ភរិយាលោក កែម ឡី បានចោទលោកហ៊ុន សែន និង របបនេះជាថ្មីទៀតថាអ្នករៀបចំប្រព័ន្ធក្នុងការសម្លាប់ស្វាមីអ្នកស្រីកាលពីបីឆ្នាំមុន។
អ្នកសិក្សាការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យផង លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងស្តាម៉ាតនៃប្រេង ឥន្ធណៈកាល់តិច នៅម្ដុំស្តុបបូកគោក កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ក្នុងឆ្នាំ២០១៦។
ការស្លាប់លោកបណ្ឌិត កែម ឡី គឺ ពីរថ្ងៃក្រោយពេលលោកបានបកស្រាយបន្ថែមទៅលើរបាយការណ៍អន្តរជាតិ Global Witness ដែលបានបង្ហាញពីអាណាចក្រអាជីវកម្មនៅកម្ពុជាស្ទើរតែគ្រប់យ៉ាង គ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុន។
រហូតមកទល់ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបុរសតែម្នាក់គត់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា «ជួប សម្លាប់» ហើយតុលាការក៏បានកាត់ទោស បុរសរូបនេះឱ្យជាប់គុកអស់មួយជីវិត។ ក្នុងចម្លើយសារភាពក្រោយពីត្រូវបានចាប់ខ្លួនតែប៉ុន្មាននាទីក្រោយឃាតកម្មកើតឡើងនោះ ជួប សម្លាប់ បានអះអាងថា រូបគេមានគំនុំជាមួយលោកបណ្ឌិត កែម ឡី ជុំវិញការជំពាក់លុយរូបគេចំនួន ៣,០០០ដុល្លារ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលទើបចេញផ្សាយនៅថ្ងៃនេះ ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា អះអាងថា អ្នកស្រីមិនអាចទទួលយកបាននោះឡើយចំពោះចម្លើយរបស់បុរសរូបនេះ និងថាជាការប្រឌិតឡើងទាំងស្រុង។ អ្នកស្រី ប៊ូ រចនា បានអះអាងថាការសម្លាប់ប្តីអ្នកស្រី គឺពាក់ព័ន្ធនឹងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។
អ្នកស្រីបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា ការសម្លាប់ស្វាមីអ្នកស្រី គឺជាការរៀបចំជាមុន និងជាប្រព័ន្ធរបស់ជនដែលកំពុងគ្រប់គ្រងអំណាចក្នុងស្ថាប័នរដ្ឋសំខាន់ៗ ហើយអាចជាសាច់ញាតិរបស់អ្នកដែលជាប់ឈ្មោះក្នុងរបាយការណ៍អង្គការ Global Witness ដែល សរសេរអំពីក្រុមហ៊ុនសំខាន់ៗចំនួន ១១៤ក្រុមហ៊ុន ដែលមានក្រុមគ្រួសារត្រកូល ហ៊ុន របស់លោកនាយករដ្ឋមន្ត្រី ជាម្ចាស់ហ៊ុនកំពុងគ្រប់គ្រងដោយចុះបញ្ជីត្រឹមត្រូវពេលនោះ។
អ្នកស្រីសោកស្តាយ ដោយអ្នកផ្ដួចផ្ដើម អ្នកផ្ដល់មធ្យោបាយ និងអ្នកប្រព្រឹត្តជាជនដៃដល់ក្នុងការសម្លាប់ស្វាមីអ្នកស្រីមិនត្រូវបានចាប់ខ្លួន ហើយនៅក្រៅសំណាញ់ច្បាប់នៅឡើយ។
លើសពីនេះ របបលោកហ៊ុន សែន កំពុងមានការភ័យខ្លាចអ្នកគាំទ្ររបស់លោកបណ្ឌិត កែម ឡី ដែលនាំឲ្យមានការបង្ក្រាប និងចាប់ខ្លួនដល់អ្នកគាំទ្រ និងគោរពស្រលាញ់បណ្ឌិត កែម ឡី ដោយគ្រាន់តែមានបំណងប្រារព្ធពិធី និងទៅដាក់កម្រងផ្កាតាមសាសនាជំនឿរបស់ជាតិកាលពីថ្ងៃ ១០ កក្កដា ២០១៩ ជាខួប ៣ឆ្នាំកន្លងទៅនេះ។
យ៉ាងនេះក្តី ក្រោយអំពើឃាតកម្មលោកបណ្ឌិតកែម ឡី កាលពីថ្ងៃទី ១០ កក្កដា ២០១៦ លោក ហ៊ុន សែន បានសម្តែងការសោកស្តាយនិងបដិសេធចំពោះការចោទប្រកាន់លោក និងរដ្ឋាភិបាលលោកចំពោះអំពើឃាតកម្មនេះ។
តែសម្រាប់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី វិញ នៅតែអះអាងថាលោកហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មដ៏ល្បីល្បាញមួយនេះ ព្រមទាំងនៅពីក្រោយខ្នងអំពើឃាតកម្មធំៗនៅកម្ពុជា រាប់មិនអស់ផ្សេងទៀត។
ជាង៣ឆ្នាំមកហើយ អំពើឃាតកម្មនេះ គឺ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ឈ្មោះអឿត អាង ហៅជួបសម្លាប់ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ទោសអស់មួយជីវិត ប៉ុន្តែការសម្រេចនេះត្រូវបានគ្រួសារ សង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនទាត់ចោល និងស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយខ្នងពិតប្រាកដយកផ្តន្ទាទោស៕