វីដេអូ

លោកប្រាយុទ្ធសារភាពថារដ្ឋាភិបាលរបស់លោកថ្មីនេះពុំមានអំណាចដូចមុនទៀតទេ

By ឌឹ ខេមបូឌា ដេលី

July 18, 2019

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ដែលបានឡើងកាន់អំណាច ម្ដងទៀត តែពេលនេះ ជានាយករដ្ឋមន្ត្រីជាប់ឆ្នោត បានត្អូញត្អែលថា ការដឹករបស់លោកនៅក្នុងរដ្ឋាភិបាលថ្មីនេះ គឺរូបលោក ពុំមានសិទ្ធអំណាចច្រើនទេ ។

តាមការចុះផ្សាយរបស់ សារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១៦ កក្កដា លោកប្រាយុទ្ធបានថ្លែងដូចនេះក្រោយកិច្ចប្រជុំចុងក្រោយនៃគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាចដោយអំពើរដ្ឋប្រហារ កាលពីឆ្នាំ ២០១៤។

លោក ប្រាយុទ្ធ បានសារភាពថា រដ្ឋាភិបាលថ្មីនេះ អាចនឹងពិបាកក្នុងការដោះស្រាយបញ្ហានានា ព្រោះមិនមានអំណាចខ្លាំងដូចរដ្ឋាភិបាលមុនឡើយ។  តែលោកសន្យាថា ទោះជាលោកពុំមានអំណាចច្រើនដូចមុនក៏ដោយ តែលោកត្រូវគិតផលប្រយោជន៍ជាធំ។

រាជាណាចក្រថៃ បានឆ្លងកាត់ការធ្វើរដ្ឋប្រហារ ជិត២០លើកមកហើយ ចាប់តាំងពីប្រទេសនេះ បានចាប់យករបប ប្រជាធិបតេយ្យអាស្រ័យរាជានិយម នៅឆ្នាំ១៩៣៤។

ជាការកត់សម្គាល់ ប្រជាធិបតេយ្យរបស់ប្រទេសនេះ  ត្រូវបានស្ដារឡើងវិញបន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកសភា កាលពីថ្ងៃទី២៤ទីមីនាឆ្នាំ ២០១៩។ រដ្ឋាភិបាលចុងក្រោយ ដែលលោកប្រាយុទ្ធធ្វើរដ្ឋប្រហារដណ្ដើមយក គឺគណៈរដ្ឋមន្ត្រី របស់គណបក្សភឿថៃ ក្រោមការដឹកនាំ របស់លោកស្រីយីងឡាក់។ រដ្ឋាភិបាលរបស់លោកប្រាយុទ្ធនៅពេលនោះ គឺពួកយោធានៅពីក្រោយ ដែលវិធានការទាំងឡាយសុទ្ធតែ អនុវត្តតាមច្បាប់សឹក។

តែយ៉ាងណា នេះគឺជាការប្រកាសបញ្ចប់របបយោធា របស់លោកប្រាយុទ្ធ ចន្ទអូចា កាលពីថ្ងៃទី១៥ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលយោធា។ លោក ប្រាយុទ្ធ និយាយថា សិទ្ធិ និងសេរីភាព ក៏ត្រូវបានការពារក្រោមរដ្ឋធម្មនុញ្ញ ហើយបញ្ហា ត្រូវដោះស្រាយតាមរយៈដំណើការប្រជាធិបតេយ្យ។

លោកថាកាលពីរដ្ឋាភិបាល មុន គឺលោកមាន អំណាចពិសេសនេះ គឺក្រោមមាត្រា៤៤ ដែលផ្ដល់ឲ្យលោក អាចសម្រេចបានតាមចិត្ត ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីអ្វីឡើយ។តែពេលនេះ លោកថា អណាចរបស់លោកត្រូវកាត់តម្រឹម ដោយអំណាចរបស់សភា។

លោក ប្រាយុទ្ធ បន្ថែមថា ការដោះស្រាយបញ្ហាឲ្យប្រជាជន គឺអាចធ្វើឡើងយឺតៗនិងប្រុងប្រយ័ត្ន គឺដោយសារតែមានការរឹតត្បិតហើយ ចាំបាច់ត្រូវ ស្ដាប់មតិផ្សេងៗជាពិសេសមតិជំទាស់។ យ៉ាងណា លោកទទូចថា គ្រប់ភាគី ត្រូវតែរៀនរស់នៅដោយសន្តិភាព រក្សាការអត់ធ្មត់ បញ្ជៀសជម្លោះ ។

លោក ប្រាយុទ្ធ ក៏ឆ្លៀតរំលេចស្នាដៃរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់អំឡុងពេល៥ឆ្នាំក្រោមការដឹកនាំរបស់លោក។ លោកអះអាង ថា ក្រុមប្រឹក្សានេះ សម្រេចបានសមិទ្ធផល ជាច្រើន ដោយប្រឹងប្រែងប្រកបដោយការ អត់ធ្មត់ និងការលះបង់ នាំអោយរបបយោធាបង្កើតជាមូលដ្ឋានថ្មីក្នុងការផ្ទេរការដឹកនាំរដ្ឋាភិបាលយោធាមករដ្ឋាភិបាលស៊ីវិលដូចពេលនេះ។

អតីតឧត្តមសេនីយ៍រូបនេះ មានអាយុ ៦៥ឆ្នាំ ។ លោកដឹកនាំគណបក្សបាល្ល័ង្ក ប្រាចារ៉ាត់ចូលរួមការបោះឆ្នោត សភាកាលពីថ្ងៃទី២៤មីនា ដោយបានដណ្ដើមសន្លឹកឆ្នោតបានលំដាប់ទី២ បន្ទាប់ពីគណបក្ស ភឿថៃ។ លោកបានឡើងធ្វើជានាយករដ្ឋមន្ត្រី ដោយមានបក្សនយោបាយចំនួន១៩គណបក្សដែលគេហៅថា រដ្ឋាភិបាលចម្រុះ។ លោកត្រូវបានសមាជិកព្រឹទ្ធសភាមកពីក្រុមប្រឹក្សាយោធា២៥០នាក់ និងសមាជិកសភា ថ្មីនៃក្រុមរបស់លោក បោះឆ្នោតគាំទ្រលោកជានាយករដ្ឋមន្ត្រី។

ប៉ុន្តែសម្រាប់អាណត្តិនេះ រដ្ឋសភាថៃមាន៥០០រូប គឺជាងពាក់កណ្ដាល មកពីប៉ូលនយោបាយរណសិរ្សប្រជាធិបតេយ្យដែលជា ក្រុមសំឡេងភាគច្រើន ក្នុងរដ្ឋសភា ហើយក្រុមនេះអាចរាំងខុ្ទប់អំណាចរបស់លោកប្រាយុទ្ធដោយមិនអោយមានអំណាចច្រើន ដូចមុនទៀតឡើយ៕