31 C
Phnom Penh

ថៃអង្វរសហភាពអឺរ៉ុបឱ្យផ្ដល់កិច្ចព្រមព្រៀងFTAមកវិញខណៈកម្ពុជាហាក់មិនខ្វល់បាត់ EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីបញ្ចប់របបសឹកភ្លាមរដ្ឋាភិបាលថៃថ្មី សុំសហភាពអឺរ៉ុបផ្ដល់ឱ្យខ្លួនជាប្រទេសមួយឡើងវិញនៃការទទួលបានប្រព័ន្ធអនុគ្រោះពន្ធដែលគេហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺFTA។

សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ចុះផ្សាយថាក្រោយពីការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញភ្លាម គឺរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អ៊ូចា ដែលជារដ្ឋាភិបាលចម្រុះបានសុំចរចាជាមួយនឹងគណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ។

បើតាមបាងកកប៉ុស្តិ៍ ឧបនាយករដ្ឋមន្រ្ដីថៃ និងជារដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មលោក ជូរិន ណះឡាក់សាណាវ៉ាស៊ិត បានថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃព្រហស្បត្តិសប្ដាហ៍មុនថារដ្ឋាភិបាលថ្មីបានដាក់ពាក្យសុំចរចាជាមួយសហភាពអឺរ៉ុបដើម្បីពិភាក្សាអំពីលក្ខខណ្ឌមួយចំនួនដែលថៃអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTAជាមួយសហភាពអឺរ៉ុបឡើងវិញ។

កិច្ចចរចាអំពីFTAនេះបានផ្អាកជាច្រើនឆ្នាំមកហើយគឺបន្ទាប់ពីពួកយោធាថៃបានប្លន់អំណាចដោយការធ្វើរដ្ឋប្រហារនៅខែឧសភាឆ្នាំ២០១៤ដែលនៅពេលនោះគឺប្លន់អំណាចពីគណៈរដ្ឋមន្រ្ដីនៃគណបក្សភឿថៃដឹកនាំដោយនាយករដ្ឋមន្រ្ដីយ៉ីងឡាក់ស៊ីណាវ៉ាត្រា។

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មថៃទទួលបន្ទុកទំនាក់ទំនងជាមួយសហភាពអឺរ៉ុបលោកស្រី អ៊ូរ៉ាម៉ុន សូថាវិបថុម បាននិយាយថា ការចរចាអំពីFTA គួរតែឆាប់ចាប់ផ្ដើមឡើងព្រោះបានខកខានប្រាំឆ្នាំមកហើយ។

លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលថ្មីបានជូនដំណឹងដល់ភាគីពាក់ព័ន្ធសហភាពអឺរ៉ុបអស់ហើយ។

សូមជម្រាបថាប្រទេសថៃត្រូវបានសហភាពអឺរ៉ុបផ្ដាច់មិនអោយទទួលបានFTA គឺភ្លាមៗបន្ទាប់ពីរាជាណាចក្រនេះធ្លាក់ក្នុងវិបត្តិនយោបាយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយរដ្ឋាភិបាលពេលនោះគឺជារដ្ឋាភីបាលរបស់ពួកយោធាហើយចាប់ពីពេលនោះមកគឺផលិតផលថៃទាំងអស់គឺត្រូវបំពេញកាតព្វកិច្ចបង់ពន្ធទាំងអស់។ តែអំឡុងពេលនោះ ផលិតផលស្បៀងសមុទ្របិទមិនឱ្យចូលទីផ្សារអឺរ៉ុបទៀតផង ។

សូមជម្រាបទៀតថា ទំហំពាណិជ្ចកម្មសហភាពអឺរ៉ុបនិងថៃមានទំហំ៤៧.៣ពាន់លានដុល្លារអាមេរិក។

នៅអាស៊ីអាគ្នេយ៍ប្រទេសវៀតណាមទើបតែទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុបកាលពីថ្មីៗនេះ។

កិច្ចព្រមព្រៀងពាណីជ្ជកម្សមេរី FTA សំដៅនាំទំនិញចូលទៅកាន់អឺរ៉ុបដោយមិនឆ្លងកាត់រនាំងពន្ធគយ ប៉ុន្ដែស្ថិតក្នុងលក្ខខណ្ឌនៃការកំណត់លើកទំនិញទាំងនោះ។

ដោយឡែកប្រទេសកម្ពុជា ភូមាដែលត្រូវចោទថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរកំពុងប្រឈមនឹងការដកហូតពន្ធអនុគ្រោះEBA ដោយសហភាពអឺរ៉ុប។

កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBAពីសហភាពអឺរ៉ុបនេះគឺមានរយៈពេលជាង១០ឆ្នាំមកហើយ។

បើសហភាពអឺរ៉ុបដកEBAត្រឡប់វិញគឺកម្ពុជាក៏មិនបានFTAដែរ។ប្រព័ន្ធអនុគ្រោះEBAនេះនាំឱ្យកម្ពុជាចំណេញលើការមិនបង់ពន្ធនេះមានទឹកប្រាក់ជិត៧រយលានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។

យ៉ាងណាFTAរបស់សហភាពអឺរ៉ុបគឺជាសេចក្ដីត្រូវការផ្នែកសេដ្ឋកិច្ចចាំបាច់បំផុតរបស់ប្រទេសកំពុងអភិវឌ្ឍហើយគឺសូម្បីប្រទេសថៃដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំងក្លាហើយនោះក៏ត្រូវការFTAផងដែរ។

លោកប្រាយុទ្ធចាន់អ៊ូចា នាយករដ្ឋមន្ត្រីដែលបានទម្លាក់ចោលការគ្រប់គ្រងបែបយោធានិយមបានថ្លែងទៅកាន់សមាជិកសភាកាលពីសប្ដាហ៍មុនថាលោកសង្ឃឹមថាដៃគូពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបកាន់តែរឹងមាំថែមទៀត។

សូមជម្រាបទៀតថាប្រទេសសមាគមអាស៊ានដែលទទួលបានFTAជាផ្លូវការជាមួយសហភាពអឺរ៉ុបគឺមានសិង្ហបុរីនិងវៀតណាម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស