27 C
Phnom Penh

សហភាពអឺរ៉ុបថ្កោលទោស របបលោកម៉ាឌូរ៉ូ ករណីដកអភ័យឯកសិទ្ធិសមាជិកសភាបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៤ ខែសីហានេះ ដោយថ្កោលទោស របបលោក ម៉ាឌូរ៉ូ នៃប្រទេសវេណេហ្សូអេឡា ដែល សភាធម្មនុញ្ញរបស់ប្រទេសហែកហួរដោយវិបត្តិសេដ្ឋកិច្ច និងនយោបាយនេះបានដកហូតអភ័យឯកសិទ្ធិសភា ចំនួន៤រូបនៃសមាជិកសភាមកពីគណបក្សប្រឆាំងដឹកនាំ ដោយលោក ហ៊ាន់កៃដូ ប្រធានសភាមកពីបក្សប្រឆាំង។

តាមរយៈអ្នកនាំពាក្យ Maja Kocijancic សម្រាប់ កិច្ចការ ការបរទេសនៃ សហភាពអឺរ៉ុប បានហៅ ទង្វើរបស់ របបលោកម៉ាឌូរ៉ូ ដែលស្ដែងតាមរយៈសភាធម្មនុញ្ញ ដោយបានដកសិទ្ធិ សេរីភាព ជាសមាជិកសភារបស់ អ្នកតំណាងរាស្ត្របក្សប្រឆាំង ដែលមានលោក Jose Guerra, Rafael Guzman, Tomas Guanipa និង Juan Pablo Garcia Canales គឺជាការវាយប្រហារមួយថ្មីទៀត ទៅលើ ស្ថាប័ន នីតិបញ្ញត្តិ របស់ប្រទេស វេណេហ្សូអេឡា ដែលតំណាងអោយស្ថាប័ន ប្រជាធិបតេយ្យ ព្រោះសមាជិកសភារបស់ស្ថាប័ននេះ កើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៥។

សារព័ត៌មាន Gulf of Times បានចុះផ្សាយថា សមាជិកសភាទាំងបួនរូបនេះ ត្រូវបានរបបលោកម៉ាឌូរ៉ូ ចោទពីបទក្បត់ជាតិ ថាបានបង្ក អោយមានបដិវត្តន៍។ សហភាពអឺរ៉ុប បានហៅសេចក្ដីសម្រេចនេះថាជាអំពើឃោរឃៅ។

រហូតមកដល់ពេលនេះ សមាជិកសភាបក្សប្រឆាំងចំនួន ២៥រូបហើយ ត្រូវបានដកហូត អភ័យឯកសិទ្ធិសភា ដោយ របបលោកម៉ាឌូរ៉ូ។ ក្នុងពេលជាមួយគ្នានេះ សហភាពអឺរ៉ុបបាន ទាមទារអោយ ដោះលែង អ្នកជាប់ចោទទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។ សហភាពអឺរ៉ុប ថារបបលោក ម៉ាឌូរ៉ូ កាន់តែជាប់ពាក់ព័ន្ធទៅៗហើយ ចំពោះការរំលោភសិទ្ធិសេរីភាព ខាងនយោបាយ និងសិទ្ធិមនុស្ស។

ទោះជាយ៉ាងណាក៏ដោយ សមា្រប់លោក ហ៊ាន់កៃដូ ដែលក្នុងឋានៈជា ប្រធានរដ្ឋសភា មកពីបក្សប្រឆាំង បានធ្វើការព្រមានថា លោកនឹងនៅតែបំពេញ មុខងាររបស់លោកជាប្រធានរដ្ឋសភាហើយលោកមានគំរោង នឹងកោះប្រជុំសភាឆាប់ៗនេះ ដើម្បីឆ្លើយតបនឹង របបលោកម៉ាឌូរ៉ូដែលបានធ្វើទៅលើសមាជិកសភារបស់លោក។

លោក ហ៊ាន់កៃដូ ដែលអាមេរិក នៅពីក្រោយបានព្រមានទៀតថា លោកនឹងដឹកនាំបាតុកម្មជាថ្មីទៀត ដើម្បីប្រឆាំងរបបលោក ម៉ាឌូរ៉ូ ហើយថា លោកនឹងបន្តអំពាវនាវអោយកងទ័ពនៅជាមួយប្រជាជនដើម្បីទំលាក់លោកម៉ាឌូរ៉ូពីអំណាចអោយខានតែបាន។
កាលពីថ្ងៃច័ន្ធ លោកប្រធានធីបតីនីកូឡាស់ម៉ាឌូរ៉ូ ត្រូវបានរាយការណ៍មកថា លោកបានព្រមានថានឹងរំលាយសភា ហើយ បោះឆ្នោតសភាឡើងវិញ។

លោកថា នៅពេលនេះសមាជិកសភាកាន់តែតិចទៅៗ ហើយ មិនអាច កោះប្រជុំបានទៀតផង។ នៅវេណេហ្សូអេឡា មានសមាជិកសភា ពីរក្រុមធំៗ គឺមួយក្រុម មកពីបក្សប្រឆាំង ដែលគេហៅថាសភាសំឡេងភាគច្រើន និងមួយក្រុមទៀត មកពីបក្សសង្គមនិយម របស់លោក              ម៉ាឌូរ៉ូ។

ករណីក្រុមសភាលោក ម៉ាឌូរ៉ូ ធ្វើពហិកា គឺរដ្ឋសភាមិនអាចប្រជុំបានឡើយព្រោះខ្វះ សំឡេងភាគតិចចូលរួម ប៉ុន្តែ លោកជួនកៃដូ ដែលជាប្រធានរដ្ឋសភា គឺយ៉ាងហោចណាស់ បានកោះប្រជុំដោយសមាជិកសភា របស់លោកហើយតែងតែចេញសេចក្ដីដើម្បីប្រឆាំងរបបលោកម៉ាឌូរ៉ូ។

មកដល់ពេលនេះ នយោបាយនៅវេណេហ្សូអេឡាកាន់តែគ្រោះថ្នាក់ដោយសារ សភាប្រជុំមិនបាន ហើយ លោកម៉ាឌូរ៉ូខ្លួនលោកផ្ទាល់គឺជាប្រធានាធិបតីខុសច្បាប់ ដោយសារសហគន៍អន្តរជាតិ មានដូចជា អាមេរិកសហភាពអឺរ៉ុប កាណាដា ជប៉ុនជាដើម មិនបានទទួលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២០ឧសភាឆ្នាំ២០១៨នោះទេ ដោយសារការបោះឆ្នោត ពុំមានបេក្ខជនមកពីបក្សប្រឆាំងចូលរួមព្រោះតែលោកម៉ាឌូចាប់ពួកគេដាក់គុកនិងខ្លះទៀតបានរត់ភៀសខ្លួន។

មានការព្រមានថារបបនេះ អាចនឹងរំលំនៅចុងឆ្នាំ២០១៩នេះ ក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិដែលអាមេរិកដឹកនាំការចាត់វិធានការនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស