29.3 C
Phnom Penh

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចង់ឱ្យតុលាការចេញលិខិតបញ្ជាក់ថា ពួកគាត់ពិតជាមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​គឺ ​លោក​អ៊ួន ឈិន​និង​លោក​យាង សុធារិន​ហៅ​យាង សុជាមេត្តា​ស្នើ​ឱ្យ​តុលាការ​ចេញ​លិខិត​ជាផ្លូវ​ការ​ ដោយ​បញ្ជាក់​ថា​ពួកគេ​ពិត​ជា​មិន​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​បន្ត​ទៀត​នោះ​ឡើយ។​

ការ​លើក​ឡើង​នេះ​ ធ្វើឡើង​​ក្រោយ​ពេល​បញ្ចប់​សវនាការ​បណ្តឹង​ជំទាស់​របស់​ពួក​គេ​ទាំងពីរ​រូប​នៅ​សាលា​ឧទ្ធរណ៍​នាព្រឹក​នេះ​ពាក់ព័ន្ធ​នឹង​ការ​សុំ​ឱ្យ​តុលាការ​បញ្ចប់​ការ​ដាក់​ឱ្យ​ខ្លួន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នោះ។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​លោក​យាង សុធារិន​បាន​លើក​ឡើង​ថា​ ​ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​បញ្ជាក់​ថា ​ពួកគាត់​ទាំង​ពីរ​ មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ទៀត​នោះ​ទេ​ ប៉ុន្តែ​ពួក​លោក​នៅ​ពុំ​ទាន់​ស្ងប់​ចិត្ត​ឡើយ​ ដោយ​សារ​មិន​ទាន់​មាន​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​ណាមួយ​ពី​តុលាការ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់លាស់​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ។​

លោក​យាង សុធារិន​ថា ​ដីកោះ​ដំណោះ​ស្រាយ​របស់​សាលា​ដំបូង​កាល​ពី​ពេល​កន្លង​មក​ក៏​មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​បញ្ហា​នេះ​ដែរ​ ទើប​ធ្វើឱ្យ​ពួក​លោក​ពិបាក​ក្នុង​ការ​ដើរ​ហើរ​ទៅ​ក្រៅ​ប្រទេស​និង​រស់​នៅក្នុង​ប្រទេស​ ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​មន្ត្រី​នគរបាល​មូលដ្ឋាន​ជា​រៀងរាល់​ខែ។​

លោក​យាង សុធារិន​​បញ្ជាក់​ថា ​បញ្ហា​នេះ​ខាង​លោក​និង​មេធាវី​ការពារ​ក្តី​ គ្រោង​នឹង​ពិភាក្សា​គ្នា ​ដើម្បី​ជជែក​ជាមួយ​មន្ត្រី​តុលាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ឱ្យ​ពួក​គេ​បង្ហាញ​ឱ្យ​ច្បាស់​អំពី​បញ្ហា​នេះ ​និង​ស្នើ​សុំ​សម្ភារៈ​ប្រើប្រាស់​របស់​ខ្លួន​ត្រឡប់​មក​វិញ។​

ចំណែក​មេ​ធាវី​ការ​ពារ​ក្ដី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​នោះ ​គឺ​ លោក​សំ ចំរើន​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ កូនក្ដី​របស់​លោក​មិន​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​បន្ត​ទៀត​នោះ​ទេ ​ចាប់​តាំង​ពី​ចៅក្រម​ស៊ើប​សួរ​បិទ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នេះ​កាលពី​ខែ​មីនា។​

លោក​ថា ​ដូច្នេះ​​ពី​ពេល​នេះ​ទៅ​ កូន​ក្តី​របស់​លោក​ពុំចាំ​បាច់​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​មន្ត្រី​នគរបាល​មូលដ្ឋាន​រៀង​រាល់​ខែ​ទៀត​នោះ​ទេ ​ដោយ​លោក​ថា ​ដីកា​ដែល​ចៅ​ក្រម​ស៊ើប​សួរ​ឱ្យ​ចេញ​កន្លង​មក​នោះ ​អស់​សុពល​ភាព​ហើយ​ គឺចាប់​តាំង​ពី​ចៅ​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បិទ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នេះ​កាលពី​ខែ​មីនា​មក​ម៉្លេះ។​

ការ​បើក​សវនាការ​បញ្ចប់​ការ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នៅ​ពេល​នេះ ​ធ្វើឡើង​ស្រប​ពេល​អង្គការ​Human Right Watch ​ កាលពី​ថ្ងៃទី​​១៩​មិថុនា​ និង​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​និង​លិខិត​ចំហ​របស់​ខ្លួន​ ដោយ​ស្នើ​ឱ្យ​តុលាការ​បញ្ចប់​ការ​ដាក់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​នេះ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​ផ្លូវ​តុលាការ​បន្ត​ទៀត​ ព្រម​ទាំង​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទៅ​លើពួក​គេ​ផង​ដែរ។​

លោក​អ៊ួន ឈិន​និង​លោក​យាង សុធារិន​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១៤​វិច្ឆិកា​ឆ្នាំ​២០១៧ ​ដោយ​តុលាការ​ចោទ​ប្រកាន់​ពួកគេ​​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ពី​បទ​ ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឱ្យមាន​ការ​អន្តរាយ​ដល់​កិច្ចការ​ការ​ពារ​ជាតិ ។

ពួក​គាត់​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​រយៈ​ពេល​៩​ខែ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​មក​ និង​ត្រូវ​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាលពី​ខែ​សីហា​ឆ្នាំ​មុន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស