កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ានចាប់ផ្ដើមហើយនៅទីក្រុងបាងកក ពីថ្ងៃ៣១ ខែកក្កដា រហូតដល់ថ្ងៃទី៣សីហា។ កិច្ចប្រជុំនេះធ្វើឡើងចំពេលដែលជម្លោះសមុទ្រចិនខាងត្បូងនិងបញ្ហាតំបន់មានភាពតានតឹង។
អំឡុងការចាប់ផ្តើមបើកកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខ រវាងរដ្ឋមន្រ្តីការបរទេសមកពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងមកពីបណ្តាប្រទេសជាមហាអំណាចពិភពលោក នៅឯរាជធានីបាងកកនៃប្រទេសថៃ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានប្រាប់ប្រមុខការទូតនៃបណ្តាប្រទេសអាស៊ាន ថា សហរដ្ឋអាមេរិកមិនដែលស្នើឲ្យប្រជាជាតិនៃតំបន់នេះ ជ្រើសរើសយកក្រុមនេះ ឬក្រុមនោះឡើយ។
លោក Pompeo បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានតម្រូវឲ្យប្រជាជាតិអាស៊ាន ទៅចាប់យកប្រទេសណាមួយ ធ្វើជាខ្នងបង្អែកខ្លួនឡើយ។ លោកពន្យល់ថា នយោបាយការទូតអាមេរិកជាមួយអាស៊ាន គឺឈរលើការចង់បានភាពជាដៃគូ សំដៅគោរពអធិបតេយ្យភាពប្រទេសនីមួយៗ ហើយត្រូវប្រកាន់យករួមគ្នា នូវគោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
នេះ បើតាមការចុះផ្សាយនៃបណ្ដាញផ្សាយព័ត៌មាន សិង្ហបុរី Channel News Asia ។
ភាពតានតឹងសមុទ្រចិនខាងត្បូងនិងបញ្ហាសន្ដិសុខក្នុងតំបន់អាស៊ានទាំងមូល និងករណីកូរ៉េខាងជើង បន្តបាញ់កាំជ្រួចផ្លោងគឺជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំនេះ។
លោក Pompeo ក៏ បានជម្រុញឱ្យរដ្ឋមន្រ្ដី ការបរទេសអាស៊ានផ្ដោតផងដែរអំពីសន្ដិសុខលើឧបទ្វីបកូរ៉េគឹបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចផ្លោងឡើងវិញហើយបង្កឱ្យមានភាពតានតឹង។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសសមាគមអាស៊ាន ក៏បានផ្ដោតផងដែរ លើ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ ប្រទេសពាក់ព័ន្ធ បាននិយាយអំពី ក្រមប្រតិបត្តិសមុទ្រដែលបានជាប់គាំងច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះរបៀបវារៈរបស់រដ្ឋមន្រ្ដីការបរទេសអាស៊ាននឹងផ្ដោតមួយទៀតទៅលើបញ្ហាការមិនឱ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។
រដ្ឋមន្រ្ដីការបរទេសវៀតណាមដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានវៀតណាម VNAគឺលោកផាមមីងប៊ិញបានទទូចឱ្យសមភាគីអាស៊ានរបស់លោកត្រូវតែ លើកឡើងអំពីអាស៊ានគ្មាននុយក្លេអ៊ែរ និងសន្ដិសុខសមុទ្រជាដើម។ រដ្ឋមន្រ្ដីការបរទេសវៀតណាមរូបនេះ និយាយថាតំបន់អាស៊ានទាំងមូលគឺមិនត្រូវឱ្យមានការសាយភាយនូវអាវុធនុយក្លេអ៊ែរដាច់ខាត។
ជាការកត់សម្គាល់ ឃើញថា ប្រទេសក្នុងសមាគមអាស៊ាន ហាក់កំពុងរត់ប្រណាំងសព្វាវុធ ខណៈជំលោះសមុទ្រចិនខាងត្បូង បន្តឡើងកំដៅ ស្របពេល កម្ពុជា ត្រូវបានចោទថា អាចក្លាយជាមូលដ្ឋានកងទ័ពជើងរបស់ចិន ហើយ ចំពេលកម្ពុជា ប្រកាសទិញអាវុធពីចិន ជាង៣០០លានដុលា្លរ គឺស្រាប់តែមានព័ត៌មានមួយចុះផ្សាយថា ថៃ ត្រៀមទិញមីស៊ីលប្រដេញល្បឿនលឿន BrahMos ដែលជាផលិតផលរបស់ប្រទេសឥណ្ឌា និងរុស្ស៊ីរួមគ្នា។
ព័ត៌មានរុស្ស៊ី Sputnik ចុះផ្សាយដោយស្រង់ថាប្រភពពីមន្រ្តីយោធាជាន់ខ្ពស់ឥណ្ឌា បានអោយដឹង ថា កិច្ចចរចាទិញអាវុធគឺភាគីថៃនិងឥណ្ឌា កំពុងប្រព្រឹត្តទៅតាំងពីចុងឆ្នាំ២០១៨ ។
ប្រភពដដែលនេះ បានបង្ហើបថាក្រៅពីថៃក៏នៅមានប្រទេសអាស៊ាន មួយចំនួនទៀត ចាប់អារម្មណ៍ទិញ មីស៊ីល BrahMos ហើយប្រទេសទាំងនោះ គឺវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ីជាដើម។
មីស៊ីល BrahMos អាចបំពាក់នៅនាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំង។វាមានតម្លៃប្រមាណជា២.៧៥លានដុល្លារក្នុងមួយគ្រាប់។
អ្នកសង្កេតការណ៍ព្រមានថា បើស្ថានភាពសមុទ្រចិនខាងត្បូង នៅបន្តឡើងកំដៅ ហើយ ចិននៅបន្ត កាន់កាប់និងលុកលុយដែនកោះ ប្រទេសវៀតណាម និងហ្វីលីពីន គឺអាស៊ាន អាចក្លាយជាតំបន់អសន្តិសុខហើយជា តំបន់រត់ប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់៕