38 C
Phnom Penh

រដ្ឋាភិបាលប្រកាសថាខេត្តចំនួន២ទៀតកំពុងឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅថ្ងៃនេះ បានចេញលិខិតចំនួន២ដាច់ដោយឡែកពីគ្នា ជូនទៅអភិបាលខេត្តស្វាយរៀង និងខេត្តតាកែវ ជុំវិញវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក ។

លិខិតក្រសួងកសិកម្ម ជូនអភិបាលខេត្តស្វាយរៀង បញ្ជាក់ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានផ្ទុះឡើងនៅភូមិឫស្សីជួខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។ ចំណែកខេត្តតាកែវវិញ ជំងឺនេះបានផ្ទុះឡើងនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ។

គិតមកដល់ថ្ងៃនេះ នៅកម្ពុជាមានខេត្តចំនួន៤ហើយ ដែលបានផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក រួមមានខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ។

ការរីករាលដាលជំងឺនេះនៅកម្ពុជា ក្រោយពេលជំងឺប៉េស្តជ្រូកអាហ្វ្រិក នេះ បានកើតឡើងនៅទូទាំងប្រទេសវៀតណាមទាំងមូល ហើយករណីនាំជ្រូកចូលពីវៀតណាមមកម្ពុជានៅតែកើតមានដោយលួចលាក់តាមបណ្តោយច្រកព្រំដែនឥតឈប់ឈរ។

ជាក់ស្តែងនៅខេត្តត្បូងឃ្មុំ មន្ត្រីជំនាញ និងសមត្ថកិច្ចបានចាត់វិធានការទៅលើបទល្មើសនាំជ្រូកចូលពីប្រទេសវៀតណាមជាបន្តបន្ទាប់ ហើយក៏មានករណីខ្លះទៀតត្រូវបានពលរដ្ឋរាយការណ៍ថាសមត្ថកិច្ចបានប្រព្រឹត្តិអំពើពុករលួយនៅតាមច្រកព្រំដែនដែលបានអនុញ្ញាតឲ្យមានការនាំចូលជ្រូកឈឺទាំងនោះមកក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ត្រូវបានគេឃើញថាបរាជ័យ ក្នុងការព្រមានដកប្រធានមន្ទីរកសិកម្មណាដែលបណ្តោយឱ្យមានករណីនាំជ្រូកចូលពីវៀតណាម មកកាន់ប្រទេសកម្ពុជា ដោយសាររហូតមកទល់ពេលនេះគ្មានប្រធានមន្ទីរណាម្នាក់ត្រូវបានដកពីដំណែងឡើយ ទោះបីជាគេមើលឃើញថាពួកគេទាំងនោះអសមត្ថភាពក្នុងការទប់ស្កាត់ការនាំជ្រូកចូលមកពីប្រទេសវៀតណាមក៏ដោយ។

យ៉ាងណាក៏ដោយក្រសួងបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សឡើយ ប៉ុន្តែជំងឺនេះ ជាជំងឺកាចសាហាវ និងឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយ ដែលបណ្តាលឱ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស