38 C
Phnom Penh

អ៊ីរ៉ង់ជោគជ័យក្នុងល្បែងសង្គ្រាមសងសឹកវគ្គដំបូងតែអាចនឹងធ្លាក់ក្នុងសង្គ្រាមដ៏គ្រោះថ្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺគ្មានអ្វីត្រូវឆ្ងល់ទៀតទេដែលថាអ៊ីរ៉ង់ចុះចាញ់សហរដ្ឋអាមេរិក និងអង់គ្លេស។ ការរឹបអូសនាវារបស់អង់គ្លេសមួយគ្រឿង ដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ពិតជាជោគជ័យរបស់អ៊ីរ៉ង ក្នុងល្បែងសងសឹកវាយបកអង់គ្លេសវិញ ដែលបាន រឹបអូសនាវាដឹកនាំប្រេងរបស់អ៊ីរ៉ងកាលពីសប្ដាហ៍កន្លងមកនេះ។

ល្បែងដ៏គ្រោះថ្នាក់នេះអ៊ីរ៉ង់ទេ ជាអ្នកបង្កាត់ភ្លើងដោយសារតែសាធារណរដ្ឋឥស្លាមមួយនេះមិនព្រមចុះចាញ់ ទោះបីខ្លួនបានរំលោភលើច្បាប់អន្ដរជាតិ ដែលបានលួចលាក់ដឹកប្រេងផ្គត់ផ្គង់ទៅឱ្យប្រទេសស៊ីរី។ ការរឹបអូសនាវារបស់អង់គ្លេសមួយគ្រឿង បាននាំឱ្យល្បែង សង្គ្រាមលើឈូងសមុទ្រពែក្សត្រូវគេមើលឃើញថាចាប់ផ្ដើមលេង បណ្ដើរៗ ហើយ ខណៈអ៊ីរ៉ង់តាំងខ្លួនថាខ្លួនជាឈ្នះក្នុងល្បែងសងសឹកនេះ។

បើនិយាយពីចលនា ឆ្ពោះទៅរកសង្គ្រាមលើតំបន់ឈូងសមុទ្រពែក្ស រវាងអាមេរិក និងអ៊ីរ៉ង់ ឬក៏រវាងអង់គ្លេសនិងអ៊ីរ៉ង់ គឺមើលទៅបានចាប់ផ្ដើមលេងបណ្ដើរហើយ។

ល្បែងសង្គ្រាមនេះចាប់ផ្ដើមលេងដំបូងដោយអ៊ីរ៉ង់តែម្ដងគឺកាលដែលអ៊ីរ៉ង់បាញ់ទំលាក់យន្ដហោះ Drone របស់អាមេរិក ដែលនាំអោយ អាមេរិកគំរាមវាយសន្ធប់ទៅលើអ៊ីរ៉ង់ ដោយប្រកាសថានឹងប្រើប្រាស់ទ័ពជើងអាកាសនឹងបាញ់គ្រាប់មីស៊ីលលើទឹកដីអ៊ីរ៉ង់។

មិនយូរប៉ុន្មានផង គឺអង់គ្លេសឯណោះទៅវិញទេ បានចាប់រឹបអូសកប៉ាល់ដឹកប្រេងដ៏ធំមួយរបស់អ៊ីរ៉ង់ក្រោមហេតុផលថាកប៉ាល់នោះបានដឹកប្រេងទៅឲ្យប្រទេសស៊ីរីដែលជាការរំលោភ លើច្បាប់ដាក់ទណ្ឌកម្មរបស់អន្តរជាតិ មិនឲ្យមានការផ្គត់ផ្គត់ផ្គង់ ប្រេងទៅអោយប្រទេសដែលហែកហួរដោយសង្រ្គាមស៊ីវិល។

មិនយូរប៉ុន្មានផង  គឺកាលពីព្រឹកថ្ងៃសៅរិ៍ទី២០កក្កដានេះឆ្មាំបដិវត្តន៍អ៊ឺរ៉ង់ក៏បានសម្រេចបំណងរបស់ខ្លួនដោយជោគជ័យគឺបានរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសមួយគ្រឿងដែលមានដោតទង់ជាតិអង់គ្លេសមានឈ្មោះថា Stena Bulk  ។ នេះជាល្បែងសងសឹកគ្នាយ៉ាងពិតប្រាកដ។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះអង់គ្លេសបានបន្ថែមនាវាចម្បាំងមួយគ្រឿងទៀតមកកាន់ឈូងសមុទ្រពែក្យ ដែលនាំអោយនាវាចម្បាំងរបស់អង់គ្លេសកើនឡើងចំនួន៣គ្រឿង។

នៅលើឈូងសមុទ្រពែក្សជាពិសេសច្រកសមុទ្រ អូម៉ុស គឺជាផ្លូវនាវាចរណ៍ដ៏សកម្មដើម្បីដឹកប្រេងចេញពីតំបន់មជ្ឈឹមបូព៌ា ធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ដែរ។

ភ្លាមៗបន្ទាប់ពី អ៊ីរ៉ង់សងសឹងបានដោយជោគជ័យ  ភ្លាមៗអង់គ្លេស បានបើកប្រជុំគណៈរដ្ឋមន្ដ្រីរបស់ខ្លួន ដោយធ្វើការព្រមានថាអ៊ីរ៉់ង់ថានឹងជួបផលលំបាកធ្ងន់ធ្ងរប្រសិនបើមិនដោះលែងកប៉ាល់របស់អង់គ្លេសទេនោះ។ ជម្លោះ រវាងអ៊ីរ៉ង់ និងអង់គ្លេស នាំឲ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកសប្បាយចិត្តជាខ្លាំង។ លោកត្រាំបាននិយាយថាអង់គ្លេស និងអាមេរិកទោះជាមិនបានចុះកិច្ចព្រព្រៀង ជាមួយគ្នាថាត្រូវចាប់ដៃគ្នាវាយប្រហារអ៊ីរ៉់ង់ក៏ដោយ ប៉ុន្តែប្រទេសទាំងពីរគឺជាមិត្តប្រវត្តិសាស្ដ្រជាមួយគ្នារួចទៅហើយ។

ជាការពិតល្បែងនេះ គឺចាប់ផ្ដើមលេងដំបូង គឺរវាងអាមេរិកនិងអ៊ីរ៉ង់ ប៉ុន្តែពេលនេះ បានធ្លាក់ក្នុងល្បែង ត្រីភាគី គឺពីរស៊ីមួយទៅវិញ។

គេហទំព័រ Breitbart.com ចុះផ្សាយថាលោកត្រាំប្រកាសគាំទ្រអង់គ្លេសដែលគំរាមកំហែងអ៊ីរ៉ង់។ លោកត្រាំបានហៅល្បែងដែលអ៊ីរ៉ង់កំពុងលេងជាមួយអង់គ្លេសនៅពេលនេះគឺអ៊ីរ៉ង់កំពុងតែធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរហើយ។

កាលពីថ្ងៃទី១៩កក្កដា លោកត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មានថាកងទ័ពអាមេរិកបានបាញ់ទំលាក់ Drone របស់អ៊ីរ៉ង់មួយគ្រឿងឆេះផ្ទុះធ្លាក់លើឈូងសមុទ្រពែក្ស។ ប៉ុន្តែអ៊ីរ៉ង បដិសេធហើយថា Droneនោះ គឺជារបស់អាមេរិកទៅវិញទេ។

លោកត្រាំថា Drone  របស់អ៊ីរ៉ង់នេះគឺបានហោះហើរគៀកបំផុតនឹងនាវាផ្ទុកយន្ដហោះរបស់អាមេរិក គឺនៅកំពស់៩១៤មែត្រប៉ុណ្ណោះ។   នេះជាល្បែងដែលអាមេរិកសងសឹកនឹងអ៊ីរ៉ង់ដែលបានបាញ់ទំលាក់ Drone របស់អាមេរិកកាលពីថ្ងៃទី២២ ខែមិថុនា។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអាមេរិកបានបញ្ជូនបន្ថែមទៀតនូវកងទ័ព៥០០នាក់ទៅដាក់ពង្រាយនៅមូលដ្ឋានកងទ័ពអាកាសរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ខណៈទ័ពអាមេរិកឈរជើងនៅប្រទេសជិតខាងអ៊ីរ៉ង់ មានចំនួន១ពាន់នាក់រួចទៅហើយ  ហើយក្នុងនោះមានយន្ដហោះB-52 យន្ដហោះ F-22 និងF-35 ក៏បានដាក់ពង្រាយលើទឹកដីអ៊ីស្រាអែលអារ៉ាប៊ីសាអូឌីត ក្វាតា អូម៉ង់ និងប្រទេសបារ៉ែន រួចហើយដែរ។ ឥឡូវនេះនៅលើឈូងសមុទ្រពែក្សមានការគំរាមកំហែងគ្នា ដោយការបង្ហាញកំលាំងដាក់គ្នាខ្លាំងណាស់។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រើប្រាស់នាវាពិឃាត និងម៉ារីនបំពាក់ដោយអាវុធ កាំភ្លើងយន្ដ បើកពាសពេញឆកសមុទ្រ អូម៉ុស ដែលជាដៃនសមុទ្រជាប់នឹងឈូងសមុទ្រពែក្ស។ចំណែកឯអាមេរិក និងអង់គ្លេសវិញ គឺនាវាផ្ទុកយន្ដហោះរបស់អាមេរិកធំពីរគ្រឿងដែលមានឈ្មោះ USS BOXER និង USS Abraham Lincoln ផ្ទុកដោយយន្ដហោះ និងឧទ្ធម្ភាចក្រ អមដោយនាវាពីឃាតរាប់សិបគ្រឿង កំពុងបណ្ដែតខ្លួននៅលើឈូងសមុទ្រពែក្សហើយកំពុងប្រុងប្រៀបវាយលុកលើកងទ័ពអ៊ីរ៉ង់តែប៉ុណ្ណោះ។ ចំណែកឯអង់គ្លេសវិញបានដាក់ពង្រាយនាវាចំបាំងធំចំនួនបីគ្រឿងគឺនាវា HMS Montrose HMS KENT  និង HMS DUNCAN នៅលើឈូងសមុទ្រពែក្សនេះរួចមកហើយដែរ។ មើលទៅអ៊ីរ៉ងពិតជាកំពុងឈ្នះល្បែងសង្រ្គាម នៅវគ្គដំបូងនេះ ដោយបាញ់ទម្លាក់ ហោះDrone អាមេរិក និងរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេស បានជោគជ័យមែន ។

ប៉ុន្តែការពិតការជោគជ័យរបស់អ៊ីរ៉ង់ គ្រាន់តែជាភាពជោគជ័យអន្តរកាលប៉ុណ្ណោះនៅលើសមរភូមិហិង្សា។ ចំណែកឯអាមេរិក វិញមើលទៅបានជោគ យ៉ាងពិតប្រាកដ លើសមរភូមិការទូត ព្រោះអី សម្ព័ន្ធមិត្តធំចំនួនពីរបានវិលមកគាំទ្រ អាមេរិក និងអង់គ្លេស ប្រឆាំងអ៊ីរ៉ង់ ។

បារាំង អាល្លឺម៉ង់បានថ្កោលទោស អ៊ីរ៉ង់ ដែលបាន រឹបអូស កប៉ាល់ដឹកប្រេងរបស់អង់គ្លេស ដែលប្រទេសមហាអំណាចពីរនេះ ចោទថា អ៊ីរ៉ង់ បានបំពានធ្ងរធ្ងរ លើច្បាប់សមុទ្រអន្តរជាតិ។ ជារួមទៅ អ៊ីរ៉ង ខ្លួនឯងទេ ដែលកំពុងផុងខ្លួន ក្នុងការបង្កជំលោះ ជាមួយអន្តរជាតិកាន់តែធ្ងន់ធ្ងរ។ រឿងនេះ ចង់មិនចង់ ប្រទេសអ៊ីរ៉ង់ កំពុងរអិលខ្លួន ធ្លាក់ចូលក្នុងសង្រ្គាមដ៏គ្រោះថ្នាក់បំផុត ក្នុងល្បែងសង្រ្គាមរបស់ អាមេរិក ដែលចង់កំទេចអ៊ីរ៉ង់ ហើយឈានដល់ទៅរំលាយចោលទាំងស្រុង កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសសាធារណរដ្ឋឥស្លាមមួយនេះ។មិនតែប៉ុណ្ណោះ បើសង្រ្គាមផ្ទុះឡើង គឺរបបផ្ដាច់ការនៅ អ៊ីរ៉ង់អាចនឹងត្រូវបានរំលាយទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស