កម្ពុជាបានសម្រេចទាល់ចោល ការស្នើសុំផ្តល់សញ្ញាតិដល់ជនជាតិ វៀតណាម ដែលរស់នៅកម្ពុជា តាមការស្នើសុំរបស់មេដឹកនាំរបស់ប្រទេសកុម្មុយនីស្តមួយនេះ។
រដ្ឋាភិបាលតាមរយៈតំណាងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋសភាជាតិ និងជាសមាជិកសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ក្នុងសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលធ្វើឡើងនៅប្រទេសវៀតណាមកាលពីថ្មីៗនោះ ថ្នាក់ដឹកនាំវៀតណាមបានស្នើជាថ្មីទៀត ឱ្យកម្ពុជាត្រូវផ្តល់សញ្ជាតិស្របច្បាប់ដល់ជនជាតិវៀតណាមដែលរស់នៅ និងរកស៊ីក្នុងទឹកដីខ្មែរ។
លោក ឈាង វុន ថាសំណើរនេះ តំណាងរដ្ឋាភិបាលកម្ពុជាបានបដិសេធ ដោយថា កម្ពុជាមិនអាចផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមផ្ទុយពីច្បាប់សញ្ជាតិ និងអន្តោប្រវេសន៍បានទេ។ លើសពីនេះ រដ្ឋាភិបាលក៏មិនអាចផ្តល់សញ្ជាតិឱ្យជនជាតិណាម្នាក់ដោយស្វ័យប្រវត្តិបានដែរ ហើយរិតតែមិនអាចផ្តល់សញ្ញាតិជូនពលរដ្ឋវៀតណាមដែលរស់នៅដោយខុសច្បាប់នៅកម្ពុជាបានឡើយ។
ជារឿយៗ ថ្នាក់ដឹកនាំវៀតណាម តែងជំរុញឱ្យថ្នាក់ដឹកនាំកម្ពុជាគិតគូរពីពលរដ្ឋខ្លួនរស់នៅលើដីខ្មែរ ហើយថែមទាំងទាមទារឱ្យរដ្ឋាភិបាលខ្មែរផ្តល់សញ្ជាតិឱ្យពួកគេថែមទៀត។ ស្របពេលដែលរដ្ឋាភិបាលខ្មែរកម្រនឹងលើកឡើងអំពីការគិតគូរដល់ពលរដ្ឋខ្មែរ ពិសេសពលរដ្ឋខ្មែរក្រោម ទៅរដ្ឋាភិបាលវៀតណាមណាស់។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថាដល់ពេលដែលត្រូវកម្ពុជាបដិសេធចំពោះការស្នើបែបនេះហើយ ព្រោះវៀតណាមក៏មានលទ្ធភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមពលរដ្ឋរបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកលើកម្ពុជាបន្តទៀតដែរ។ បន្ថែមពីនេះ ក៏ដល់ពេលដែលថ្នាក់ដឹកនាំវៀតណាម គិតគូរយកពលរដ្ឋរបស់ខ្លួន ដែលរស់នៅដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា ទៅចិញ្ចឹមបីបាច់ថែរក្សានៅប្រទេសកំណើតរបស់ខ្លួន។ របាយការណ៍អន្តោប្រវេសន៍ចេញកាលពីថ្ងៃខែមុន ឱ្យដឹងថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលមិនប្រក្រតីពីជនបរទេសជាង ៣ ម៉ឺន ៧ពាន់ ច្បាប់ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ។
ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្លាប់ លោក គៀត ច័ន្ទថារិទ្ធិ អះអាងថា កម្ពុជាបានសម្រេចផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសចំនួនជិត១០ម៉ឺននាក់(៨៨ ១១២) ដែលស្ទើរតែទាំងអស់អាជ្ញាធរបានផ្ដល់ឱ្យជនជាតិវៀតណាម៕