27 C
Phnom Penh

ចិនប្រតិកម្មតបចំពោះការចោទប្រកាន់របស់អាមេរិកអំពីទំនាក់ទំងជាមួយកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថា ទំនាក់ទំនងរវាងខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាគឺបើកចំហ និងមានតម្លាភាព ហើយក៏គ្មានរឿងសម្ងាត់អ្វីនោះដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក  Geng Shuang បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ក្នុងនាមជាអ្នកជិតខាង និងជាមិត្តដែកថែប ហើយយូរអង្វែងផងនោះ ចិន និងកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការនានាជាមួយគ្នាជាច្រើនដោយគ្មានការលាក់បាំងនោះឡើយ។

ការថ្លែងការពាររបស់ចិននេះ ក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មានអាមេរិកមួយកាលពីសប្តាហ៍មុនដោយចោទប្រទេសកុម្មុយនីស្តមួយនេះថា បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយ រដ្ឋាភិបាលលោកហ៊ុន សែន ក្នុងការប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន។

លោក Geng Shuang បន្ថែមថាកិច្ចសហប្រតិបត្តិការទាំងនោះគឺបើកទូលាយ មានតម្លាភាព ស្មើភាព និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានស្នើឲ្យគ្រប់ភាគី ពិសេសសំដៅដល់សហរដ្ឋអាមេរិក មិនត្រូវបកស្រាយបំផ្លើសព័ត៌មានជុំវិញទំនាក់ទំនងប្រទេសទាំងពីរនោះឡើយ។

កាលពីថ្ងៃទី២១ ខែកក្កដា សារព័ត៌មាន The Wall Street Journal របស់អាមេរិក បានចុះផ្សាយថា កម្ពុជា-ចិន បានចុះហត្ថលេខាជាសម្ងាត់ជាមួយគ្នាកាលពីអំឡុងត្រីមាសទី២ នៃឆ្នាំ២០១៩កន្លងទៅ ដើម្បីផ្ដល់សិទ្ធិឱ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកមួយនៅឈូងសមុទ្រខ្មែរក្នុងរយៈពេល ៣០ឆ្នាំ។

ក្រោយការចុះផ្សាយនេះភ្លាម លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោលការចុះផ្សាយនេះ និងបញ្ជាក់ថា កម្ពុជាគ្មានហេតុផលណាចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដើម្បីដាក់មូលដ្ឋានយោធាបរទេសក្នុងរដ្ឋរបស់ខ្លួនឡើយ ដោយថាជាការដើរផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាទាំងស្រុង។ លោកចាត់ទុកការព័ត៌មាននេះ ថាជារឿងអាក្រក់បំផុត ដើម្បីជាលេសក្នុងការប្រឆាំងកម្ពុជា ក្រោមការដឹកនាំរបស់លោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស