36 C
Phnom Penh

ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​ប្តេជ្ញា​បូជា​ជីវិត​ជូន ជាតិ​ និង​ពលរដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ហ៊ុន សែន​រំលាយ​ចោល​ចេញ​ពី​បញ្ជី​នយោបាយ​ហើយ​ដែល​កំពុង​ត្រូវ​ឃុំឃាំង​ក្នុង​ផ្ទះ​គឺ​លោក​បាន​បញ្ជាក់​ជំហរ​ថា ​គ្មាន​ឡើយ​ពាក្យ​ថា​ ស្តាយ​ក្រោយ​សម្រាប់​លោក​ក្នុង​ការ​បូជា​ជីវិត​ជូនជាតិ​ជូន​ប្រជា​ពលរដ្ឋ​ ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​សេរីភាព ​អធិបតេយ្យ​ភាព​ និង​ការ​ផ្សះផ្សា​ជាតិ។​

ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិលមិញ​ លោក​កឹម សុខា​ ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​​បាន​លើក​ឡើង​ថា​ មិន​មាន​អ្វី​ដែល​អាច​រារាំង​មនោ​សញ្ចេតនា​របស់​លោក​ដែល​មាន​ចំពោះ​ប្រជាជាតិ​មួយ​នេះ​ឡើយ។ ​លោក​បន្ត​ថា ​បើ​ទោះបី​ជា មិន​អាច​ជួប​ជុំ​ប្រជា​ពលរដ្ឋ​ដូច​កាល​ពី​មុន​បាន​ ទោះបី​លោក​មិន​អាច​ស្តាប់​ឮ​ដោយ​ផ្ទាល់​នូវ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ ទោះបី​មាន​ឧបសគ្គ​យ៉ាង​ណាក៏​ដោយ ​បើ​ដរាប​ណា​ព្រះ​អាទិត្យ​នៅ​តែ​រះ​ នោះ​លោក​នៅ​តែ​មាន​សង្ឃឹម​មក​ជួប​ជុំ ​និង​បម្រើ​ជាតិ​ខ្មែរ​ត​ទៅ​ទៀត។​

សារ​នយោបាយ​របស់​លោក​កឹម សុខា​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប​កំណើត​គម្រប់​៦៦​ឆ្នាំ​ឈាន​ចូល​៦៧​ឆ្នាំ​របស់​លោក​កាលពី​ថ្ងៃ​ម្សិលមិញ។​

លោក​ថា ​ទឹកចិត្ត​និង​សេចក្តី​នឹក​រឮក​របស់​ជនរួម​ជាតិ​គឺ​បាន​ផ្តល់​ដល់​រូប​លោក​នូវ​កម្លាំង​ចិត្ត​ដែល​ជា​ថាមពល​ជំរុញ​ឲ្យ​ មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​នូវ​ស្មារតី​សេ្នហា​ជាតិ​ បើទោះ​ជា​រូប​កាយ​លោក​ត្រូវ​បាន​បាត់បង់​សេរីភាព​អស់​ជិត​២​ឆ្នាំ​មក​ហើយ​ក្តី។​

ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​ឆ្នាំ​នេះ ​លោក​ក៏​បាន​បួងសួង​សុំ​សេចក្តី​សុខ​សន្តិភាព​សិទ្ធិ​សេរីភាព​ វឌ្ឍន​ភាព​និង​យុត្តិធម៌​សម្រាប់​ប្រជារដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ។​

លោក​កឹម សុខា​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចាប់ ​និង​ឃុំ​ខ្លួន​នៅ​គុក​ត្រពាំង​ផ្លុង​ជាប់​ព្រំ​ដែន​វៀតណាម​នា​ខេត្ត​ត្បូង​ឃ្មុំ ​កាលពី​ថ្ងៃ​ទី​ ៣​វិច្ឆិកា​ឆ្នាំ​២០១៧​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​លោក​ហ៊ុន សែន​ ថា​ ក្បត់​ជាតិ។​ លោក​ត្រូវ​បាន​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​ភ្នំពេញ​វិញ​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន ​ក្រោម​ហេតុផល​របស់​រដ្ឋ​អំណាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព។​
រហូត​មក​ទល់​ពេល​នេះ​តុលាការ​នៅ​មិន​ទាន់​ប្រកាស​អំពី​ទោស​កំហុស​របស់​លោក​នៅ​ឡើយ​ ប៉ុន្តែ​តុលាការ​កំពូល​ក៏​បាន​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ដាក់​បម្រាម​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ ហើយ​ដក​ហូត​​តំណែង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​អស់​ផង​ដែរ។​

តុលាការ​របស់​លោក​ហ៊ុន សែន ​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា​ ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នោះ​មិនមែន​ជា​ការ​ឃុំ​ខ្លួន​ទេ​ តែជា​ការ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ប៉ុណ្ណោះ​ ស្រប​ពេល​សហគមន៍​អន្តរ​ជាតិ​ រួម​មាន​អាមេរិក​ និង​អឺរ៉ុប​បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា​ជា​ការ​ធ្វើ​ឡើង​ដោយ​បំពាន​គ្មាន​ភ័ស្តុតាង​និង​អយុត្តិ​ធម៌​បំផុត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស