41.3 C
Phnom Penh

អភិបាលក្រុងភ្នំពេញព្រមានអភិបាលខណ្ឌថា នឹងចាត់វិធានការតាមច្បាប់បើបណ្តោយឱ្យមានសំណង់ខុសច្បាប់កើតឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​រាជ​ធានី​ភ្នំពេញ​លោក​ឃួង ស្រេង ​បាន​ព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ ដោយ​សំដៅ​ទៅ​លើ​អភិបាល​ទាំង​១៤​ខណ្ឌ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា​ ពួកគេ​អាច​នឹង​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ បើ​ហ៊ាន​បណ្តោយ​ឱ្យ​មាន​សំណង់​ខុស​ច្បាប់​កើត​មាន​ឡើង។​

លោក​បន្ត​ថា ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ អភិបាល​ខណ្ឌ​ទាំងអស់​មិនត្រូវ​ឱ្យ​មាន​សកម្ម​ភាព​សាងសង់​សំណង់​ខុស​ច្បាប់​កើត​មាន ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ត​ទៅ​ទៀត​ឡើយ។​

លិខិត​របស់​អភិបាល​រាជធានី​ភ្នំពេញ​ផ្ញើ​ជូន​អភិបាល​ខណ្ឌ​ទាំង​១៤​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សង្កត់​ធ្ងន់​ថា​ ប្រសិន​បើ​មាន​សំណង់​ណា​គ្មាន​លិខិត​អនុញ្ញាត​សាង​សង់ ​ហើយ​នៅ​ពេល​សំណង់​ខុស​ច្បាប់​នោះ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ អភិបាល​ខណ្ឌ​ទាំងអស់​ត្រូវ​ទទួល​រង​វិន័យ​រដ្ឋបាល​និង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​តែម្តង។​

យ៉ាង​នេះ​ក្តី ​រដ្ឋបាល​ក្រុង​ភ្នំពេញ​ក៏​ទទួល​ស្គាល់​ថា​ ការ​សាងសង់​ឬ​ សំណង់​ខុស​ច្បាប់​មួយ​ចំនួន​នៅតែ​កើត​មាន​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ភ្នំពេញ​ដដែល ​ដោយ​បញ្ហា​នេះ​លោក​ឃួង ស្រេង​ប្រាប់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឱ្យ​ទប់​ស្កាត់​ឱ្យ​ខាង​តែបាន​ និង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ បើ​ពុំនោះ​ពួក​គេ​នឹង​មិន​រួច​ខ្លួន​ឡើយ។​

ការ​ព្រមាន​របស់​អភិបាល​ក្រុង​ភ្នំពេញ​ ធ្វើ​ឡើង​ក្រោយ​ពេល​មាន​ហេតុ​ការណ៍​ការ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ ​ដែល​ជា​ការវិ​និយោគ​របស់​ជន​ជាតិ​ចិន ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មិថុនា​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​២៨​នាក់​ស្លាប់ ​និង​របួស​ធ្ងន់​ស្រាល​ចំនួន​២៦​នាក់​ទៀត។​

កាល​ពីថ្ងៃ​ទី​២៤​មិថុនា​លោក​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​រៀបចំ​ដែនដី ​នគរូបនីយ​កម្ម ​និង​សំណង់​លោក​ជា សុផារ៉ា ​បង្កើត​គណៈ​កម្មការ​ជាតិ​បន្ទាន់​មួយ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​រាល់​គុណភាព​និង​សុវត្ថិភាព​សំណង់​ដែល​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះ​សីហនុ​ទាំងអស់។​ លើស​ពី​នេះ ​លោក​បញ្ជា​ឱ្យ​លោក​ជា សុផារ៉ា​ត្រូវ​បញ្ឈប់​រាល់​សំណង់​ខុស​ច្បាប់​ទាំងអស់​ជា​បន្ទាន់។​

លោក​ហ៊ុន សែន​ក៏បាន​ប្រកាស​ថា​ បេសក​កម្ម​រុក​រក​ពល​រដ្ឋ​ដែល​ជាប់​ក្នុង​គំនរ​អគារ​បាន​បញ្ចប់​មែន ​ប៉ុន្តែ​បេសក​កម្ម​ស្វែង​ការណ៍​ពិត​ និង​យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។​

ចំណែក ​លោក​ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​វិញ​ នៅ​ថ្ងៃ​នេះ ​ប្រកាស​ថា ​ត្រឹមតែ​រយៈ​ពេល​១​ថ្ងៃ​ប៉ុណ្ណោះ​គណៈ​កម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហនុ​បាន​រក​ឃើញ​សំណង់​គ្មាន​ច្បាប់​ ចំនួន​៥​កន្លែង។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ទិវា​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃ​ទី​២៦​ខែ​មិថុនា​នេះ​ថា ​លោក​ជា សុផារ៉ា ​បាន​ប្រាប់​លោក​ថា​ យ៉ាង​ហោច​ណាស់​មាន​អគារ​ចំនួន​ប្រាំ​កន្លែង​ទៀត​កំពុង​សាងសង់​អត់​មាន​ច្បាប់​ទាំងអស់​ ដែល​វា​ជា​ហានិភ័យ​ដ៏​ធំ​មួយ​ ហើយ​តម្រូវ​ឲ្យ​មាន​ការ​សាង​សង់​ឡើង​វិញ​ទាំង​អស់៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស