30.7 C
Phnom Penh

សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលពិនិត្យអាជីវកម្មបញ្ចូលហ្គាស និងប្រេងឥន្ធនៈនៅកម្ពុជាឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអង្គការសង្គមស៊ីវិល នៅមានការព្រួយបារម្ភចំពោះស្ថានភាពទីតាំង និងបច្ចេកនៃអាជីវកម្មបញ្ចូលហ្គាស និងប្រេងឥន្ធនៈនៅកម្ពុជា ដោយថាទីតាំងខ្លះមិនមានបច្ចេកទេសតាមស្តង់ដារត្រឹមត្រូវ ហើយមានភាពធូរលុងផ្នែកច្បាប់ឬខុសច្បាប់ ដែលអាចបង្កជាហានិភ័យផ្សេងៗកើតឡើង។

ការលើកឡើងនេះ ក្រោយពេលមានហេតុការណ៍ផ្ទុះហ្គាសនៅហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង នៅម្តុំផ្លូវលោកតាណឺយ ទល់មុខពេទ្យនាគទេព សង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃម្សិលមិញ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១២នាក់រងរបួសធ្ងន់និងស្រាល ហើយក៏មានទាំងមន្ត្រីនគរបាលថែមទៀតផង។

ក្រោយហេតុការណ៍នេះ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃនេះ បានចេញមុខបកស្រាយថា ហាងបញ្ចូលហ្គាសរថយន្តនៅក្រុងសៀមរាប ដែលមានបញ្ហានោះ គឺ មិនមានច្បាប់អនុញ្ញាតពីក្រសួង និងអាជ្ញាធរមូលដ្ឋាននោះឡើយ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថាភាពធូរលុងផ្នែកច្បាប់ ដែលធ្វើឱ្យទីតាំងបញ្ចូលហ្គាសរថយន្ត និងប្រេងឥន្ធនៈ អាចដំណើរការដោយគ្មានច្បាប់នោះ គឺអាចពាក់ព័ន្ធនឹងអំពើពុករលួយកម្រិតធ្ងន់ធ្ងរនៅថ្នាក់មូលដ្ឋានតែម្តង។

មន្ត្រីសង្គមស៊ីវិលរូបនេះ ថាទីតាំងបញ្ចូលហ្គាសក្តី ឬ បញ្ចូលប្រេងឥន្ធនៈក្តី មិនគួរឱ្យដំណើរការនៅទីប្រជុំជន ឬ នៅជាប់ផ្លូវធ្វើដំណើររបស់ពលរដ្ឋនោះទេ។

លើសពីនេះលោក ស្នើឱ្យមានការត្រួតពិនិត្យទីតាំងអាជីវកម្មទាំងនេះឡើងវិញ ទាំងផ្នែកបច្ចេកទេស និងច្បាប់ ឱ្យបានត្រឹមត្រូវ ដោយជៀសវាងបង្កឱ្យមានហេតុការណ៍អាក្រក់នេះកើតឡើងបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស