វីដេអូ

សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសហគមន៍អ្នកផលិតអំបិល

By ឌឹ ខេមបូឌា ដេលី

July 16, 2019

សង្គមស៊ីវិលយល់ថា ប្រសិនបើរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសហគមន៍ផលិតអំបិលនៅប្រទេសកម្ពុជាឱ្យបានទូលំទូលាយ និងច្បាសលាស់ គឺអាចធ្វើឱ្យប្រទេសកម្ពុជាមានអំបិលសម្រាប់បរិភោគគ្រប់គ្រាន់ មិនបាច់ទិញពីក្រៅប្រទេសដូចពេលបច្ចុប្បន្ននេះទេ។

ការលើកឡើងនេះ ក្រោយពេល ប្រធានសហគមន៍អ្នកផលិតអំបិលកំពតកែប លោក ប៊ុន បារាំង បានប្រាប់សារព័ត៌មានស្និតរដ្ឋាភិបាលថា នៅឆ្នាំ២០១៩នេះ កម្ពុជាត្រូវការនាំយកអំបិលប្រមាណ៥ម៉ឺនតោនពីប្រទេសចិនដើម្បីយក មកផ្គត់ផ្គង់លើទីផ្សារកម្ពុជា ខណៈបច្ចុប្បន្ននេះ អំបិលស្ដុកត្រៀមផ្គត់ផ្គង់មានត្រឹម៣ម៉ឺនតោនប៉ុណ្ណោះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានជំរុញទៅរដ្ឋាភិបាលឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងមានគោលនយោបាយជាក់លាក់ជួយដល់សហគមន៍អ្នកផលិតអំបិលនៅកម្ពុជាបន្ថែមទៀត ដើម្បីឱ្យពួកគេមានទឹកចិត្តក្នុងការបន្តអាជីវកម្មនេះ។ លោកថានៅពេលក្រុមអ្នកផលិតអំបិល មានទឹកចិត្ត និងមិនមានបញ្ហាប្រឈមនោះទេ ការផលិតអំបិលសម្រាប់ផ្គត់ផ្គង់នៅកម្ពុជានឹងមានភាពប្រសើរឡើង ហើយក៏មិនចាំបាច់នាំអំបិលចូលពីក្រៅប្រទេស ពិសេសប្រទេសចិនទៀតនោះដែរ។

សង្គមស៊ីវិលរូបនេះ បន្តថាការរកវិធីដោះស្រាយឬ ជួយដល់ប្រជាសហគមន៍ផលិតអំបិល គឺ មិនត្រឹមតែជាការដោះស្រាយបញ្ហាផ្គត់ផ្គង់អំបិលនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់ប្រយោជន៍សម្រាប់អ្នកផលិតផ្ទាល់។

លោកថា បើពុំមានការយកចិត្តទុកដាក់លើបញ្ហានេះទេ សហគមន៍ផលិតអំបិលនៅកម្ពុជានឹងអាចជួបបញ្ហាធ្ងន់ធ្ងរនៅថ្ងៃអនាគតមិនខាន ហើយតម្រូវនាំចូលអំបិលពីក្រៅប្រទេសមានកាន់តែច្រើនឡើង៕

កម្ពុជាប្រឈមនឹង ការខ្វះខាតអំបិលនេះ ៣ឆ្នាំជាប់គ្នាមកហើយ ចាប់តាំងពីឆ្នាំ២០១៧មក ក្រោយពេលកម្ពុជាធ្លាប់ជួបបញ្ហានេះម្តងកាលពីឆ្នាំ២០០៨៕