28.4 C
Phnom Penh

រដ្ឋាភិបាលលោក ហ៊ុន សែន ទទួលស្គាល់ថាបទល្មើសព្រៃឈើនៅតែកើតមានឥតឈប់ឈរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលឯកបក្សអាណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជាតាមរយៈគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលស្គាល់ថាបទល្មើសព្រៃឈើនៅតែកើតមានឥតឈប់ឈរ និងកើតមានគ្រប់រូបភាព។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅថ្ងៃនេះ បានទទួលស្គាល់ថា បទល្មើសកាប់និងដឹកជញ្ជូនផល អនុផលព្រៃឈើ នៅតែកើតមានឡើងតាមគ្រប់រូបភាព និងគ្រប់មធ្យោយបាយ ទោះបីជាអាជ្ញាធរ មានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់លោក សៅ សុខា បានប្រកាសពីវិធានការថ្មីក្នុងការបំផ្លាញចោលនៅនឹងកន្លែងតែម្តង រាល់មធ្យោបាយពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើផ្សេងៗ ដូចជា រថយន្ត គោយន្ត និងម៉ូតូ ជាដើម ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅថ្ងៃនេះអះអាងថាវិធាននេះ គឺដើម្បីព្រមានកុំឲ្យមានបទល្មើសព្រៃឈើតទៅទៀត។

បន្ថែមពីនេះ គណៈកម្មការជាតិដដែល ព្រមានចាត់វិធានការតឹងរ៉ឹង ចំពោះបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើសដើម្បីឱ្យការថែរក្សាធនធានព្រៃឈើឱ្យនៅគង់វង្ស។ យ៉ាងណាក៏ដោយ សង្គមស៊ីវិល គ្មានជំនឿចំពោះវិធានការរបស់គណៈកម្មការជាតិនេះឡើយ ដោយថាវិធានការនោះគ្រាន់តែជាវិធានការលេងសើច និងធ្វើឡើងគ្រាន់តែឱ្យល្អមើលប៉ុណ្ណោះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពកម្ពុជា លោក សន ជ័យ ហៅវិធានការនេះ ថាជាវិធានការលេងសើច ដោយសារជនល្មើសក្នុងសំណុំរឿងបទល្មើសព្រៃឈើធំៗជាច្រើនមិនត្រូវបានចាត់វិធានការនោះឡើយ។ លោកបន្តថា ដើម្បីឱ្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសមានប្រសិទ្ធភាព អាជ្ញាធរត្រូវចាត់វិធានការទៅលើក្រុមឧក្រិដ្ឋជន និងអ្នកនៅពីក្រោយខ្នងបទល្មើសព្រៃឈើទាំងឡាយ ដើម្បីយកពួកគេមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។

រយៈពេលប្រមាណ៣ខែដំបូង នៃការបង្កើតឡើងគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបទល្មើសធនធានធម្មជាតិកាលពីដើមឆ្នាំ២០១៦  គណៈកម្មការនេះបានបង្ក្រាបនិងរឹបអូសបានឈើប្រណិតខុសច្បាប់ចំនួនជាង៧ម៉ឺនម៉ែត្រគូប និងបញ្ជូនសំណុំរឿងពាក់ព័ន្ធជនល្មើសទៅតុលាការនិងរាយការណ៍ទៅលោកហ៊ុន សែន ជិត៦០ករណី។

សំណុំរឿងទាំងនោះ គេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងឧកញ៉ាមួយចំនួន ដូចជា ឧកញ៉ាទ្រី ភាព ឧកញ៉ា លីម ប៊ុណ្ណារ៍ ហៅខ្នា ឧកញ៉ាស៊ឹង សំអុល ឧកញ៉ា វ័ន្ត ថៃ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឧកញ៉ា អាន ម៉ារ៉ាឌី ព្រមទាំងអាចជាប់ពាក់ព័ន្ធមន្ត្រី និងម្ចាស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់បរទេសមួយចំនួនទៀត។ ជាង៣ឆ្នាំមកហើយ សំណុំរឿងបទល្មើសព្រៃឈើទាំងនោះ ស្ងាត់សូន្យឈឺង រីឯបទល្មើសព្រៃឈើនៅតែបន្តកើតឡើងឥតឈប់ឈរ ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស