អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានលើកឡើងថា ប្រសិនបើអតីតថ្នាក់ដឹកនាំជាន់ខ្ពស់សម័យខ្មែរក្រហមផ្សេងទៀត មិនត្រូវបានសាលាក្តីខ្មែរក្រហមយកមកកាត់ទោសទេ នោះការចំណាយប្រាក់ជាង៣រយលានដុល្លារសហរដ្ឋអាមេរិក ក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋជារឿងបរាជ័យ។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ទទទួលបន្ទុកកិច្ចការតំបន់អាស៊ីលោក Phil Robertson អះអាងថា មេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរបបខ្មែរក្រហម មិនត្រូវបាននាំយកទៅកាត់ទោសនៅសាលាក្ដីកូនកាត់មួយនេះឡើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ការខកខាននេះ ក្រោយពេលមានការរារាំងពីលោក ហ៊ុន សែន ដែលជាអតីតមេបញ្ជាការមួយរូបរបស់ខ្មែរក្រហមផងដែរ ដោយធ្លាប់បានព្រមានមិនឱ្យតុលាការកូនកាត់មួយនេះ យកថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម័យខ្មែរក្រហមដទៃទៀតមកកាត់ទោសនោះឡើយ ដោយថានឹងអាចនាំឱ្យខ្មែរនឹងមានបញ្ហាធំជាថ្មីទៀត។
មន្ត្រីជាន់ខ្ពស់សម័យខ្មែរក្រហមមួយចំនួន ដែលគេស្គាល់ និងកំពុងកាន់ដំណែងធំៗក្នុងជួររដ្ឋាភិបាល រួមមាន ប្រធានរដ្ឋសភា លោក ហេង សំរិន លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកគ្រោះមហន្តរាយលោក គន់ គីម តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោក អ៊ី ឈាន។ ក្រៅពីនេះ មានប្រធានតំបន់ និងប្រធានភូមិភាគនាសម័យនោះ ដូចជា លោក មាស មុត អ្នកស្រី ហ៊ឹម ឆែម និងមនុស្សជាច្រើនទៀត។
លោក Phil Robertson បានថ្លែងទៀតថាមរណភាពរបស់អតីតមេដឹកនាំជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យ នួន ជា បាននាំឲ្យមានការចោទជាសំណួរសំខាន់ៗថា តើប្រជាជនកម្ពុជារាប់លាននាក់ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងក្រុមគ្រួសាររបស់ពួកគេ បានទទួលយុត្តិធម៌ដែលពួកគេសមតែទទួលបានហើយឬនៅ។
ការលើកឡើងនេះ ក្រោយពេលបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យ ឈ្មោះ នួន ជា បានទទួលមរណភាពនៅអាយុ ៩៣ឆ្នាំ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យចុង សប្ដាហ៍មុននេះ។
នួន ជា កើតនៅឆ្នាំ១៩២៦ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៩កញ្ញា ២០០៧ យកមកផ្តន្ទាទោសនៅសាលាក្តីខ្មែរក្រហម។
ការស្លាប់របស់ នួន ជា ស្របពេលដំណើរការនីតិវិធីសំណុំរឿង០០២ វគ្គពីរ នៅមិនទាន់បានបញ្ចប់នៅឡើយ ទោះបីជាអតីតមេដឹកនាំជាន់ខ្ពស់សម័យខ្មែរក្រហមរូបនេះត្រូវបានតុលាការខ្មែរក្រហមសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតចំនួន២លើករួចមកហើយ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ដោយឡែក លើកទី២ នៅឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ជនជាតិវៀតណាម និងខ្មែរឥស្លាម។
មេដឹកនាំជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យបានស្លាប់ជាបន្តបន្ទាប់ ក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ១៩៩៣មក រួមមាន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក សុន សេន និងគ្រួសារត្រូវបានក្រុមប៉ុល ពត សម្លាប់នៅឆ្នាំ១៩៩៧។ អតីតនាយករដ្ឋមន្ត្រីសម័យខ្មែរក្រហម និងជាមេដឹកនាំកំពូល លោក សាឡុត ស ហៅ ប៉ុល ពត បានស្លាប់នៅឆ្នាំ ១៩៩៨ ដោយរោគាពាធ។ លោក ឈិត ជឿន ហៅតាម៉ុក បានស្លាប់នៅឆ្នាំ២០០៦ ដោយរោគាពាធ។
អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ព្រមទាំងជាប្តីប្រពន្ធគ្នានោះ គឺ អៀង សារី និង អៀង ធារិទ្ធ បានស្លាប់នៅឆ្នាំ២០១៤ និង២០១៥ ក្នុងនាមជនជាប់ចោទនៅសាលាក្តីខ្មែរក្រហម។ ចុងក្រោយអតីតបងធំទី២សម័យខ្មែរក្រហម នួន ជា ហើយសពរបស់គាត់ក៏ត្រូវបានសាច់ញាតិទទួលយមកធ្វើបុណ្យនៅវត្តព្រំគិរីមរកត ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងសង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ការស្លាប់មេដឹកនាំសម័យខ្មែរក្រហមជាបន្តបន្ទាប់នេះ ធ្វើឱ្យអ្នកវិភាគយល់ថារឿងអាថ៌កំបាំងជាច្រើនដែលកើតឡើងនៅសម័យនោះមិនត្រូវបានលាតត្រដាង ម្យ៉ាងពលរដ្ឋ និងគ្រួសារជនរងគ្រោះ ប្រាកដជាមិនអាចទទួលបានយុត្តិធម៌ពិតប្រាកដនោះឡើយ៕