41.3 C
Phnom Penh

មេដឹកនាំវេណេហ្សូអេឡា លោក ម៉ាឌូរ៉ូ ចាប់ផ្ដើមលេងហ្គេមថ្មីមួយទៀតតាមរូបមន្តចាស់ដែលធ្លាប់លេងជាមួយអាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្លាមៗបន្ទាប់ពីវាយបង្រ្កាបក្រុមប្រឆាំងបានដោយជោគជ័យអំឡុងនៃសកម្មភាពរដ្ឋប្រហារកាលពីថ្ងៃទី៣០ មេសា  លោក ប្រធានាធិបតី នីកីឡាស់ ម៉ាឌូរ៉ូ បានបង្ហាញមោទនភាពជាថ្មីម្ដងទៀត ក្នុងការបន្តកាន់អំណាច ជាមួយនឹងការគាបសង្កត់ក្រុមប្រឆាំង។ គិតមកដល់ពេលនេះ សមាជិកសភាក្រុមប្រឆាំង ដឹកនាំដោយ លោក ហ៊ាន កៃដូ ចំនួន ២៥នាក់ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ។

សមាជិកទាំង២៥នាក់នោះ បានចាប់ខ្លួនដោយសារបានចូលរួមធ្វើបាតុកម្មកាលពីថ្ងៃ៣០មេសា ដែលបាតុកម្មពេលនោះ ដឹកនាំដោយ លោក ហ៊ាន់ កៃដូ។

ក្រោយពីមានការចាប់ខ្លួនសមាជិកសភាបក្សប្រឆាំងបានដោយជោគជ័យ បុរសខ្លាំងលោក ម៉ាឌូរ៉ូ បានសាកល្បងជាថ្មីទៀត ក្នុងល្បែងចាស់របស់លោក គឺរំលាយរដ្ឋសភាដើម្បីឲ្យមានការបោះឆ្នោតសភាឡើងវិញ ដែលគាត់ធ្លាប់ធ្វើបានជោគជ័យម្ដងកាលពីឆ្នាំ២០១៥ ទោះជាបក្សប្រឆាំងពេលនោះ ឈ្នះឆ្នោតបានអាសនៈច្រើនជាងបក្សសង្គមនិយមរបស់លោកក៏ដោយ។

ល្បែងថ្មីនេះ គេឃើញថាមានការចាប់ផ្ដើមលេងមែន ហើយម្ដងនេះ លោកម៉ាឌូរ៉ូ បានណែនាំអោយសភាធម្មនុញ្ញរបស់លោក គូសវាសផ្លូវដើម្បី រំលាយសភា ហើយធ្វើការបោះឆ្នោតសភាឡើងវិញ ដែលលោកថា ទោះជាក្រុមប្រឆាំងរបស់លោក ហ៊ាន់កៃដូ មិនចូលរួមបោះឆ្នោតក៏ដោយ។

ដូចចិត្តមែន សភាធម្មនុញ្ញរបស់ប្រទេសនេះ កាលពីថ្ងៃទី១៣សីហា បានដកហូតអភ័យឯកសិទ្ធសភារបស់ ក្រុមប្រឆាំង ៤រូបទៀត  ដែលនាំអោយសំឡេងរបស់ក្រុមប្រឆាំងចុះខ្សោយក្នុងសភា ហើយមិនអាចកោះប្រជុំបាន ដោយសារខ្វះកូរ៉ុមប្រជុំ ខណៈសមាជិកសភារបស់បក្សកាន់អំណាច ធ្វើពហិការប្រជុំ។ ស្របពេលនេះបុរសខ្លាំងលោកម៉ាឌូរ៉ូកាន់តែមានមោទនភាពទៀតនោះ គឺកងទ័ពមួយភាគធំនៅតែបន្តគាំទ្ររបបរបស់លោក។

នៅក្នុងវេទិកាមួយជាមួយកងទ័ព លោក ម៉ាឌូរ៉ូបានប្រាប់អោយ កងទ័ព និងប្រជាជនបន្ដរស់នៅជាមួយលោក ដើម្បីការពារប្រទេសជាតិពីការឈ្លានពានណាមួយពី សំណាក់សហរដ្ឋអាមេរិក និង ក្រុមគណបក្សប្រឆាំង ដែលលោកចាត់ទុកក្រុមនេះថាជាជនក្បត់ជាតិ។

អ្វីដែលមោទនភាពទៀតនោះ គឺលោកម៉ាឌូរ៉ូបានទទួលជំនួយមនុស្សធម៌ជាលើកទី៣ របស់ប្រទេសចិន ដែលជាស្បៀងអាហារថ្នាំពេទ្យ ប្រមាណជា៦០តោនបន្ថែមទៀត។

លោកគិតថា ចិនទំនងនៅតែគាំទ្ររបបរបស់ លោក។ ដោយមើលទៅ ឃើញដូចនេះ លោកម៉ាឌូរ៉ូ បានប្រាប់ប្រជាជនថា គ្មានពេលវេលា  ណាមួយ អាចទាញទម្លាក់លោកពីអំណាចបានឡើយ។

ប៉ុន្ដែមិនបានប៉ុន្មានម៉ោងផង លោកម៉ាឌូរ៉ូ បានបោះបាល់មួយគ្រាប់ភ្លាមទៅក្រុមប្រឆាំង នឹងសហរដ្ឋអាមេរិក អោយពិនិត្យមើលបាល់នោះហើយត្រូវត្រៀមទាត់ត្រឡប់មកវិញ។ តើពួកគេយល់ដូចម្ដេចដែរ ប្រសិនបើសភាត្រូវបានរំលាយ ក្រោមហេតុផលមិនអាចប្រជុំបានព្រោះ ខ្វះសមាជិកចូលរួម។

បើដូច្នេះមែន គឺមានន័យថា សភាចាស់ ដែលគណបក្សប្រឆាំងកំពុងគ្រប់គ្រង កំពុងប្រឈមនឹងការ រំលាយឆាប់នេះហើយ។ បើ រំលាយបានគឺត្រូវធ្វើការបោះឆ្នោតសភាមុនអាណត្តិដែលការពិតការបោះឆ្នោតជាផ្លូវការត្រូវប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២០ ឯណោះទេ ។

នេះអាចជាហ្គេមដែលលោកម៉ាឌូរ៉ូចាត់ទុកថាហ្គេមថ្មីរបស់ខ្លួន ប៉ុន្តែការពិត វាជាហ្គេមចាស់ ដដែលគឺមុនឆ្នាំ២០១៥ លោកម៉ាឌូរ៉ូរំលាយសភាក្រុមប្រឆាំង ហើយក៏បោះឆ្នោតឡើងវិញ។ តែទីបំផុត ហ្គេមនេះធ្វើអោយលោក Maduro ស្ងប់ស្ងាត់ និងបានផលប្រយោជន៍ មួយរយៈដែរ ពីសហគមន៍អន្ដរជាតិព្រោះមានសភាថ្មី ចេញពីការបោះឆ្នោតរបស់ប្រជាជន។

ដោយលំបាកធ្វើការជាមួយសភាក្រុមប្រឆាំង  លោក Maduro យកលេសមួយទៀត គឺរុញអោយមានការបោះឆ្នោតសភាធម្មនុញ្ញមួយទៀត ។ សភាធម្មនុញ្ញសព្វថ្ងៃនេះ  ជាកូនអុកសុទ្ធសាធរបស់លោក គឺអោយតែលោកបញ្ជាគឺចេះតែធ្វើ ទោះជារំលោភច្បាប់ក៏ដោយ។

មើលទៅមានសភាធម្មនុញ្ញថ្មីហើយ លោក Maduro  ក៏សម្រេចឲ្យមានការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២០ ឧសភាឆ្នាំ ២០១៨ ដោយគ្មានបេក្ខជនគណបក្សប្រឆាំងចូលរួម ដែលសហគមន៍អន្តរជាតិចាត់ទុកការបោះឆ្នោតពេលនោះ ជាការលើកលោកឡើងកាន់តំណែងប្រធានាធិបតី ជាដដែល។

ជាថ្មីម្ដងទៀតនេះ លោកម៉ាឌូរ៉ូកំពុងបន្ដលេងហ្គេមចាស់នេះដដែល ជាមួយសហរដ្ឋអាមេរិក។ តើហ្គេម មួយនេះអាចបញ្ជៀសគ្រោះអាសន្នរបស់លោកម៉ាឌូរ៉ូបានដែរឬទេ?

មើលទៅស្ថានការណ៍មិនអាចវិលថយក្រោយវិញបានឡើយ សម្រាប់សហរដ្ឋអាមេរិក និងគណបក្សប្រឆាំង គឺដឹងច្បាស់ណាស់អំពីរបៀបលេងហ្គេមថ្មីនេះ។

 ទាំងអាមេរិក និងក្រុមគណបក្សប្រឆាំងដឹកនាំដោយលោក ហ៊ាន់ កៃដូ ប្រកាសហើយថា ហ្គេមចង់រំលាយសភា ហើយបោះឆ្នោតឡើងវិញ គឺរបបលោក Maduro រឹតតែគ្រោះថ្នាក់ថែមទៀត។ លោក ហ៊ាន់កៃដូព្រមានថា ទោះជាសមាជិកសភារបស់កាន់តែច្រើន ត្រូវបានចាប់ខ្លួន គឺរូបលោកមិនអាចចុះចាញ់លោក Maduro ឡើយ ។

លោកថា រឹតតែធ្វើអោយ លោកនិងប្រជាជនវេណេហ្សូអេឡា កានតែស្អប់ខ្ពើមនឹងបុរសខ្លាំងរូបនេះ នឹងធ្វើអោយលោក ស្វែងរកមធ្យោបាយអហិង្សាទាញទំលាក់លោកម៉ាឌូរ៉ូពីអំណាចខាតតែបាន។

ដូចគ្នានេះដែរ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប បានថ្កោលទោស ជាខ្លាំងការចាប់ខ្លួនសមាជិកសភាក្រុម ប្រឆាំង ហើយ យកលេសរំលាយសភា។ ទាំងសរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថាមានតែការបោះឆ្នោតប្រធានាធិបតីឡើងវិញទេ ទើប ពួកគេអាចទទួលយកបាន។ សម្រាប់អាមេរិក គឺការបោះឆ្នោត គឺត្រូវតែគ្មានលោក Maduro ជាបេក្ខជន ប្រធានាធិបតី ។ ជារួមទៅល្បែងថ្មីនេះលេង តាមរូបមន្តចាស់ដដែល គឺលោកម៉ាឌូរ៉ូកាន់តែគ្រោះថ្មាក់ធ្ងន់ធ្ងរថែមទៀត ហើយនឹងដើរដល់រណ្ដៅ កប់អំណាចខ្លួនឯងតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស