វីដេអូ

គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល

By ឌឹ ខេមបូឌា ដេលី

July 10, 2019

កម្លាំងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងកម្លាំងមូលដ្ឋាន នៅថ្ងៃនេះ បានចាប់ខ្លួនលោក ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកចំនួន ៣នាក់ផ្សេងទៀត ពាក់ព័ន្ធករណីបទល្មើសទ្រង់ទ្រាយធំនៅខេត្តរតនៈគិរី។

អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បានប្រាប់សារព័ត៌មានស្និតរដ្ឋាភិបាល Fresh News ថា ជាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើទ្រង់ទ្រាយធំនៅថ្ងៃនេះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនមនុស្ស៤នាក់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្នកបើករថយន្ត ព្រមទាំង          រថយន្ដដឹកឈើជាង៤០គ្រឿង។

ប្រភពដដែលអះអាងដថា រថយន្ដដែលល្មើសច្បាប់ផ្សេងទៀត ត្រូវបានជនល្មើសយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករក ហើយលោកថារថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃ នឹងបំផ្លាញចោលនៅទីនោះតែម្ដង។

នេះជាលើកទី១ ហើយ ដែលគណៈកម្មការជាតិមួយនេះ ហ៊ានចេញមុខបង្ក្រាបក្រុមជនល្មើស ក្នុងកម្រិតក្រុមឧកញ៉ា ពាក់ព័ន្ធនឹងសំណុំរឿងព្រៃឈើ ចាប់តាំងពីគណៈកម្មការជាតិនេះបង្កើតឡើងតាំងពីដើមឆ្នាំ២០១៦។ 

កាលពីខែមករា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានចង្អុលចំឈ្មោះ ឧកញ៉ា ស៊ឹង សំអុល នេះ ម្តងរួចមកហើយ ថាជាអ្នករកស៊ីឈើល្បីល្បាញនៅភូមិភាគឦសាន ហើយឧកញ៉ាម្នាក់ទៀត ដែលត្រូវបានលោកហ៊ុន សែន ចង្អុលចំឈ្មោះពេលនោះដែរ គឺ ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ដែលជាកូនធម៌របស់ លោក ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។

ឃ្លាំងស្តុកឈើប្រណិតដ៏ធំមួយនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម ត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់ឧកញ៉ា ខ្នា។ ឃ្លាំងស្តុកឈើនេះ ក្រោមរូបភាពឃ្លាំងស្តុកដំឡូងមី ដែលត្រូវ       បានកម្លាំងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាប និងរឹបអូសឈើប្រណិតរាប់ពាន់ម៉ែត្រគូប កាលពីដើមឆ្នាំ២០១៦ ប៉ុន្តែម្ចាស់ឃ្លាំងស្តុកឈើដ៏ធំនេះ មិនត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសឡើយ មកទល់ពេលនេះ។

ក្រៅពីឧកញ៉ាទាំងពីរនេះ ដែលត្រូវបានលោកហ៊ុន សែន ចង្អុលចំឈ្មោះ ក៏មានឧកញ៉ា និង មន្ត្រីធំៗ ជាច្រើនទៀត ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយអំពីបទល្មើសធនធានធម្មជាតិ ពិសេសការរត់ពន្ធឈើចេញទៅប្រទេសវៀតណាមតែម្តង។

សង្គមស៊ីវិលធ្វើលើកឡើងថា ដើម្បីឱ្យការបង្ក្រាបបទល្មើសព្រៃឈើមានប្រសិទ្ធភាព គឺ ត្រូវអនុវត្តច្បាប់ចំពោះជនល្មើស ជាពិសេសអ្នកនៅពីក្រោយខ្នងជនល្មើស ដែលមានតាំងពីឧកញ៉ា មន្ត្រីធំៗក្នុងជួរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ ដោយគ្មានការលើកលែង។ លើសពីនេះត្រូវបញ្ឈប់វប្បធម៌អន្តរាគមន៍ និងលុបបំបាត់អំពើពុករលួយជាបន្ទាន់៕