32 C
Phnom Penh

ពលករខ្មែរធ្វើការនៅក្រៅប្រទេស ជាង៧០នាក់ បានបាត់បង់ជីវិតក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំនេះ មានពលករខ្មែរដែលធ្វើការងារនៅក្រៅប្រទេស មានចំនួនជាង៧០នាក់ បានស្លាប់ និងបញ្ជូនសពមកកម្ពុជា ដើម្បីឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

របាយការណ៍ស្តីពីការប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើប លើកទី៣ នៃក្រសួងមហាផ្ទៃ ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ បង្ហាញថា មានពលករខ្មែរជាង២ម៉ឺននាក់ ដែលបានបញ្ជូន ត្រឡប់មកខ្មែរវិញ ដោយសារតែពួកគេជួបនឹងបញ្ហាផ្សេងៗក្នុងអំឡុងពេលបំពេញការងារនៅក្រៅប្រទេស ដោយមានការជួយអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។

របាយការណ៍ដដែល បញ្ជាក់ថាមានពលករកម្ពុជាជាង២ម៉ឺននាក់ (២១៧៤៦) ដោយក្នុងនោះ ស្រីមានចំនួនជិត១ម៉ឺននាក់(៩.៤២៥) បានវិលត្រឡប់មកស្រុកខ្មែរវិញ។ ចំនួនពលករខ្មែរត្រូវបានបញ្ជូនមកមាតុភូមិវិញនេះ គឺស្ទើរតែទាំងអស់(២១ ៦៥៨នាក់)នៃពលករទាំងនោះគឺត្រូវបានគេបញ្ជូនមកពីប្រទេសថៃ។

របាយការណ៍ក្រសួងមហាផ្ទៃនេះ អះអាងថាក្នុងមួយឆមាសដើមឆ្នាំនេះ មានពលករកម្ពុជាដែលជួបគ្រោះថ្នាក់ការងារនិងគ្រោះថ្នាក់ផ្សេងៗ បង់បាត់ជីវិត ចំនួន៧១នាក់ ក្នុងនោះស្រី១២នាក់ និងកុមារម្នាក់ ត្រូវបានបញ្ជូនមកមាតុភូមិវិញ ប៉ុន្តែក្រសួងមិនបានបង្ហាញពីមូលហេតុនៃការស្លាប់ពិតប្រាកដនោះទេ។ តួលេខអ្នកស្លាប់នេះ គឺ មិនគិតពីចំនួនសាកសពដែលត្រូវបានបូជា ឬមិនបានរាយការណ៍នៅប្រទេសគោលដៅមួយចំនួននោះទេ។

កាលពីឆមាសទីមួយ ឆ្នាំ២០១៨ អាជ្ញាធរបរទេសបានបញ្ជូនពលករខ្មែរខុសច្បាប់ជិត២ម៉ឺននាក់ពីប្រទេសចំនួន១៨។ ក្នុងនោះអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរខុសច្បាប់សរុបជិត២ម៉ឺននាក់(១៩ ៣៧៩)។

របាយការណ៍របស់ក្រសួងការងារកាលពីដើមឆ្នាំនេះ ឱ្យដឹងថា កម្ពុជាមានពលករចំណាកស្រុកជាង ១លាន ២សែននាក់ ដែលទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហុងកុង ជាដើម។

ក្នុងចំណោមពលករទៅធ្វើការងារនៅក្រៅប្រទេសទាំងនោះ គឺ ប្រទេសថៃមានពលរដ្ឋខ្មែរច្រើនជាងគេ ដោយមានចំនួនជាង១លាននាក់ កំពុងរស់នៅ និងធ្វើការងារនៅប្រទេសនេះទាំងខុសច្បាប់ និងស្របច្បាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស