34 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យមានការបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនជួញដូរមនុស្ស ព្រៃឈើ គ្រឿងញៀន និងលាងលុយកខ្វក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃម្សិលមិញ បានបញ្ជាឲ្យមានការបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងការរកស៊ីឈើខុសច្បាប់ជាដើម។

ថ្លែងក្នុងវេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធ  លោក ស ខេង មានប្រសាសន៍ថា ក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងការរកស៊ីឈើខុសច្បាប់ គឺជាក្រុមអ្នកដែលមានទ្រព្យសម្បតិ្តច្រើន ព្រោះអ្នកក្រមិនអាចរករបរទាំងនេះបានទេ។

លោកបញ្ជាក់ថា ដើម្បីឱ្យការបង្ក្រាបឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសទាំងនោះ មានប្រសិទ្ធភាព វិធានការមួយបន្ថែមទៀតលើការដាក់ទោសទណ្ឌ លោកក៏បានបញ្ជានិងស្នើសុំ ឱ្យមន្ត្រីរបស់ត្រូវឬតុលាការ ត្រូវធ្វើការបង្កកទ្រព្យសម្បត្តិរបស់ជនល្មើសទាំងនោះតែម្តង។

លោកអះអាងថា ការបង្កកនោះ គឺដើម្បីស៊ើបអង្កេតឱ្យបានច្បាស់ថាតើទ្រព្យសម្បត្តិរបស់ពួកគេបានមកដោយរបរសុច្ចរិតឬ របរខុសច្បាប់ ដោយលោកថាប្រសិនបើទ្រព្យសម្បត្តិរបស់ពួកគេបានមកដោយអំពើខុសច្បាប់ វិធានការបន្តត្រូវរឹបអូសទ្រព្យសម្បត្តិទាំងនោះថែមទៀត។

ក្រសួងការបរទេសអាមេរិកនៅឆ្នាំនេះ បានទម្លាក់ចំណាត់ថ្នាក់នៃប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជាកាន់តែអាក្រក់បន្ថែមទៀត ដោយបញ្ចូលក្នុងបញ្ជីស្ថិតក្រោមការឃ្លាំមើលរបស់ពួកគេ ក្រោយពេលរកឃើញថារដ្ឋាភិបាលនៅតែបរាជ័យក្នុងការទប់ស្កាត់បញ្ហានេះ។

យ៉ាងនេះក្តីលោក ស ខេង លើកឡើងថា កម្ពុជានឹងបង្កើនការខិតខំរបស់ខ្លួនបន្ថែមទៀត លើការអប់រំនិងការផ្សព្វផ្សាយពីល្បិចកលនៃការជួញដូរមនុស្សទៅកាន់ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសបន្ថែមទៀត និងការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ដើម្បីលុបបំបាត់ចោលរាល់ទម្រង់នៃការជួញដូរមនុស្សឱ្យបាន។

ទោះបីជាយ៉ាងនេះក្តី របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបញ្ជាក់ថា ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១៩នេះ អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបសកម្មភាពជួញដូរមនុស្សបាន ចំនួន៧៨ករណី គឺកើនឡើង ១៦ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ចំណែកបទល្មើសគ្រឿងព្រៃឈើ និងការលាងលុយកខ្វក់វិញរដ្ឋាភិបាល ធ្លាប់បញ្ជាឱ្យមានវិធានការច្បាប់ដោយគ្មានការរុញរាល ដើម្បីធានាដល់ធនធានធម្មជាតិ និងសុខសន្តិភាពរបស់ពលរដ្ឋទាំងមូល។

យ៉ាងនេះក្តី ឧក្រិដ្ឋជនមួយចំនួន ដែលរដ្ឋាភិបាលបង្ក្រាបបាន គេនៅមិនទាន់ឃើញវិធានការបង្កកឬ រឹបអូសទ្រព្យសម្បត្តិរបស់ពួកគេចូលជាសម្បត្តិរដ្ឋនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស