ​ថ្ងៃទី​២៩ ​ខែ​មីនា​ឆ្នាំ​២០១៨ ​ដោយ​ហាម​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ​ មាន​គ្រែ​សម្រាក ​និង​ព្យាបាល​មិន​ឲ្យ​លើស​ពី​២៤​ម៉ោង​ឡើយ។​ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា  បើ​ម្ចាស់​បន្ទប់​ពិគ្រោះ ​និង​ព្យាបាល​ជំងឺ​ទូទៅ​មិន​ព្រម​គោរព​មាន​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​​សុខាភិបាល​ទេ​នោះ ​ ក្រសួង​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់។ ​

ការ​ចេញ​លិខិត​ព្រមាន​នេះ​ធ្វើឡើង​​ក្រោយ​ពេល​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ទាក់ទង​ករណី​តវ៉ា​របស់​អ្នក​ជំងឺ​គ្រុនឈាម​ដែល​បាន​សម្រាក​និង​ព្យាបាល​នៅ​កន្លែង​មួយ​នេះ​ ហើយ​ត្រូវ​ចំណាយ​ការ​ព្យាបាល​និង​ស្នាក់​នៅ​រយៈ​ពេល​៩​ថ្ងៃ​ រហូត​ដល់​ជាង​៥​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

សង្គម​ស៊ីវិល​គាំទ្រ​ឱ្យ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​ទីតាំង​ព្យាបាល​ និង​ពិគ្រោះ​ជំងឺ​ទាំងឡាយ​ណា​ដែល​បាន​ល្មើស​ច្បាប់​ជាជាង​គ្រាន់តែ​ជា​ការ​ព្រមាន។​

ជាង​នេះ​ទៀត​ពួក​គេ​ក៏​ស្នើ​ឱ្យ​មាន​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​ទីតាំង​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​ទាំងឡាយ​ឱ្យ​បាន​ហ្មត់ចត់​ ចៀស​វាង​ពិនិត្យ​នៅ​ក្រោយ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​រួច​ទៅ​ហើយ​នោះ៕​