41.3 C
Phnom Penh

យ៉ាងហោចណាស់មានពលរដ្ឋខ្មែរពីរនាក់ និងជនជាតិម្នាក់ស្លាប់ក្នុងជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុរយៈពេលពីរថ្ងៃជាប់គ្នា បានមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ បាត់បង់ជីវិតដោយសារខ្វះប្រព័ន្ធការពារសុវត្ថិភាព។

ជំនន់ទឹកភ្លៀងនេះបណ្ដាលឱ្យ រលំរបងថ្មសង្កត់កម្មករសំណង់២នាក់ប្ដីប្រពន្ធក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុស្លាប់បាត់បង់ជីវិត។ ចំណែកជនរងគ្រោះម្នាក់ទៀតជាជនជាតិចិន ក្នុងស្រុកព្រៃនប់ ក៏បានស្លាប់ដោយសារបាក់សំណង់សង្កត់លើដែរ។

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងបូកសរុបប្រមូលទិន្នន័យពីផលប៉ះពាល់ដែលបណ្ដាលមកពីទឹកជំនន់ភ្លៀងនេះ។

ក្រុមអាជ្ញាធរនិយាយថា ជំនន់ទឹកភ្លៀងដ៏ធំបែបនេះ គឺមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រនៃក្រុងព្រះសីហនុ។ ជំនន់ទឹកភ្លៀងនេះបានគ្របដណ្ដប់ខ្លាំងលើសង្កាត់លេខបួនក្នុងក្រុងព្រះសីហនុ។ រហូតមកទល់ពេលនេះ អាជ្ញាធរខេត្តកំពុងចាត់វិធានការបន្ទាន់ដើម្បីរំដោះទឹកចេញពីដងផ្លូវនានាដែលរងការលិចលង់។

ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ថែមទៀតនៅខេត្តព្រះសីហនុ ដែលនាំឱ្យខេត្តនេះបន្តលិចលង់ ហើយនេះគឺជា ចំនួនទឹកភ្លៀងដ៏ច្រើនជាងពេលណាៗទាំងអស់ក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ដែលនាំឲ្យមានការកាត់ផ្ដាច់ចរាចរណ៍ ផ្លូវជាតិលេខ៤យ៉ាងខ្លាំង។

រហូតមកទល់ពេលនេះ សមត្ថកិច្ចខេត្តព្រះសីហនុនេះ បាននាំគ្នាជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព ហើយពួកគេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយអំពីចំនួនពលរដ្ឋដែលត្រូវបានជម្លៀសនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស