28 C
Phnom Penh

មូលដ្នានទ័ពចិននៅកម្ពុជានាំឲ្យអាមេរិកពង្រឹងយុទ្ធសាស្ដ្រយោធាជាមួយប្រទេសដៃគូក្នុងតំបន់ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខការទូតសហរដ្ឋអាមេរិ បានសម្ដែងការបារម្ភ អំពីសកម្មភាព របស់ចិន ទៅលើប្រទេសក្នុងតំបន់ទន្លេមេគង្គនិងក្នុងតំបន់អាស៊ានដោយហៅថាជានិន្នាការដ៏គួឲ្យពួ្រយបារម្ភមួយ។

ភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្តីលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ចុះផ្សាយថា ចិន កំពុងវាតទី នៅតំបន់ទន្ល  មេគង្គ មានដូចជា ការស្ថាបនាទំនប់វារីអគ្គិសនី ដែលនាំអោយប៉ះទង្គិចដល់អាងស្តុបទឹក និងចរន្តទឹក ហើយនាំអោយខូចខាតដល់ បរិស្ថានរបស់ទន្លេទៀតផង។

កិច្ចប្រជុំការបរទេសអាស៊ាន ក្នុងទីក្រុងបាងកក ត្រូវគេមើលឃើញថាមានរបៀបវារៈជាច្រើននិយាយអំពីសន្តិសុខតំបន់ ជម្លោះសមុទ្រចិនខាងត្បូង និងឥទ្ធិពលនៃភូមិសាស្រ្ដនយោបាយ និងយោធា។

លោក Mike Pompeo បានថ្លែងក្នុងកិច្ចប្រជុំនេះដោយអំពាវនាវឱ្យប្រទេសសមាជិកអាស៊ានការពារអធិបតេយ្យ របស់ខ្លួនទប់ទល់នឹងយោធានូបនីយកម្មរបស់ចិន។

កិច្ចប្រជុំនេះត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាមានភាពតានតឹងចំពេលដែលលោក Pompeo និយាយប៉ះពាល់ដល់ប្រទេសចិន ។

សេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថា លោក Mike Pompeo មិនត្រឹមនិយាយប៉ះពាល់ដល់ចិន ប៉ុណ្ណោះទេ តែលោកបែរជាមកសរសើរកម្ពុជាដែលអះអាងត្រឹមត្រូវដោយផ្អែកលើរដ្ឋធម្មនុញ្ញថាមិនឱ្យមានទ័ពបរទេសលើទឹកដីរបស់ខ្លួន ស្របពេលមានការសង្ស័យថា អនាគតកំពង់ផែសមុទ្រនៅភាគនិរតីនៃប្រទេសកម្ពុជាអាចជាទីតាំងមូលដ្ឋានទ័ពជើងទឹករបស់ចិន។

គេហទំព័រ Washington Examiner បានធ្វើការវិភាគមួយជ្រុងអំពីវត្តមានរបស់កងទ័ពចិននៅលើទឹកដីកម្ពុជាទៅថ្ងៃអនាគត។ អត្ថបទវិភាគរបស់គេហទំព័រនេះបានចាប់ផ្ដើមដំបូងដោយរៀបរាប់ថាប្រសិនបើរដ្ឋការរបស់លោក ដូណាល់ ត្រាំអាចពង្រឹងទំនាក់ទំនងរបស់អាមេរិកកាន់តែខ្លាំងឡើងៗជាមួយនឹងប្រទេសថៃ វៀតណាម និងហ្វីលីពីន វាគឺជាការធ្វើឲ្យមានតុល្យភាពយ៉ាងពិតប្រាកដជាមួយវត្តមានរបស់កងទ័ពជើងទឹកចិននៅកម្ពុជា។

កាលពីប៉ុន្មានថ្ងៃមកនេះកាសែតស៊ើបអង្កេតមួយរបស់អាមេរិក The Wall Street Journal បានបញ្ចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនជាលើកដំបូងនិយាយអំពីកម្ពុជាកំពុងរៀបចំខ្លួនទទួលយកមូលដ្ឋានទ័ពជើងទឹករបស់ចិននៅឆ្នេរសមុទ្រកម្ពុជាភាគនិរតី។ The Wall Street Journal ចុះផ្សាយថាចិនពេលនេះកំពុងត្រៀមខ្លួនដើម្បីប្រើប្រាស់កំពង់ផែសមុទ្រទឹកជ្រៅនៅឆ្នេរសមុទ្ររាមនៃប្រទេសកម្ពុជាដែលកំពង់ផែនេះ មានលទ្ធភាពធ្វើឲ្យទ័ពជើងទឹកចិនប្រើប្រាស់នាវាចំបាំងរបស់ខ្លួនជាច្រើនគ្រឿង ដើម្បីធ្វើសង្គ្រាមក្នុងតំបន់ជាពិសេសប្រសិនបើមានសង្គ្រាមផ្ទុះឡើងនៅសមុទ្រចិនខាងត្បូង។

ក្នុងហេតុផលដូចគ្នានេះនាវាចំបាំងរបស់ចិននៅកំពង់ផែរាម ក្នុងប្រទេសកម្ពុជា គឺជាការគំរាមកំហែងមួយរបស់ចិនលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្មក្នុងតំបន់ដែលឆ្លងកាត់ប្រទេសសិង្ហបូរី និងច្រកម៉ាឡាកា របស់ប្រទេសម៉ាឡេស៊ី។ នេះជាការគំរាមកំហែងយ៉ាងពិតប្រាកដប៉ុន្ដែវារិតតែធ្វើឲ្យសហរដ្ឋអាមេរិកចាប់ផ្ដើមពង្រីកយុទ្ធសាស្ដ្រយោធារបស់ខ្លួនកាន់តែខ្លាំងឡើងជាមួយនឹងប្រទេសក្នុងតំបន់ដែលជាសម្ព័ន្ធមិត្ត។

ការវិភាគរបស់ Washington Examiner បានពន្យល់ទៀតថាកងទ័ពជើងទឹកចិន ប្រសិនបើមានវត្តមាននៅលើដែនសមុទ្រកម្ពុជាមែននោះគឺងាយស្រួលម្យ៉ាងក្នុងការទាក់ទង ឬប្រតិបត្តិការពីទឹកដីរបស់ចិនតែម្ដង ហើយក្នុងនោះកងទ័ពជើងទឹកចិនត្រូវឈរជើងនៅខេត្ត Qingdao ខេត្ត Ningbo  និងខេត្ត Zhanjiang  ។

ក្នុងលក្ខណៈដូចនេះប្រសិនបើមានសង្គ្រាមផ្ទុះឡើង គឺចិននឹងប្រើប្រាស់មូលដ្ឋានទាំងបីនេះលើទឹកដីរបស់ខ្លួនហើយបើកការវាយលុកព្រមៗគ្នាជាមួយនិងកងទ័ពចិននៅកំពង់ផែរាមនៃប្រទេសកម្ពុជា។ នេះគឺជាយុទ្ធសាស្ដ្រកងទ័ពរបស់ចិនដើម្បីរាំងខ្ទប់ចលនាកងទ័ពរបស់អាមេរិកមិនឲ្យចូលដល់សមុទ្រចិនខាងត្បូង។

យ៉ាងណាក៏ដោយចិនមាននាវាចំបាំង និងនាវាមុជទឹកចំនួន៣៦គ្រឿងសម្រាប់ធ្វើសកម្មភាពពេលសង្គ្រាមផ្ទុះឡើងនៅសមុទ្រចិនខាងត្បូង។ នេះហាក់ជាការគំរាមកំហែងតូចតាចនៅឡើយទេពីសំណាក់ចិន។ដើម្បីធ្វើឲ្យមានតុល្យភាពនិងយុទ្ធសាស្ដ្រយោធារបស់ចិនដូចនេះ សម្រាប់សហរដ្ឋអាមេរិកត្រូវពង្រាយនាវាមុជទឹក និងនាវាចំបាំងហើយបង្កើតមូលដ្ឋានទ័ពជើងទឹកថែមទៀតនៅប្រទេសបីក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺហ្វីលីពីន វៀតណាម និងប្រទេសថៃ។

ប្រសិនបើចិនមានកងទ័ពជើងទឹករបស់ខ្លួនហើយប្រើប្រាស់កំលាំងនេះចេញពីកំពង់ផែរាមនៃប្រទេសកម្ពុជា វាគឺជាការផ្ដល់លទ្ធភាពឲ្យចិនកាន់តែខ្លាំងឡើងៗហ៊ានប្រឈមជាមួយនិងអាមេរិកក្នុងជំលោះ សមុទ្រចិនខាងត្បូង។ មិនតែប៉ុណ្ណោះកងទ័ពជើងទឹកចិននៅរាមនឹងផ្ដល់លទ្ធភាពឲ្យចិនប្រើប្រាស់កាំជ្រួចរំលងទ្វីបគំរាមកំហែងទីតាំងកងទ័ពអាមេរិកដែលមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះថែមទៀត។

នេះគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដពីសំណាក់ប្រទេសចិនដែលនាំឲ្យអាមេរិកត្រូវធ្វើការឆ្លើយតបដោយការពង្រីកឥទ្ធិពលយោធារបស់ខ្លួនក្នុងតំបន់។ ហើយប្រសិនបើមានសង្គ្រាមផ្ទុះឡើងមែន គឺទីតាំងកងទ័ពរបស់អាមេរិកបីកន្លែងនៅវៀតណាម ហ្វីលីពីន និងថៃអាចបាញ់ស្រោចនឹងវាយលុកចូលសមុទ្រចិនខាងត្បូងយ៉ាងលឿនបំផុតហើយក៏អាចទប់ទល់ ឬក៏កំទេចមូលដ្ឋានរាមនៅកម្ពុជាបានយ៉ាងងាយផងដែរ។

មូលដ្ឋានកងទ័ពអាមេរិកនៅប្រទេសថៃ គឺនៅអូតាប៉ាវ ដែលអាមេរិកធ្លាប់ប្រើប្រាស់ក្នុងសង្គ្រាមវៀតណាម ដែលជាទីតាំងប្រឈមនឹង       កំពង់ផែរាម របស់កម្ពុជា។ ក្នុងន័យនេះគឺអាមេរិកងាយវាយលុកលើទ័ពចិននៅកំពង់ផែរាម ប្រសិនបើមានសង្គ្រាមនៅសមុទ្រចិនផ្ទុះឡើងមែននោះ។

គេហទំព័រ របស់ Washington Examiner បញ្ចាក់ទៀតថារដ្ឋាភិបាលថៃដែលកើតចេញពីការបោះឆ្នោតថ្មី គឺមិនមែនជារដ្ឋាភិបាលយោធានោះទេ ហើយថារដ្ឋាភិបាលនេះអាចនឹងទទួលយកសំណើរបស់អាមេរិករៀបចំមូលដ្ឋានទ័ពអាមេរិកឡើងវិញនៅអូតាប៉ាវ។ អ្វីដែលអាចបញ្ចាក់ដូច្នេះដោយសារតែរដ្ឋការរបស់លោកត្រាំបានចាត់ទុករដ្ឋាភិបាលថៃបច្ចុប្បន្នស្របច្បាប់ព្រោះកើតចេញពីការបោះឆ្នោត។

យ៉ាងណាក៏ដោយការវិភាគរបស់ Washington Examiner បានធ្វើការសន្និដ្ឋានចុងក្រោយថាបើអាមេរិកមានមូលដ្ឋានទ័ពរបស់ខ្លួនយ៉ាងពិតប្រាកដលើប្រទេសទាំងបីនេះមែន ហើយបើទោះជាចិនមានមូលដ្ឋានទ័ពនៅកំពង់ផែរាមប្រទេសកម្ពុជាក៏ដោយ គឺចិននៅតែមិនអាចមានប្រៀបលើសហរដ្ឋអាមេរិកនោះដែរ។

ប្រសិនបើសង្គ្រាមសមុទ្រចិនផ្ទុះឡើងរវាងចិននិងអាមេរិកមែន នោះវាគឺគ្រោះថ្នាក់ខ្លាំងបំផុតសំរាប់ចិន ហើយអាមេរិកអាចមានឪកាសឈ្នះក្នុងសង្គ្រាមនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស