វីដេអូ

ជប៉ុនបញ្ចេញថវិកាពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍សំដៅកាត់បន្ថយឥទ្ធពលចិន

By ឌឹ ខេមបូឌា ដេលី

July 17, 2019

ទិន្នន័យមួយ របស់ក្រុមស្រាវជ្រាវ Fitch Solutions បានឲ្យដឹងថាជប៉ុននៅពេល នេះកំពុងតែជោគជ័យដោយការបន្ថែមវិនិយោគទុនរាប់ពាន់លានដុល្លារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន ដែលត្រូវគេមើលឃើញថា ជាការប្រកួតប្រជែងដើម្បីយកប្រៀបលើប្រទេសចិន។

ក្រុមស្រាវជ្រាវ Fitch Solutions ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបានឲ្យដឹងថាអាស៊ានដែលមានសមាជិក១០ប្រទេស នោះមានទំហំ សេដ្ឋកិច្ចធំទី៦នៃពិភពលោក។ ក្រុមស្រាវជ្រាវនេះបានបញ្ជាក់ទៀតថាជប៉ុនបានដាក់ភាគហ៊ុននិវិយោគ ចូលក្នុងតំបន់នេះនូវប្រាក់៣៦៧ពាន់លានដុល្លារអាមេរិក ហើយចំណែកចិនសរុបមានចំនួន២៥៥ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

តាមតួលេខនេះមានន័យថាជប៉ុនចាប់ផ្ដើមប្រើប្រាស់ប្រាក់ជំនួយរបស់ខ្លួនដ៏ សម្បើមក្នុងមហិច្ចតាធ្វើឲ្យលើសលប់លើឥទ្ធិពលមុខជំនួញប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប៉ាន់ប្រមាណថាសេដ្ឋកិច្ចក្នុងតំបន់អាស៊ានត្រូវការប្រាក់ជំនួញវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធយ៉ាងតិច ២១០ពាន់លាន ដុល្លារក្នុងមួយឆ្នាំៗ។

តួលេខរបស់ Fitch Solutions ដែលទទួលបានដោយបណ្ដាញផ្សាយព័ត៌មានរបស់អាមេរិក Bloomberg ចុះផ្សាយកាលពីថ្មីៗនេះថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៨ មកជប៉ុនបានដាក់ទុនវិនិយោគរបស់ខ្លួនក្នុងតំបន់ចំនួន ២៣០ពាន់លានដុល្លារ។ ចំណែកចិនវិញមានចំនួន១៥០ពាន់លានដុល្លារ។

ក្រុមស្រាវជ្រាវនេះបានបញ្ជាក់ទៀតថាប្រទេសវៀតណាមគឺជាគោលដៅសេដ្ឋកិច្ចធំជាងគេដែលជប៉ុនចាប់យកវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះក្នុងគំរោងដែលមានទឹកប្រាក់ចំនួន ២០៩ពាន់លានដុល្លារអាមេរិក។ ក្នុងសាច់ ប្រាក់ទាំងនេះគឺជិត ៦០ពាន់លានដុល្លារនឹងវិនិយោគទៅលើវិស័យរថភ្លើងល្បឿនលឿនពីទីក្រុងហាណូយទៅទីក្រុង ហូជីម៉ីញ។ ដោយឡែកប្រទេសចិនវិញបានចាប់យកប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនជាង២៦៤លាននាក់នូវទឹកប្រាក់វិនិយោគជិត ១៨ពាន់លានដុល្លារ ដោយធ្វើការវិនិយោគតែទៅលើសំណង់ និងវារីអគ្គិសនី ប៉ុណ្ណោះ។

តាម ប្រភពរបស់Bloombergនៅតំបន់អាស៊ីអាគ្នេយ៍គំរោងវិនិយោគទុនរបស់ជប៉ុនកំពុងតែសកម្មយ៉ាងខ្លាំង គឺមានដល់ទៅ២៤០គំរោងចំណែកចិនមាន២១០គំរោង។ ការវិនិយោគរបស់ជប៉ុនក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនមែនតែនៅតំបន់អាស៊ីអាគ្នេយ៍ មួយប៉ុណ្ណោះទេ ប៉ុន្តែក៏មានការវិនិយោគនៅតំបន់អាស៊ីខាងត្បូងដែរ។ យុទ្ធសាស្ដ្ររបស់ជប៉ុន ត្រូវបានគេកត់សំគាល់ថា គឺដើម្បីធ្វើឲ្យមានតុល្យភាពលើគំរោងយុទ្ធសាស្ដ្ររបស់ប្រទេសចិនដែលគេហៅថា«ខ្សែក្រវ៉ាត់មួយផ្លូវមួយ»ហើយកំពុងមានឥទ្ធិពលក្នុងតំបន់អាស៊ី និងនៅតំបន់អាហ្វ្រិក។ មិនតែប៉ុណ្ណោះជប៉ុនក៏ធ្វើឲ្យមានតុល្យភាពក្នុងតំបន់អាស៊ីអាគ្នេយ៍នេះគឺទៅលើឥទ្ធិពលសន្ដិសុខយោធារបស់ប្រទេសចិន ដែលត្រូវបានរាយការណ៍ថាកំពុងមានវត្តមាននៅក្នុងប្រទេសក្នុងតំបន់មួយចំនួន ហើយក្នុងនោះអាចមានប្រទេសកម្ពុជាមួយផងដែរ។

តាមរយៈយុទ្ធសាស្ដ្រ«ផ្លូវមួយខ្សែក្រវ៉ាត់មួយ»ប្រទេសមួយចំនួនក្នុង តំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូងនិងប្រទេសមួយចំនួននៃទ្វីប អាហ្វ្រិចបានធ្លាក់ក្នុងបំណុលរបស់ចិន ពាន់លានដុល្លារ។

ក្នុងន័យនេះសម្រាប់ជប៉ុនក៏ត្រូវបានរាយការណ៍មកថា ខ្លួនចាប់ដៃជាមួយឥណ្ឌា ដើម្បីជួយស្ដារបំណុលប្រទេសមួយចំនួនដែលធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិនដូចជាប្រទេសស្រីលង្កាជាដើម៕