28 C
Phnom Penh

រដ្ឋាភិបាលបង្ហាញការសោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យកម្មករស្លាប់ និងរបួសនៅខេត្តស្វាយរៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករពីរនាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៣០នាក់នៅខេត្តស្វាយរៀងកាលពីព្រឹកម៉ិញនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារដែលចេញផ្សាយ ក្រោយពេលមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកកម្មករក្រឡាប់ បណ្ដាលឲ្យកម្មករ២នាក់ស្លាប់ និង៣១នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល កាលពីព្រឹកម៉ិញនេះ នៅចំណុចភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រៅពីការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសព និងសាច់ញាតិជនរងគ្រោះទាំងអស់ហើយនោះ ក្រសួងការងារអះអាងថារដ្ឋាភិបាល នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ និងក្រុមគ្រួសារដោយផ្អែកលើគោលនយោបាយជាតិ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា កម្មករនិយោជិតចំនួន១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ និងកម្មករចំនួន១៦នាក់ទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ករណីកម្មករជួបគ្រោះថ្នាក់ចរាចរណ៍នេះ មិនមែនជាលើកទី១ឡើយសម្រាប់៧ខែដើមឆ្នាំនេះ  ពោលគឺ ករណីរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ធំៗ បានកើតឡើងមិនក្រោមពី៥លើកនោះឡើយ ដែលបណ្តាលឱ្យកម្មករស្លាប់ របួសដាច់ដៃ និងរបួសធ្ងន់ស្រាលរាប់សិបនាក់ផ្សេងទៀត។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដល់កម្រិតប្រកាសអាសន្ន ដោយថារយៈពេលឆមាសទី១ ដើមឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍គ្មានការថយចុះសោះឡើយ។

លោកថែមទាំងណែនាំឱ្យមន្ត្រីក្រោមឱវាទ ពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ទោះបីជាករណីរថយន្តដឹកកម្មករតែងជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ជារឿយៗក៏ដោយ ប៉ុន្តែគេនៅពុំទាន់ឃើញវិធានការពីសំណាក់មន្ត្រីជំនាញឬ រដ្ឋាភិបាលដើម្បីការពារសុវត្ថិភាពធ្វើដំណើររបស់កម្មករឱ្យមានប្រសិទ្ធភាពនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស