27.5 C
Phnom Penh

អាមេរិក ជំរុញជាថ្មីទៀតឱ្យកម្ពុជារកយុត្តិធម៌ពិតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានជំរុញជាថ្មីទៀតទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យស៊ើបអង្កេតពេញលេញ ប្រកបដោយតម្លាភាព និងគួរអោយទុកចិត្តបាន ទៅលើសំណុំរឿងធ្វើឃាត លោក កែម ឡី។

លើទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះ សហរដ្ឋអាមេរិក បានលើកឡើងថា ក្នុងឱកាសខួបលើកទី៣ឆ្នាំ នៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី អាមេរិកស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព។

អាមេរិកក៏បានហៅការសម្លាប់លោកបណ្ឌិត កែម ឡី ថាជារឿងដ៏កំសាកបំផុត និងជារឿងមិនសមហេតុផលនោះឡើយ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្តាលថ្ងៃ និងនៅកណ្តាលក្រុងភ្នំពេញ ក្បែរផ្ទះក្មួយប្រុសបង្កើត លោកហ៊ុន សែន គឺលោក ហ៊ុន តូ ក្នុងស្តាម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៦។

ករណីឃាតកម្មលោកបណ្ឌិតកែម ឡី កើតឡើងបន្ទាប់ពីលោកបានធ្វើការបកស្រាយបន្ថែមទៅលើរបាយការណ៍របស់អង្គការអន្តរជាតិមួយឈ្មោះ Global Witness ដែលបានបង្ហាញពីអាណាចក្រអាជីវកម្មត្រកូលហ៊ុន ដោយបានគ្រប់គ្រងជំនួញធំៗនៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ។ រហូតមកទល់ពេលបច្ចុប្បន្ននេះ គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការក៏បានផ្តន្ទាទោសឃាតកររូបនេះ ឱ្យជាប់គុកអស់មួយជីវិត។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានលើកឡើងថាសំណុំរឿងនេះ ត្រូវបានបែងចែកជាពីរ ដោយមួយតុលាការបានសម្រេចបញ្ចប់សំណុំរឿងលើជួប សម្លាប់ ក្រោយពេល ផ្តន្ទាទោសឃាតកររូបនេះឱ្យជាប់គុកអស់មួយជីវិត។ ដោយឡែក សំណុំរឿងមួយទៀត គឺតុលាការកំពុងបន្តនីតិវិធីរកជនផ្សេងទៀតដែលទាក់ទិននឹងករណីនេះ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់អាចបង្ហាញលទ្ធផលស៊ើបអង្កេតនោះនៅឡើយទេ។

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេសលោក សម រង្ស៊ី នៅតែចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី ទោះបីជាលោកហ៊ុន សែន ធ្លាប់បានដាក់ពាក្យប្តឹងលោកអំពីបទបរិហារកេរ្តិ៍ ហើយតុលាការ បានកាត់ក្តីឱ្យលោក សម រង្ស៊ី ចាញ់ក្តី លោក ហ៊ុន សែន រួចទៅហើយក៏ដោយ។

សង្គមស៊ីវិលយល់ថា ប្រសិនបើរដ្ឋាភិបាលនៅតែបរាជ័យក្នុងការផ្តល់យុត្តិធម៌ពិតជូនលោក កែម ឡី និង គ្រួសារ និងសាធារជនទូទៅទេ មានន័យថារដ្ឋាភិបាលកំពុងបង្កើតវប្បធម៌និទ្ទណ្ឌភាពថ្មីមួយករណីទៀត បន្ថែមទៅលើករណីនិទ្ទណ្ឌភាពធំៗ ជាច្រើនរាប់មិនអស់ កាលពីពេលកន្លងមក៕?

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស