សមត្ថកិច្ចអះអាងថា ពួកគេនឹងបញ្ជូនខ្លួនយុវជនចំនួនបួននាក់ដែល លក់អាវគូរស្នេហ៍ មានឈ្មោះលោក បណ្ឌិត កែម ឡី តាមហ្វេសប៊ុក ទៅតុលាការ។
យុវជនទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន អតីតសកម្មជនបក្សប្រឆាំង លោក គង់ រ៉ៃយ៉ា និងភរិយាឈ្មោះ សុខ ស្រីណុច រួមទាំងប្អូនបង្កើតរបស់លោកឈ្មោះ គង់ លក្ខិណា និងប្អូនថ្លៃឈ្មោះ សុខ ឌីណា។
សាព័ត៌មាន VOD បានដកស្រង់សម្តីស្នងការរាជធានីភ្នំពេញ លោក ស ថេត ចុះផ្សាយនៅថ្ងៃនេះថា សមត្ថកិច្ចនឹងបញ្ជូនយុវជន៤នាក់ទៅតុលាការនៅថ្ងៃនេះ។ លោក ស ថេត បញ្ជាក់ថាការចាប់ខ្លួនយុវជន ទាំងនេះដោយសារពួកគេបានសរសេរសារនៅអាវដែលពួកគេដាក់មានលក្ខណៈញុះញង់ធ្វើប៉ះទង្គិចដល់សន្តិសុខសង្គម។
សារជាអក្សរដែលសរសេរនៅលើអាវនោះពីខាងមុខមានដាក់រូបលោកបណ្ឌិតកែម ឡី អមដោយពាក្យស្លោកថា «ជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត» ចំណែកពីខាងវិញសរសេរថា«បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនដល់វេនអ្នកតែប៉ុណ្ណោះ»
ក្រុមសង្គមស៊ីវិលបានហៅចំណាត់ការរបស់សមត្ថកិច្ចទីក្រុងភ្នំពេញ ថាជាការគំរាមកំហែង ការបំផិតបំភ័យ និងជាការរឹតត្បិតធ្ងន់ធ្ងរដល់សេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។
នៅក្នុងថ្ងៃប្រារព្ធខួបបីឆ្នាំនៃការមរណភាពរបស់លោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករដៃឆៅបេះយកជីវិតទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ គេឃើញមានសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធគ្រប់ដៃបាននាំរារាំងពលរដ្ឋមិនឲ្យដាក់កម្រងផ្កានៅក្នុងស្តាម៉ាត ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ក្បែស្តុប បូកគោ ដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នោះឡើយ។
ក្រៅពីការនាំគ្នាទៅដាក់កម្រងផ្កានៅទី ដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ ពលរដ្ឋខ្មែរជាច្រើនទៀតបាននាំគ្នាដាក់កម្រងផ្កានៅចំពោះមុខរូបថតលោកបណ្ឌិត កែម ឡី នៅតាមគេហដ្ឋានរបស់ពួកគេ។ ពលរដ្ឋជាច្រើនបានសរសេរនៅលើគណនីហ្វេសប៊ុកថា យុត្តិធម៌សំរាប់អ្នកស្នេហាជាតិនៅតែគ្មានពន្លឺ ហើយប្រព័ន្ធយុត្តិធម៌របស់ប្រទេសនៅតែគ្មានការជឿទុកចិត្ត៕