សមយុទ្ធរបស់កងទ័ពជើងទឹកចិន បានចាប់ផ្ដើមហើយ នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែលមើលទៅក្រុងប៉េកាំងធ្វើផ្គើន សមាជិកសមាគមអាស៊ានដែលសុំអោយមានភាពស្ងប់ស្ងាត់ នៅសមុទ្រចិនខាងត្បូងនោះ។
សារព័ត៌មានវៀតណាម VN Express បានរាយការណ៍ថា អាជ្ញាធរខេត្តហានណាន់ បានឱ្យដឹងថាចិនចាប់ផ្ដើមធ្វើសមយុទ្ធជាថ្មីម្ដងទៀត នៅតំបន់ប្រជុំកោះ ប៉ារ៉ាហ្សែល ហើយថាសមយុទ្ធនេះចិនបានចាប់ផ្ដើមតាំងពីថ្ងៃអង្គារមកទល់ថ្ងៃអង្គារ។ ប្រភពដដែលឲ្យដឹងថា ចិនបានហាមឃាត់មិនឱ្យកប៉ាល់ប្រទេសដទៃមកក្បែរតំបន់នោះទេ។
ការធ្វើសមយុទ្ធជាថ្មីទៀតរបស់កងទ័ពជើងទឹកចិន នៅពេលនេះ បាននាំអោយ ប្រជាជនវៀតណាម ផ្ទុះកំហឹង។
VN Express បានចុះផ្សាយថា ពលរដ្ឋវៀតណាមនាំគ្នាមកធ្វើបាតុកម្មនៅមុខស្ថានទូតចិននៃទីក្រុងហាណូយដើម្បីសួរនាំឱ្យបានច្បាស់អំពី សិទ្ធិរបស់ពួកគេដែលចិនហាមមិនឱ្យនេសាទនិងធ្វើអាជីវកម្មរ៉ែនៅតំបន់នៃកោះប៉ារ៉ាហ្សែល។ ក្នុងពេលបាតុកម្មនេះ បាតុករបានទាមទារអោយចិននាំ កប៉ាល់របស់ខ្លួន ទាំងអស់ចេញឆ្ងាយពីទីនោះ។
យ៉ាងណា មន្ត្រីចិនអះអាងថា កប៉ាល់ឈ្មោះថា The Haiyang Dizhi កំពុងប្រតិបត្តិការ វាស់ស្ទង់ភូមិសាស្រ្ដសមុទ្រចិនដើម្បីប្រមូលទិន្នន័យពីការវិភាគធនធានសមុទ្រ។ កាលពីសប្ដាហ៍មុន ក្រុមអ្នកនេសាទវៀតណាមបានជម្រុញឱ្យរដ្ឋាភិបាលរបស់ខ្លួន ប្រើវិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះចិន ដែលពួកគេថា កំពុងរំលោភបំពានដែនទឹករបស់វៀតណាម។
កាលពីសប្ដាហ៍មុន នេះ នៅរាជធានីបាងកកប្រទេសថៃ ក្នុងជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ាន ជាមួយចិន សមាជិកអាស៊ានមួយចំនួន បានប្រាប់ទៅរដ្ឋមន្រ្ដីការបរទេសចិនវ៉ាង យីអោយជួយបន្ថូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង ប៉ុន្តែ គ្រាន់តែនិយាយអោយ ប្រមុខការទូតចិន ស្ដាប់ប៉ុណ្ណោះ។
ភាពតានតឹងរវាងចិន និងវៀតណាមបានរីករាលដាលកាន់តែខ្លាំងឡើងនៅតំបន់ប្រឈមជិតកោះស្រ្ពាតលី កាលពីខែកក្កដានៅពេលដែលកប៉ាល់វៀតណាមបានចូលទៅដល់តំបន់នោះ។
វៀតណាមអះអាងថាចិនបានកាន់កាប់ដោយកំរោលនិងខុសច្បាប់លើកោះប៉ារ៉ាហ្សែលរបស់ខ្លួនតាំងពីឆ្នាំ១៩៧៤ តែចិនថានេះជាដែនទឹករបស់ខ្លួនតាំងពីដើមរៀងមកដែរ។
ដោយឡែកអាមេរិក បើទោះជាមិនមែនជាភាគីជម្លោះក្ដី តែប្រទេសមហាអំណាចនេះ ធ្លាប់ព្រមានចិន កុំព្យាយាមពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានដោយ សុំអោយ អាស៊ានជួយទប់ស្កាត់ឥទិ្ធពលចិនដែលលោកថា នឹងធ្វើឱ្យភូមិសាស្ត្រ អាចបែកបាក់គ្នា។
ស្របពេលនោះ ប្រធានគោលនយោបាយ ការបរទេសនៃសហភាពអឺរ៉ុប លោកស្រី Federica Mogherini បានធ្ចើទស្សនកិច្ចនៅវៀតណាម លោកស្រី បានសម្ដែងការព្រួយបារម្ភ អំពីជម្លោះនៅសមុទ្រចិនខាងត្បូង ដែលលោកស្រីថា សកម្មភាពបង្កជម្លោះ ហាក់មិនថប់ថយឡើយ ។
វៀតណាមតែងតែទទូចសុំឱ្យចិន គោរពច្បាប់សមុទ្រអន្តរជាតិព្រោះដែនទឹកដំបន់នៅកោះប៉ារ៉ាហ្សែល មួយផ្នែកធំជារបស់វៀតណាមតាំងពីយូរលង់មកហើយ។ ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្រ្តាលី បានហៅតំបន់សមុទ្រចិនខាងត្បូង ថាជាផ្លូវនាវាចរណ៍អន្តរជាតិដោយបានព្រមានចិន កុំធ្វើការវាតទី តំបន់នោះធ្វើ ជាកម្មសិទ្ធរបស់ខ្លួនផ្ដាច់មុខ។
បច្ចុប្បន្ន ចិនបានស្ថាបនា កោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូងនេះ បានដប់កោះមកហើយ។ កោះទាំងនោះ គឺជាទីតាំង ឈរជើងរបស់កងទ័ពចិន។
ប្រទេសដែលកំពុងដណ្ដើម កោះពីចិន មាន វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់។ ប្រទេសហ្វីលីពីន នៅពេល ថ្មីៗនេះ សឹងតែប៉ះទង្គិចជាមួយចិនទៅហើយ នៅសមុទ្រចិនខាងត្បូង ដោយសារចិនបានយកនាវានេសាទ និងនាវាល្បាត រាប់រយគ្រឿងទៅចូលលុកលុយដែនទឹក ហ្វីលីពីន៕