ស្ថាបនិកអង្គការមាតាធម្មជាតិ លោកអាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ហៅសវនាការកំបាំងមុខពាក់ព័ន្ធសំណុំរឿងរបស់លោក ពីសំណាក់តុលាការខេត្តកោះកុងថាជាការរំលោភនីតិវិធី រំលោភលើសិទ្ធិរបស់លោកដែលជាជនត្រូវចោទ ព្រោះតែតុលាការបានដំណើរការទាំងគ្មានវត្តមានលោក ស្របពេលលោកបានបង្ហាញឆន្ទៈចូលរួមសវនាការនោះរហូត ប៉ុន្តែត្រូវបានរដ្ឋាភិបាលបដិសេធសំណើរលោកក្នុងការវិលចូលកម្ពុជាវិញ។
កាលពីថ្ងៃអង្គារ សាលាដំបូងខេត្តកោះកុង បានបើកសវនាការកំបាំងមុខលើសំណុំរឿងសកម្មជនបរិស្ថានជនជាតិអេស៉្បាញម្នាក់គឺលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ពីបទសមគំនិតក្នុងអំពើគំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ ដែលបានប្រព្រឹត្តពីថ្ងៃទី ២៦‑២៨ ខែ កក្កដា ឆ្នាំ ២០១៥ ក្នុងឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។
សំណុំរឿងរបស់លោកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍មួយកាលពីខែ កក្កដា ឆ្នាំ ២០១៥ នៅពេលដែលសកម្មជនបរិស្ថាន ៣ នាក់ រួមមាន លោក ស៊ីម សំណាង លោក ទ្រី សូវិគា និងលោក សាន ម៉ាឡា ដែលមកពីអង្គការមាតាធម្មជាតិ ដែលបង្កើតឡើងដោយលោក អេឡិចបានឡើងទៅលើកប៉ាល់បូមខ្សាច់របស់ក្រុមហ៊ុន Direct Access។
ក្នុងដំណើរការសវនាការនេះ គឺអវត្ថមានចុងបណ្តឹង គឺ លោកអាឡិច មិនបានចូលរួមឡើយ ប៉ុន្តែមេធាវីរបស់លោកគឺ លោក សំ ចំរើន បានចូលរួម ហើយមេធាវីរូបនេះក៏បានដើរចេញពីសវនាការតាមការស្នើសុំរបស់កូនក្តីខ្លួនផងដែរ។ លោកអាឡិច ឱ្យដឹងថា សំណុំរឿងក្តីរបស់ខ្លួននេះ តុលាការសម្រេចថានឹងប្រកាសសាលក្រមនៅថ្ងៃទី ២២ សីហា។
លោកយល់ថា សវនាការនេះ គឺជាការរំលោភសិទ្ធិរបស់លោកដែលជាជនត្រូវចោទយ៉ាងធ្ងន់ធ្ងរ និងជាការរំលោភនីតិវិធី ដោយតាមរដ្ឋធម្មនុញ្ញកម្ពុជាលោកក៏ត្រូវមានវត្តមានក្នុងសវនាការដែរ។ យ៉ាងនេះក្តី លោកបានដឹងរួចហើយថា សាលាដំបូងខេត្តកោះកុង គ្មានចេតនា ធ្វើឱ្យដំណើរការសវនាការក្តីរបស់លោក ប្រកបដោយត្រឹមត្រូវនោះទេ ហើយក៏មានចេតនារុញរឿងនេះឱ្យផុតដៃរបស់ខ្លួនផងដែរ។
លោក ស៊ីម សំណាង លោក ទ្រី សូវិគា និងលោក សាន ម៉ាឡា ក្រោយមកត្រូវបានចាប់ខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ ខែ និងពិន័យជាប្រាក់សរុបចំនួន ២៥ ៥០០ ដុល្លារ ដោយសាលាដំបូងខេត្តកោះកុងក្នុងឆ្នាំ ២០១៦។ ប៉ុន្តែពួកគេត្រូវបានដោះលែង បន្ទាប់ពីជាប់ពន្ធនាគារបាន ១០ ខែ ខណៈទោស ៨ ខែទៀតត្រូវបានព្យួរ។
លោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំ និងចេះនិយាយភាសាខ្មែរ បានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតអង្គការការពារព្រៃឈើមួយឈ្មោះថា អង្គការមាតាធម្មជាតិដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង។
ជនជាតិអេស្ប៉ាញរូបនេះ ត្រូវរដ្ឋាភិបាលកម្ពុជាបញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូលប្រទេសកម្ពុជានោះទេ បន្ទាប់ពីលោក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ខែ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ។ ការចាប់បញ្ជូនខ្លួនលោកអាឡិចធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង៕