30 C
Phnom Penh

សង្គមស៊ីវិលនៅមិនទាន់មានជំនឿលើវិធានការបង្ក្រាបជនល្មើស និងបទល្មើសព្រៃឈើនៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គមស៊ីវិលឡើងថា ការបង្ក្រាបជនល្មើស និងបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធិភាពទាល់តែបង្ក្រាបទៅលើក្រុមគោលដៅអ្នកប្រព្រឹត្ត និងតំបន់ជាគោលដៅ ដែលមានបទល្មើសព្រៃឈើយ៉ាងរង្គាលកន្លងមក។

ការលើកឡើងនេះ ក្រោយពេលគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់លោក សៅ សុខា បានប្រកាសពីវិធានការក្តៅបង្ក្រាបជនល្មើសដោយមិនរើសមុខ ហើយកាលពីពេលថ្មីៗនេះ បានឈានទៅដល់ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកជុំវិញករណីប្រព្រឹត្តបទល្មើសព្រៃឈើនៅភូមិភាគឦសាន្ត។ គណៈកម្មការនេះ ក៏បានប្រកាសតាមចាប់ខ្លួនជនសង្ស័យ៤នាក់បន្ថែមទៀត តាមដីការបស់តុលាការ ដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថាបទល្មើសព្រៃឈើមិនមែនកើតមានតែនៅខេត្តមណ្ឌលគិរី ឬខេត្តរតនៈគិរី ប៉ុណ្ណោះទេ ហើយថាលោកនៅពុំទាន់មានជំនឿអំពីការប្រកាសវិធានការក្តៅទៅលើក្រុមជនល្មើសនៅតាមខេត្តទាំងនេះថា អាចនឹងធ្វើឡើងមានប្រសិទ្ធភាពនោះដែរ។

លោកបន្តថា ដើម្បីឱ្យការងារបង្ក្រាបមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវពិនិត្យមើលទៅតំបន់គោលដៅផ្សេងទៀត ដែលមានការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើន ដូចជានៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ ព្រះវិហារជាដើម។

បន្ថែមពីនេះ លោកថា រដ្ឋាភិបាលក៏ត្រូវស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងជនល្មើស ឬ អ្នកដែលទទួលបានផលប្រយោជន៍ពីបទល្មើស ទាំងនៅថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និង ថ្នាក់ជាតិ ជាដើម។

លោកថា ក្រៅពីនេះរដ្ឋាភិបាល ក៏ត្រូវបើកទូលាយ និងលើកទឹកចិត្តដល់ពលរដ្ឋ ឬប្រជាសហគមន៍ក្នុងការចូលរួមរាយការណ៍ ឬការពារធនធានធម្មជាតិ ដោយគ្មានការរារាំង ឬការគំរាមកំហែង។

គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិត្រូវបានបង្កើតឡើងកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។

ក្រោយការបង្កើតបានប្រមាណជា ៣ខែ គណៈកម្មការជាតិមួយនេះ ចាប់បានឈើខុសច្បាប់ប្រភេទឈើប្រណិតជាង ៧ម៉ឺនម៉ែត្រគូប និងប្ដឹងឈ្មួញរកស៊ីចំនួន ៥៧ករណីទៅតុលាការ ប៉ុន្តែរហូតមកទល់ពេលនេះ ទាំងគណៈកម្មការ និងតុលាការ នៅមិនទាន់បានបង្ហាញថាតើឧក្រិដ្ឋជនធំៗក្នុងសំណុំរឿងទាំងនោះជានរណាឲ្យពិតប្រាកដនៅឡើយទេ៕  

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស