26 C
Phnom Penh

អង្គការសង្គមស៊ីវិល រកឃើញថាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តធ្លាក់ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសង្គមស៊ីវិលចំនួន៣ បានរកឃើញថាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនៅកម្ពុជាបន្តធ្លាក់ចុះ និងរងការរឹតត្បិតផងដែរ។

អង្គការសង្គមស៊ីវិលចំនួន៣ កាលពីម្សិលមិញ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការមជ្ឈមណ្ឌលសាមគ្គីភាព ចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយ ដោយរកឃើញថា សិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជាបន្តធ្លាក់ចុះ និងរងការរឹតត្បិតជាខ្លាំង ដោយសារការអនុវត្តច្បាប់មិនបានត្រឹមត្រូវ ហើយអាជ្ញាធរបន្តការឃ្លាំមើលការជួបជុំរបស់ពលរដ្ឋ។

បន្ថែមពីនេះ លំហអនុវត្តសេរីភាពមូលដ្ឋាននៅតែបន្តរងការរឹតត្បិត ព្រោះតែកត្តាធំៗចំនួនបីរួមមាន ការធ្វើវិសោធនកម្មច្បាប់ដែលនាំឱ្យសេរីភាពមូលដ្ឋានរបស់មនុស្សកាន់តែរួមតូចចង្អៀត។ ការអនុវត្តច្បាប់មិនត្រឹមត្រូវ និងការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋត្រូវបានធ្លាក់ចុះ។ សេរីភាពសំខាន់ៗដែលរួមមាន សេរីភាពខាងការបង្កើតសមាគម សេរីភាពបញ្ចេញមតិ និងសេរីភាពជួបប្រជុំ សុទ្ធតែត្រូវបានរងការបំភ័យ រំខាន និងគាបសង្កត់ពីសំណាក់អាជ្ញាធរររដ្ឋាភិបាល។

ការរកឃើញនេះ ដោយសារមានពាក្យបណ្តឹងផ្ទាល់ពីពលរដ្ឋ ចំនួន ១៦៧ករណី ការស្ទង់មតិមហាជនជិត១ពាន់នាក់(៩៩២) ការស្ទង់មតិថ្នាក់ដឹកនាំសង្គមស៊ីវិល និងសហជីពជាង២រយនាក់ និងការវិភាគលើករណីពាក់ព័ន្ធជាង៦រយករណី។  

យ៉ាងណាក៏ដោយ កន្លងមកមន្ត្រីរដ្ឋាភិបាលតែងប្រកាសការពាររាល់ការចោទប្រកាន់បែបនេះ ដោយថាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីយ៉ាងពេញលេញក្នុងការរស់នៅ ការបញ្ចេញមតិនានា ហើយថាកម្ពុជាក៏ជាឋានសួគ៌របស់អង្គការសង្គមស៊ីវិលផងដែរ។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជានៃអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកន្លងមកថា អ្នកស្រីនៅតែមានក្តីបារម្ភចំពោះការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ជាពិសេសការធ្វើទុក្ខបុក្នម្នេញទៅមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិឥតឈប់ឈរតែម្តង៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស