38 C
Phnom Penh

ជំងឺគ្រុនឈាមបានសម្លាប់ពលរដ្ឋកម្ពុជាចំនួន ២៥នាក់ រយៈពេលជាង ៦ខែដើមឆ្នាំនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលបានឱ្យដឹងថា ស្ថានភាពជំងឺគ្រុនឈាមរយៈពេលជាង ៦ខែដើមឆ្នាំនេះ មានការផ្ទុះឡើងគួរឱ្យកត់សម្គាល់ ដោយគិតចាប់ពីខែមករា ដល់សប្តាហ៍ទី២នៃខែកក្កដា ឆ្នាំនេះ អ្នកកើតជំងឺគ្រុនឈាមមានចំនួនជាង ២ម៉ឺននាក់ (២១ ១៣០) និងមានអ្នកស្លាប់ចំនួន២៥នាក់ ។

របាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅសប្តាហ៍នេះបានឲ្យដឹងថា ក្នុងចំណោមខេត្តទាំង២៥ គឺមានខេត្តចំនួន៩កំពុងប្រឈមការកើនឡើង ចំណែកខេត្ត១៦ទៀត ស្ថានភាពជំងឺគ្រុនឈាមមានការថយចុះ។ របាយការណ៍នេះ បញ្ជាក់ថា ខេត្តដែលកំពុងប្រឈមកើនឡើងជំងឺគ្រុនឈាមនេះ មានខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកែប ខេត្តកំពត ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានត្រៀមថ្នាំអាបេត ថ្នាំបាញ់មូស សេរ៉ូមសម្រាប់ព្យាបាល និងចែកចាយរួចជាស្រេចទៅដល់មន្ត្រីក្រុមការងារនៅទូទាំង២៥រាជធានី-ខេត្ត ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីបញ្ហាបង្ការនានាទៅកាន់ពលរដ្ឋថែមទៀតផង។

 

របាយការណ៍ដដែល លើកឡើងថា តួលេខអ្នកកើតជំងឺគ្រុនឈាមមានការកើនឡើងប្រហែល៥ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដោយពេលនោះជំងឺគ្រុនឈាមកើតឡើងជិត       ៤ពាន់ករណី(៣៩២៦) និងមានពលរដ្ឋស្លាប់ចំនួន៧នាក់ប៉ុណ្ណោះ។

ជំងឺគ្រុនឈាមកើតលើមនុស្សគ្រប់វ័យ ទាំងក្មេងទាំងចាស់ប្រុសស្រី ប៉ុន្តែក្នុងក្រុមកុមារអាយុពី៥-១៤ឆ្នាំ ឈឺច្រើនជាងគេ។ ចំណែកអត្រាស្លាប់ខ្ពស់ គឺក្រុមកុមារមានអាយុតិចជាង៥ឆ្នាំ។ ក្នុងចំណោមពលរដ្ឋស្លាប់ចំនួន២៥នាក់ គឺមានកុមារអាយុក្រោម៥ឆ្នាំ មានចំនួន៩នាក់បានស្លាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស