31 C
Phnom Penh

រដ្ឋាភិបាលប្រាប់ឱ្យមន្ត្រីស្ថានទូតអាមេរិកចាកចេញពីកម្ពុជា ប្រសិនបើមិនពេញចិត្តប្រទេសមួយនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានព្រមានទៅសហរដ្ឋអាមេរិកឱ្យបញ្ឈប់សកម្មភាពបំផ្លាញក្តីសុខកម្ពុជា និងឈប់លូកដៃចូលផ្ទៃក្នុងប្រទេសកម្ពុជាតទៅទៀត ហើយថាប្រសិនបើមន្ត្រីស្ថានទូតសហរដ្ឋ   អាមេរិកមិនពេញនឹងកម្ពុជា ត្រូវវិចបង្វិចចាកចេញពីប្រទេសកម្ពុជាតែម្តងទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោតនៅព្រឹកនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងដោយស្នើសុំឲ្យមន្រ្តីស្ថានទូតអាមេរិករក្សាទំនាក់ទំនងជាមួយកម្ពុជា ហើយបើពួកគេមិនពេញចិត្ត នឹងកម្ពុជាទេ សូមឲ្យមន្រ្តីទាំងនោះវិចបង្វិចចាកចេញពីកម្ពុជាទៅប្រទេសកំណើតរបស់ពួកគេវិញចុះ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនទាន់មានឯកអគ្គរដ្ឋទូតទេ ហើយកម្ពុជាពិបាកនឹងធ្វើការជាមួយមន្រ្តីតូចតាចណាស់ ដោយថាមន្រ្តីទាំងនោះជាមនុស្សព្រៃសម្រាប់ការញុះញង់ប៉ុណ្ណោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក៏បានព្រមានដល់ជនណា ក្រុមណា ដែលហ៊ានបំផ្លាញសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់នៅកម្ពុជា គឺត្រូវតែកម្ទេចចោលតែម្តង។

ប្រធានអង្គការតម្លភាពកម្ពុជាលោក ព្រាប កុល បានប្រាប់សាព័ត៌មាន The Cambodia Daily ថា អាមេរិកមិនបាននិយាយអ្វីថ្មីនោះទេពោលគឺគ្រាន់តែរំឮកអំពីព្រឹត្តិការណ៍សំខាន់ដែលបានកើតឡើងនៅកម្ពុជាកាលពីឆ្នាំកន្លងទៅទាក់ទងទៅនឹងការបោះឆ្នោតជាតិប៉ុណ្ណោះ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាទំនងចង់ឱ្យគេបំភ្លេចព្រឹត្តិការណ៍នោះចោល។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិកកា​ល​​​​ពី​ថ្ងៃ​អង្គារ៍​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​ជា​ការ​កត់​សម្គាល់​រយៈ​ពេល ​១​ ឆ្នាំ​ នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​របស់​កម្ពុជា។ ស្ថានទូត​អាមេរិកបានចាត់ទុកថា ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ កន្លងទៅ ​​ជាការសាងកំហុសឆ្គងមួយយ៉ាងធ្ងន់ធ្ងរ ព្រោះជាការបោះឆ្នោត​ មិន​មាន​ភាព​សេរី និងអ​យុត្តិធម៌ផងដែរ។

​អាមេរិកក៏បានចាត់ទុកលទ្ធផលការបោះឆ្នោតពេលនោះ ​មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ ព្រោះតែការបោះឆ្នោតនោះ បានផាត់ចោលគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា។

មិនតែប៉ុណ្ណោះ ការបោះឆ្នោតនោះ បានធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញភាពផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។

សហរដ្ឋអាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំង​ទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។ ​

រដ្ឋាភិបាលលោកហ៊ុន សែន ត្រូវបញ្ចប់ការអនុវត្តនូវរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួនឯង។

អាមេរិកថា ពលរដ្ឋនៅកម្ពុជាទាំងអស់ គួរតែ​អាចប្រើសិទ្ធិរបស់គេក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរការនៃកិច្ចការជា​សាធារណៈផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស