សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ផ្តន្ទាទោសអតីតតំណាង រាស្ត្រគណបក្សសម រង្ស៊ី និងជាអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសរបស់លោកឈ្មោះ អ៊ីស្មាអែលពិន ឧស្ម័ន ដោយដាក់ទោសម្នាក់ៗឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ជុំវិញសំណុំរឿងនាំពលករខ្មែរទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតដោយខុសច្បាប់កាលពី១៥ឆ្នាំមុន។
អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ក្រៅពីមានទោសជាប់ពន្ធនាគារ ចៅក្រមបានតម្រូវឲ្យអ្នកទាំពីរ បង់ថវិកា២រយលានទៅឲ្យជនរងគ្រោះទៀតផង។
អ្នកទាំងពីរ ដែលត្រូវជាពូ និងក្មួយនេះ ត្រូវបានចោទប្រកាន់ តាំងពីឆ្នាំ២០០៤មកម្ល៉េះ ពីបទនាំចេញស្ត្រីខ្មែរទៅធ្វើការងារនៅប្រទេសអារ៉ាប់ដោយមិនស្របច្បាប់ តាមមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ហើយពួកគេក៏ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារព្រៃសរ នៅថ្ងៃនេះផងដែរ។
សំណុំរឿងនេះផ្ទុះឡើង ក្រោយពេលមានស្ត្រីមួយចំនួន ដែលបានជួយសង្គ្រោះពីការធ្វើបាបរបស់ថៅកែនៅប្រទេសអារ៉ាប់ ហើយបានត្រឡប់មកកម្ពុជាវិញបានលើកឡើងពីការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរមកលើពួកគាត់ ដោយចោទប្រកាន់ទាំងស្រុងទៅលើក្រុមហ៊ុនរបស់លោក អះម៉ាត់ យ៉ះយ៉ា។ លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានបញ្ចប់តំណែងពីរដ្ឋលេខាធិការ កាលពីខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានគេស្គាល់កាន់តែច្បាស់ ក្រោយពេលលោកបានចេញមុខតវ៉ាប្រឆាំងនឹងគម្រោងធ្វើផ្លូវពុះកាត់វិហារឥស្លាមមួយកន្លែងនៅតំបន់បឹងកក់រហូតបានសម្រេច ប៉ុន្តែលោកក៏ត្រូវរងការប្តឹងផ្តល់ពីសំណាក់ក្មួយរបស់ខ្លួនម្នាក់ទៀត គឺលោក ឧស្មា ហាស្សាន់ ដែលរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចុប្បន្ន ពីបទបរិហាកេរ្តិ៍ជាសារធារណៈកាលពីឆ្នាំ២០១៦ ក្រោយពេលលោកបានចោទលោកហាស្សាន់ថាជាអ្នកនៅពីក្រោយ និងទទួលបានប្រយោជន៍ពីគម្រោងពុះផ្លូវកាត់វិហារឥស្លាមនោះ។
បន្ទាប់មក តុលាការក្រុងភ្នំពេញក៏សម្រេចឱ្យលោក អះម៉ាត់ យះយ៉ា ចាញ់ក្តីលោក ហាស្សាន់ពេលនោះ និងត្រូវបង់ប្រាក់ ១០០ លានរៀលទៅឱ្យលោកឧស្មាន ហាស្សាន់ និងពិន័យប្រាក់៥០លានរៀលទៀតចូលរដ្ឋផងដែរ។
លោក អះម៉ាត់ យះយ៉ា ធ្លាប់អះអាងថានៅពេលលោកនាំស្ត្រីខ្មែរមួយចំនួនទៅធ្វើការងារនៅប្រទេសអារ៉ាប់ពេលនោះ គឺក្នុងនាមជាក្រុមហ៊ុននាំពលករទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ប៉ុណ្ណោះ ប៉ុន្តែ ក្រោយមកក្រសួងការងារបានបញ្ចប់ភាពស្របច្បាប់របស់ក្រុមហ៊ុនលោក ហើយលោកក៏បានបាត់ការទាក់ទងជាមួយស្ត្រីខ្មែរដែលធ្វើទៅធ្វើការងារនៅប្រទេសអារ៉ាប់តែម្តង។
អតីតតំណាងរាស្ត្រគណបក្ស សម រង្ស៊ី រូបនេះ ធ្លាប់អះអាងថាលោកបានទៅស្វែងរកស្ត្រី និងជួយស្ត្រីខ្មែរជាច្រើនបានត្រឡប់មកកម្ពុជាវិញ ប៉ុន្តែការប្តឹងផ្តល់លោកនោះជាការរៀបចំទុកឡើងពីសំណាក់អ្នកស្អប់លោកតែប៉ុណ្ណោះ៕