សហរដ្ឋអាមេរិក នៅថ្ងៃនេះ អះអាងថាមន្ត្រីជំនាញរបស់ខ្លួនកំពុងស៊ើបអង្កេតជុំវិញបញ្ហាកាកសំណល់ថង់ប្លាស្ទិកជិត១០០ កុងទឺន័ររកឃើញនៅខេត្តព្រះសីហនុ ដោយមន្ត្រីរដ្ឋាភិបាល ចោទប្រកាន់សហរដ្ឋអាមេរិកនិងប្រទេសកាណាដា ជាអ្នកនាំចូលសំរាមកាកសំណល់ទាំងនោះ។
ថ្លែងប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Emily Zeeberg បញ្ជាក់ថា អាមេរិកកំពុងតាមដានរបាយការណ៍ស្តីសំរាមនៅខេត្តព្រះសីហនុ ដែលអាជ្ញាធរកម្ពុជាចោទថា នាំចូលពីប្រទេសខ្លួន និងកាណាដា។
លើសពីនេះ ទៀត អាមេរិកស្នើសុំព័ត៌មានបន្ថែម ជុំវិញបញ្ហានេះ ហើយក៏ស្នើផ្តល់ជំនួយដល់កម្ពុជាដើម្បីកំណត់ពីប្រទេសដើមដែលនាំចេញ និងក្រុមហ៊ុនដែលនាំចូលកម្ពុជាផងដែរ។
ប្រភពដដែល ក៏បានដកស្រង់សម្តីរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា លោក គុណ ញឹម លើកឡើងថាជាការស្រាវជ្រាវបឋម ដោយមន្ត្រីជំនាញរដ្ឋាភិបាល បានសហការជាមួយសមត្ថកិច្ច ចុះបើកទូរកុងទីន័រ រកឃើញកាកសំណល់ថង់ប្លាស្ទិកមានចំនួន៨៣ កុងទឺន័រ នឹងមានទម្ងន់ជិត១៦០០តោន ស្ថិតនៅលើកំពង់ផែស្វយ័តខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា បើពិនិត្យតាមឯកសារទៅលើទូរកុងទឺន័រមួយចំនួន បង្ហាញថាកាកសំណល់នោះបាននាំចូលមកពីអាមេរិក និងប្រទេសកាណាដា ។
មន្ត្រីដដែលបន្តថា សំរាមនេះ រដ្ឋាភិបាលនឹងបញ្ជូនទៅប្រទេសដើមវិញ ក្រោយពីធ្វើការស្រាវជ្រាវចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ ហើយក្រុមហ៊ុនដែលនាំចូលប្រឈមការពិន័យ និងដកហូតអាជ្ញាប័ណ្ណ ឈប់ឲ្យធ្វើអាជីវកម្មបន្តទៀត។
ករណីយកកាកសំណល់មកបោះចោលនៅកម្ពុជានេះ មិនមែនទើបតែកើតមានជាលើកទី១នោះទេ ពោលគឺ កាលពីប៉ុន្មានឆ្នាំមុន កាកសំណល់សារធាតុគីមីជាច្រើនកុងទឺន័រក៏ត្រូវបានគេដឹកយកពីបរទេស មកបោះចោលនៅកម្ពុជាផងដែរ៕