វីដេអូ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាព្រមានជាថ្មីថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងបំផ្លាញក្តីសុខពលរដ្ឋរាប់លាននាក់

By ឌឹ ខេមបូឌា ដេលី

August 13, 2019

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នៅថ្ងៃនេះ បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងជាថ្មីទៀតថា ការព្យួរឬដកប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប នឹងបំផ្លាញក្តីសុខរបស់ពលរដ្ឋខ្មែររាប់លាននាក់។

ការបំផ្លាញសេចក្តីសុខពលរដ្ឋខ្មែរនោះ គឺតាមរយៈធ្វើឲ្យកម្មករកម្មការិនី ៧៥ ម៉ឺននាក់ ប៉ះពាល់ដល់វិស័យការងាររបស់ពួកគេ និងធ្វើឱ្យគ្រួសាររបស់ពួកគេប្រមាណ ៣លាននាក់ទៀតក្លាយជាជនរងគ្រោះ។

សេចក្តីថ្លែងការណ៍ដដែលបន្ត ក្នុងន័យជាការរំឭកដល់អ្នកច្បាប់ និងមន្ត្រីរបស់សហភាពអឺរ៉ុបឲ្យពិចារណាឲ្យបានល្អិតល្អន់លើបញ្ហាបន្តនីតិវិធីរបស់ខ្លួនដើម្បីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅពេលខាងមុខ។

សេចក្ដីថ្លែងការណ៍របស់ GMAC ជាថ្មីម្ដងទៀតថា ការផ្អាកផលប្រយោជន៍នៃ EBA សម្រាប់វិស័យឧស្សាហ៍កម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជានឹងធ្វើឱ្យពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារផ្នែកវាយនភណ្ឌ ស្បែកជើង និងសម្ភារសម្រាប់ធ្វើដំណើរនឹងបាត់បង់ការងារធ្វើ ព្រមទាំងគោលដៅកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមគោលនយោបាយរបស់សហភាពអឺរ៉ុបនោះ នឹងបរាជ័យផងដែរ។

GMAC បានលើកឡើងទៀតថា វាជារឿងគួរឲ្យសោកសៅ និងជាលទ្ធផលគួរឲ្យសោកស្ដាយសម្រាប់សមាគមមួយនេះ និងកម្លាំងការងាររបស់ខ្លួនដែលបានខិតខំប្រឹងប្រែងយ៉ាងច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវតួនាទីរបស់អង្គការ ILO ក្នុងវិស័យការងារនៅកម្ពុជា។

ការចេញសេចក្តីថ្លែងការណ៍នេះ ក្រោយពេលប្រតិភូអឺរ៉ុប ទើបនឹងបញ្ចប់បេសកកម្មស្វែងរកការពិតរបស់ខ្លួននៅកម្ពុជាកាលពីខែមុន ដើម្បីឈានទៅបន្តនីតិវីឈានទៅព្យួរឬ ដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA នៅកម្ពុជា ក្រោយពេលរកឃើញថារដ្ឋាភិបាលលោកហ៊ុន សែន បានបំផ្លាញមូលដ្ឋានគ្រឹះប្រជាធិបតេយ្យក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ។

យ៉ាងនេះក្តីរដ្ឋាភិបាលលោកហ៊ុន សែន ធ្លាប់បានប្រកាសពីជំហរបស់ខ្លួនហើយថានឹងមិនអោនក្បាលចំពោះភាពអនុគ្រោះរបស់បរទេសឡើយ ជាថ្នូរនឹងការមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជានោះឡើយ ហើយរដ្ឋាភិបាលនេះថែមទាំងប្រកាសពីវិធានការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

ប្រទេសមហាអំណាចប្រជាធិបតេយ្យសហរដ្ឋអាមេរិកធ្លាប់បានណែនាំច្រកមួយដើម្បីរក្សាប្រព័ន្ធEBA របស់អឺរ៉ុប ដល់មេដឹកនាំខ្មែរ តាមរយៈការស្តារឡើងវិញនូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតាមការចង់បានរបស់អឺរ៉ុប។

អាមេរិក ក៏ធ្លាប់បានណែនាំទៀតថា ឱ្យអ្នកនយោបាយខ្មែរត្រូវតម្កល់ផលប្រយោជន៍ជាតិឱ្យធំជាងផលប្រយោជន៍បុគ្គលឬ ផលប្រយោជន៍បក្សនយោបាយរបស់ខ្លួនទៀតផង៕