ឧកញ៉ាមួយរូបទៀត ដែលល្បីល្បាញរកស៊ីឈើនៅតំបន់ភូមិភាគឦសាន្ត ឈ្មោះ គង់ គ្រឹង ដែលជាម្ចាស់សិប្បកម្មឈើឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវបានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅឱ្យចូលបំភ្លឺជុំវិញករណីបទល្មើសព្រៃឈើ នៅថ្ងៃទី១៥ សីហាខាងមុខ។
ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់គណៈកម្មាធិការជាតិ លោក ហុង វិណុល បានចេញលិខិតមួយដោយ បានបង្គាប់ឱ្យលោក គង់ គ្រឹង យកឯកសារលិខិតស្នាមនានា ដែលទាក់ទងនឹងករណីបទល្មើសព្រៃឈើទៅជាមួយផង សម្រាប់ការឆ្លើយបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើ។ ការសួរនាំឧកញ៉ា រូបនេះ ក្រោយពេលគេដឹងថាកន្លងមកលោក គង់ គ្រឹង ជាឈ្មួញឈើម្នាក់នៅស្រុកស្នួល ខេត្តក្រចេះ ។
លោក គង់ គ្រឹង ជាឧកញ៉ាទីពីរដែលត្រូវបានកោះហៅសាកសួរជុំវិញសំណុំរឿងបទល្មើសព្រៃឈើ បន្ទាប់ពីឧកញ៉ាល្បីល្បាញខាងជំនួញឈើម្នាក់ឈ្មោះ ស៊ឹង សំអុល ត្រូវបានគណៈកម្មការជាតិរបស់លោក សៅ សុខា ចាប់ខ្លួនកាលពីខែមុន។
កាលពីខែកក្កដាកន្លងមក កងកម្លាំងនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដុតកម្ទេចប្រភេទរថយន្តផ្សេងៗជាង៩០គ្រឿងហើយ ដែលឈ្មួញ កែច្នៃ សម្រាប់លួចដឹកឈើ។
លើសពីនេះ កម្លាំងសមត្ថកិច្ច ក៏បានរឹបអូសឈើជាង២ពាន់ម៉ែត្រគូប និងចាប់ឈ្មួញឈើ៤នាក់ហើយ ដែលក្នុងនោះក៏មានលោកឧកញ៉ា សឹង សំអុល ត្រូវបានបញ្ចូនទៅតុលាការ ព្រមទាំងមានមនុស្សជាច្រើននាក់ទៀត ទាំងជនជាតិចិន និងខ្មែរក៏ត្រូវបានចាប់ខ្លួនផងដែរ។
សង្គមស៊ីវិលធ្វើការងាររឿងព្រៃឈើសាទរចំពោះ វិធានការនេះ ប៉ុន្តែពួកគេនៅរង់ចាំមើលប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់គណកម្មការជាតិមួយនេះបន្តទៀត។
ពួកគេរង់ចាំមើលថាតើមានឧកញ៉ា និងមន្ត្រីជាន់ខ្ពស់ប៉ុន្មាននាក់ទៀតដែលនឹងត្រូវគណៈកម្មការនេះចាប់ខ្លួនយកផ្តន្ទាទោសតាមច្បាប់ ស្របពេលមានមន្ត្រី ឧកញ៉ា ក្នុងជួររដ្ឋាភិបាលជាច្រើនរូបទៀត ត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើកន្លងមក ដូចជា ឧកញ៉ាទ្រី ភាព ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ឧកញ៉ា វ័ណ្ឌ ថៃ និងឧកញ៉ា អ៊ូល ជាដើម៕