30 C
Phnom Penh

នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខេត្តព្រះសីហនុ សម្រេចចាប់ខ្លួនប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងចាងហ្វាងកាសែត TN TV  ព្រមទាំងពលរដ្ឋចំនួន៥នាក់ផ្សេងទៀត ជុំវិញករណីដីធ្លីនៅខេត្តមួយនេះ។

ប្រធានក្លឹបអ្នកកាសែតឯករាជ្យ លោក ហ៊ុន សុខា និង ចាងហ្វាង កាសែត TN TV លោក កែវ រតនា រួមទាំងមនុស្ស៥នាក់ផ្សេងទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នាំខ្លួនយកទៅសួរនាំពាក់ព័ន្ធបញ្ហាដីធ្លីកាលពីពេលកន្លងទៅ ស្ថិតនៅក្រុងព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងនារសៀលថ្ងៃនេះថា ពួកគេទាំង ៧នាក់ ត្រូវបានមន្ដ្រីរាជអាវុធហត្ថសួរនាំ នៅទីបញ្ជាការដ្ឋានរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធទៅនឹងបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត។

យ៉ាងនេះក្តី នៅលើទំព័រហ្វេសប៊ុករបស់សាព័ត៌មាន TN TV បានផ្សាយផ្ទាល់ពីទិដ្ឋភាពពលរដ្ឋចំនួន២៤គ្រួសារ ដែលមានដីទំនាស់ជាមួយក្រុមហ៊ុន ថៃប៊ុនរ៉ុង របស់លោកឧកញ៉ា ខូវ សម្បត្តិ នាំគ្នាតវ៉ា ដើម្បីទាមទាររកដំណោះស្រាយ។

ដីទំនាស់នេះ មានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវ ២៨មិថុនា ទល់នឹងព្រែកទប់ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ចាងហ្វាងសារព័ត៌មានដដែល លោក កែវ រតនា បានរៀបរាប់នៅក្នុងការផ្សាយនោះថា កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ពលរដ្ឋដែលមានទំនាស់ដីធ្លីមួយចំនួន ខណៈពួកគាត់ព្យាយាមរារាំងគ្រឿងចក្រចូលឈូសឆាយនៅលើដីមានទំនាស់នោះ។ លោកអះអាងថាដីមានទំនាស់នោះ មានចំនួន៥៦ឡូត៍ក្នុងចំណោមដី ៦៦ឡូត៍ ដោយមួយឡូត៍មានទំហំ ទទឹង៣០ម៉ែត្រ និងបណ្តោយ៣៥ម៉ែត្រ ។

ប្រភពដដែលឲ្យដឹងទៀតថាខណៈបញ្ហាដីមានទំនាស់នេះ នៅពុំទាន់បានដោះស្រាយចប់នៅឡើយ បែជាភាគីក្រុមហ៊ុន ថៃប៊ុនរ៉ុង របស់លោកឧកញ៉ា ខូវ សម្បត្តិ ដាក់គ្រឿងចក្រឈូសឆាយរបងដី ដោយមិនព្រមដោះស្រាយជាមួយពលរដ្ឋនោះឡើយ។

ក្រុមប្រជាពលរដ្ឋកាលពីព្រឹកម៉ិញនេះបាននាំគ្នាតវ៉ាទាំងហាលភ្លៀង និងបានស្នើឱ្យអភិបាលខេត្តព្រះសីហនុថ្មី លោក កួច ចំរើន ជួយអន្តរាគមន៍ជុំវិញករណីនេះ។

ខេត្តព្រះសីហនុ ក្នុងអាណត្តិអភិបាលខេត្តចាស់ គឺ លោក យន្ត មីន បញ្ហាដីធ្លីបានកើតឡើងស្ទើរទូទាំងខេត្ត ហើយមានករណីខ្លះរហូតឈានដល់ការផ្ទុះអំពើហិង្សា និងមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចទៅលើក្រុមពលរដ្ឋមានទំនាស់ដីធ្លីទាំងនោះ បង្កឱ្យមានរបួសធ្ងន់និងស្រាលថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស