ក្រុមមេធាវីការពារក្តីឲ្យអតីតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូបកាលពីព្រឹកម៉ិញ បានធ្វើសេចក្តីសន្និដ្ឋានក្នុងសវនាការថា ព្រះរាជអាជ្ញារគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការ ដាក់បន្ទុកលើកូនក្តីរបស់ពួកគេឡើយ។
មេធាវីទាំងនេះ អះអាងថា បើតាមរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ របាយការណ៍ធ្វើកោសល្យវិច្ច័យ ការជួលបន្ទប់នៅជាន់ខ្ពស់ រួមទាំង សម្ភារប្រើប្រាស់ លោកមិនឃើញមានចំណុចណាមួយដែល បង្ហាញថា កូនក្តីរបស់លោក បានផ្តល់ការសម្ងាត់ទៅឲ្យរដ្ឋបរទេស ឬធ្វើឲ្យមានចលាចលដល់ប្រទេសជាតិនោះឡើយ ដូច្នេះតុលាការត្រូវតែទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយ។
ចំណែក លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ទាមទារឲ្យតុលាការទម្លាក់បទចោទលើពួកគេ ដើម្បីមានសេរីភាពឡើងវិញដូចមនុស្សធម្មតា។
ទោះជាបែបនេះក្តីតំណាងអយ្យការ លោក សេង ហ៊ាង នៅតែស្នើទៅតុលាការ រក្សាបទចោទដដែល ។
អតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ និងបទផលិតវីដេអូអាសអាភាស៕