វីដេអូ

អតីតមេបក្សប្រឆាំងនៅក្រៅប្រទេស មិនទាន់កំណត់ការបរិច្ឆេទជាក់លាក់ក្នុងការវិលចូលស្រុកវិញ

By ឌឹ ខេមបូឌា ដេលី

August 14, 2019

អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី នៅមិនទាន់បានបង្ហាញការបរិច្ឆេទជាក់លាក់ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជានៅឡើយទេ ទោះបីជាលោកធ្លាប់បានអះអាងថាលោកនឹងចូលមកកម្ពុជាវិញនៅខែកញ្ញាខាងមុខនេះក្តី។

ថ្លែងក្នុងវីដេអូខ្លីបរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី មិនបានបញ្ជាក់ពីពេលវេលាឱ្យបានពិតប្រាកដថា តើលោកនឹងចូលមកប្រទេសកម្ពុជានៅពេលណាឡើយ ដោយលោកថានេះជាសង្រ្គាមចិត្តសាស្ត្រមិនអាចឱ្យដៃគូរបដិបក្ខរបស់ខ្លួនដឹងមុនទេ ដែលធ្វើឱ្យពួកគេចលាចល ហើយក៏អាចធ្វើឱ្យលោកហ៊ុន សែន ឆ្គួតផងដែរ។

លោកថា ក្រុមរបស់លោកនៅមានពេលប្រមាណ៥ខែទៀត ដែលជាអំឡុងពេលលោកវិលចូលស្រុកវិញ។

កាលពីពេលកន្លងមក លោក សម រង្ស៊ី ធ្លាប់អះអាងថាលោកនឹងដឹកនាំកម្លាំងអ្នកស្នេហាជាតិវិលចូលមកមាតុភូមិវិញនៅត្រឹមខែកញ្ញា ខាងមុខនេះ ដោយថាជាពេលវេលាដែលសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលលោកហ៊ុន សែន ប៉ុន្តែក្រោយមកលោកក៏បានប្រែក្រឡាស់វិញ ដោយថាលោកនឹងមកនៅចុងឆ្នាំ២០១៩នេះដោយគ្មានពេលកំណត់ច្បាស់លាស់។

ថ្លែងក្នុងវីដេអូខ្លីនោះបន្តថា រឿងវិលមកកម្ពុជាវិញ គឺ លោកប្រាកដជាមក ព្រោះជាស្រុកកំណើត និងជាប្រទេសមាតុភូមិរបស់ខ្លួន ប៉ុន្តែលោកមិនទាន់អាចប្រាប់ពលរដ្ឋបានថាលោកនឹងមកពេលណាប្រាកដឡើយ ដោយថានេះជាសង្គ្រាមចិត្តសាស្ត្ររបស់លោក ធ្វើឱ្យក្រុមលោក ហ៊ុន សែន ចលាចល។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសម្តងជាពីរដងហើយថា លោកមិនហាមឃាត់ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ីទេ ព្រោះលោកបានត្រៀមខ្នោះ និងគុកដាក់លោក តាមអំណាចរបស់តុលាការរួចទៅហើយ។ លោកហ៊ុន សែន ថា បើទោះពីជាមានមន្ត្រីសហគមន៍អន្តរជាតិអមដំណើរមកក្តី ក៏លោកត្រូវតែវាយខ្នោះ និងចាប់អតីតមេបក្សប្រឆាំងរូបនេះ ដាក់គុកដែរ។

លោកហ៊ុន សែន ធ្លាប់សច្ចាហើយថា លោកនឹងដាក់គោលដៅ កម្ចេចក្រុមលោក សម រង្ស៊ី ឱ្យដូចទៅនឹងលោកដាក់ផែនការកម្ចេចក្រុមខ្មែរក្រហមយ៉ាងដូច្នេះដែរ។

អ្នកវិភាគធ្លាប់លើកឡើងថា អ្នកនយោបាយខ្មែរនៅតែប្រកួតប្រជែងគ្នាជាលក្ខណៈបុគ្គលឯកជន ច្រើនជាងរឿងផលប្រយោជន៍ជាតិ។

ស្របពេលអ្នកនយោបាយខ្មែរ កំពុងឈ្លោះគ្នា សហគមន៍អន្តរជាតិឯណោះវិញកំពុងដំណើរការនីតិវិធីរបស់ខ្លួនដើម្បីឈានទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា។ ជាក់ស្តែង សហភាពអឺរ៉ុបបានប្រកាសពីនីតិវិធី ឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួននៅពេលខាងមុខ ក្រោយពេលពួកគេបានរកឃើញអំពីការបំផ្លាញមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។

អឺរ៉ុប បានដាក់ផែនការថា ទណ្ឌកម្មសេដ្ឋកិច្ចនេះ នឹងមិនថយក្រោយឡើយ ប្រសិនបើរដ្ឋអំណាចលោកហ៊ុន សែន មិនព្រមស្តារស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញទេ៕