វីដេអូ

អតីតជនផ្ដាច់ការហ្សិមបាវ៉េជិតស្លាប់ភ័យខ្លាចគេហៅថាជាមេដឹកនាំក្បត់ជាតិមិនចង់អោយយកសពទៅបញ្ជុះនៅទីបញ្ចុះសពវីរៈជន

By ឌឹ ខេមបូឌា ដេលី

August 14, 2019

អតីតជនផ្ដាច់ម្នាក់ដែលបានដឹកនាំក្រាញអស់រយៈពេល៣៧ឆ្នាំ ដោយកណ្ដាប់ដៃដែក កំពុងដេករង់ចាំសេចក្ដីស្លាប់ចូលមកដល់។ ជនផ្ដាច់ការនេះ គឺលោក Robert Mugabe ដែលប្រជាជន និងកងទ័ពរបស់ខ្លួន បានទាញទំលាក់អំពីអំណាច កាលពីខែវិចិ្ឆកា ឆ្នាំ២០១៧។  តាមសារព័ត៌មាន Zimbabwe  Independent បុរសនេះ កំពុងដេកសម្រាកព្យាបាល ជំងឺចាស់ជារា ក្នុងវ័យ៩៥ឆ្នាំ។

 Mugabe បានទៅព្យាបាល ជំងឺរបស់គាត់ នៅក្នុងមន្ទីរពេទ្យមួយ នៅប្រទេសសិង្ហបុរី អស់រយៈពេល ៣ខែមកហើយ។ ប្រភពដដែលឲ្យដឹងថាបុរសខ្លាំងរូបនេះ ដើរលែងរួចហើយ។ អ្វីដែលធ្វើឱ្យពលរដ្ឋ និងអ្នកនយោបាយរបស់លោកភ្ញាក់ផ្អើលនោះ គឺលោកMugabe បាន ផ្ដាំផ្ញើ អោយគ្រួសារបស់លោក យកសពលោក ទៅបញ្ជុះនៅស្រុកកំណើតរបស់លោក គឺបញ្ចុះជិតផ្នូរ ម្ដាយរបស់លោក។

លោកផ្ដាំទៀតថា កុំយកសពរបស់លោកទៅ បញ្ជុះនៅទីបញ្ជុះសពនៃវិមានវីរៈជនដែលលោកបារម្ភខ្លាចមនុស្សជំនាន់ក្រោយមិនទទួលស្គាល់លោក ជាវីរៈជន ហើយហៅលោកជាជនក្បត់ជាតិទៅវិញ។

មិនតែប៉ុណ្ណោះ លោកបានស្នើទៅកាន់គណបក្ស Zanu –PF កុំធ្វើពិធីបុណ្យអោយលោក ជាលក្ខណៈជាតិធំដុំអ្វីនោះឡើយ។  មួយវិញទៀត លោកក៏បារម្ភផងដែរ អំពីការធ្វើទុក្ខទោសដល់គ្រួសាររបស់លោកនៅពេលអត់ពីលោកទៅ។ ជាពិសេសទៅទៀតនោះ  លោកស្នើទៅកាន់ប្រធានាធិបតី Mnangagwa ដែលធ្លាប់មានទំនាស់នឹងភរិយារបស់លោក គឺលោកស្រីGrace Mugabe កុំយកទោសពៃនឹងស្រ្តីរូបនេះអី។ នេះជាការផ្ដាំផ្ញើ ដែលធ្វើអោយពលរដ្ឋរបស់លោក ជាពិសេសជនធ្លាប់រងគ្រោះដោយសារការដឹកនាំរបស់លោក កំពុងរង់ចាំ ការស្លាប់របស់លោកជិតមកដល់។

ប្រជាជន ដែលបានបាត់បង់ដីធ្លី ធ្លាប់បានទាមទារអោយ តុលាការ ចោទប្រកាន់លោក Mugabe និងគ្រួសារលោកពីបទក្បត់ជាតិ និងពីបទពុករលួយរាប់រយលានដុលា្លរ ហើយផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។

លោក Robert Mugabe  មុនឡើងធ្វើជាប្រធានាធិបតី លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ពីឆ្នាំ ១៩៨០ដល់ឆ្នាំ ១៩៨៧ ។ ចាប់តាំងពីឆ្នាំ ១៩៨៧ ដល់ ២០១៧ លោកគឺជាប្រធានាធិបតី ។ លោក ត្រូវបានពួកយោធា និងប្រជាជនទាញទម្លាក់ពីអំណាចនៅខែវិច្ឆិកាឆ្នាំ ២០១៧ ។ មុនធ្លាក់ពីអំណាច លោក Mugabe មានទំនាស់ជាខ្លាំងជាមួយនឹងថ្នាក់ដឹកនាំនៃគណបក្ស របស់លោក។

ទំនាស់នោះ គឺដោយសារលោក បានទាមទារអោយគណបក្សរបស់លោក លើកបន្ទុបភរិយារបស់លោក គឺអ្នកស្រី Grace Mugabe ជាប្រធានគណបក្ស Zanu –PF ប៉ុន្តែលោក Mnangagwa ដែលជាអនុប្រធានបក្ស និងជាអនុប្រធានាធិបតីរបស់លោក Mugabe ជំទាស់ដាច់ខាត។ ទីបំផុតលោក Mnangagwa ត្រូវបានបង្ខំអោយនិរទេសខ្លួន ទៅក្រៅប្រទេស។

លោក Mnangagwa បានឡើងកាន់ជាតំណែងបក្ស និងជាប្រធានាធិបតី តាមរយៈការលើកបន្តុបដោយពួកយោធា និងថ្នាក់ដឹកនាំបក្សរបស់លោក។ លោក Mnangagwa បានជាប់ឆ្នោតជាប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ លោក Mnangagwa បានសន្យាថានឹងមិនយកការដឹកនាំប្រទេសតាមរបៀបដឹកនាំ របស់លោកMugabe នោះទេ។

បន្ទាប់ពីលោក Mugabe ត្រូវបានពលរដ្ឋទាញទំលាក់ពីអំណាច ភ្លាម  ប្រជាជន ដែលរងគ្រោះក្រោមរបប របស់លោក បាននាំគ្នារាំច្រៀងពាសពេញប្រទេស ជាពិសេសគឺនៅរដ្ឋធានីHarare។ ពួកគេសង្ឃឹមថា មេដឹកនាំក្រោយគឺ Mnangagwa នឹងមិនដឹកនាំប្រទេស តាមបែបលោក Mugabe នោះទេ៕