គណបក្សសង្រ្គោះជាតិ បានប្រកាសម្រេចជ្រើសរើសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាពេលដែល លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់លោកមួយចំនួន ត្រូវវិលត្រឡប់ទៅកម្ពុជាវិញ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះ បញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន បានសម្រេចយក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី ដែលចំពេលថ្ងៃនៃពិធីបុណ្យឯករាជ្យជាតិរបស់កម្ពុជាតែម្តង។ ការប្រកាសពីពេលវេលាជាក់លាក់ជុំវិញការវិលត្រឡប់ចូលស្រុកវិញរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះ ស្របពេលដែល លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់ខ្លួនមួយចំនួនកំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីជួបជាមួយអ្នកគាំទ្ររបស់ខ្លួន។
យ៉ាងនេះក្តី ការប្រកាសជំហនេះ ហាក់ផ្ទុយគ្នាស្រឡះទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ។
កាលពីសប្តាហ៍មុន អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានថ្លែងក្នុងវីដេអូខ្លីប របស់ខ្លួនថាលោក មិនបានបញ្ជាក់ពីពេលវេលាឱ្យបានពិតប្រាកដចំពោះពេលវេលា ដែលលោកត្រូវចូលប្រទេសវិញនោះឡើយ។
លោកថា មូលហេតុដែលមិនអាចកំណត់ពេលជាក់លាក់បានដើម្បីចូលស្រុកវិញនោះ ដោយសាវាជាសង្រ្គាមចិត្តសាស្ត្រមិនអាចឱ្យដៃគូរបដិបក្ខរបស់ខ្លួនដឹងជាមុនទេ។ លើសពីនេះលោកថាសង្រ្គាមចិត្តសាស្ត្រនោះ គឺដើម្បីធ្វើឱ្យក្រុមបក្ខពួកលោក ហ៊ុន សែន ចលាចលហើយក៏អាចធ្វើឱ្យលោកហ៊ុន សែន ឆ្គួតផងដែរ។
ដោយឡែកក្រុមលោកហ៊ុន សែន បានព្រមានរួចហើយថា រដ្ឋាភិបាលស្វាមគន៍ចំពោះវត្តមានរបស់លោក សម រង្ស៊ី ជានិច្ច តែជាការស្វាគមន៍ដោយខ្នោះ និងគុកព្រៃស ប៉ុណ្ណោះ។
តាំងពីលោក សម រង្ស៊ី និរទេសខ្លួនទៅរស់នៅក្រៅប្រទេសកាលពីចុងឆ្នាំ២០១៥មក លោកតែងតែប្រកាសអំពីគម្រោងចូលស្រុកវិញច្រើនរាប់មិនអស់ ប៉ុន្តែការប្រកាសទាំងនោះត្រូវបានលោកប្រែក្រឡាស់ជាបន្តបន្ទាប់ ក្រោមហេតុផលនេះ ហេតុផលនោះមិនចេះចប់។
កន្លងមកនយោបាយរបស់លោក សម រង្ស៊ី នៅពេលមានបញ្ហាតែងភៀសខ្លួនទៅរស់នៅក្រៅប្រទេសជានិច្ច ដែលធ្វើឱ្យគេមើលឃើញថា លោក សម រង្ស៊ី ធ្វើនយោបាយចិត្តមិនសឿង ដូចលោក កឹម សុខា នោះឡើយ៕